(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានស្នើឱ្យប្រជាពលរដ្ឋត្រូវជឿជាក់ និងទុកចិត្ដលើក្រសួងសុខាភិបាល បើសិនជាមានករណីសង្ស័យ ឬឃើញអ្នកឆ្លងវីរុស Covid-19 ក្រសួងសនឹងប្រកាសភ្លាមៗ ដោយមិនការលាក់បាំងនូវព័ត៌មាននោះទេ ដើម្បីឱ្យប្រជាពលរដ្ឋ កាន់តែប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត។
ការថ្លែងបែបនេះ របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋបន្ថែមទៀត នៅតាមចំណតរថយន្ដក្រុង និងបិទផ្ទាំងផ្សព្វផ្សាយពីវិធានការការពារជំងឺរលាកសួតប្រភេទកូរ៉ូណាវីរុស (កូវីដ-១៩) នៅមន្ទីរពេទ្យព្រះអង្គឌួង, ចំណតរថយន្ដ និងលើរថយន្ដក្រុងផងដែរ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «ទោះមកទល់នឹងពេលនេះ គ្មានពលរដ្ឋយើងណាម្នាក់កើតជំងឺផ្លូវដង្ហើមប្រភេទកូរ៉ូណាវីរុស (កូវីដ-១៩) ក៏ដោយ បន្ទាប់ពីយើងបានរកឃើញមានមួយករណី នៅខេត្តព្រះសីហនុលើជនជាតិចិន កាលពីខែមករាកន្លងទៅនេះ ហើយអ្នកជំងឺនោះបានជា និងត្រលប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២០មកនេះ តែជំងឺនេះ ក៏នៅតែរីករាលដាលកាន់តែខ្លាំង នៅតាមបណ្ដាប្រទេសនៅលើសកលលោក ដូច្នេះយើង នៅតាមបន្ដចាត់វិធានការការពារ ដោយមិនបន្ថយដៃនោះឡើយ ដើម្បីសុវត្ថិភាពដល់ប្រជាពលរដ្ឋយើង»។
រដ្ឋមន្ដ្រីសុខាភិបាល បានថ្លែងបន្ដថា «សូមប្រជាពលរដ្ឋ ទុកចិត្ដលើក្រសួងសុខាភិបាល យើងនឹងបន្ដខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព និងរួមគ្នាជាមួយអង្គការដៃគូជាតិ-អន្ដរជាតិ ដើម្បីផ្ដល់ភាពសុក្រិតក្នុងការពិនិត្យសុខភាព និងត្រៀមលក្ខណៈជាស្រេច បើមានករណីជាយថាហេតុណាមួយកើតឡើង។ ជាពិសេស បើយើងទទួលបានព័ត៌មានថា មានករណីសង្ស័យណាមួយកើតឡើងភ្លាម យើងមិនលាក់ទេនឹងប្រកាសព័ត៌មានពិតជូនដល់ពលរដ្ឋយើងភ្លាមៗ ដើម្បីដឹង និងបន្ថែមការប្រុងប្រយ័ត្ន»។
លោករដ្ឋមន្ត្រីបន្ថែមថា ទោះមកទល់នឹងពេលនេះ ឃើញថាពលរដ្ឋយើង នៅតាមបន្ដភិតភ័យខ្លាំងទៅលើព័ត៌ប្រឌិត បំភ្លៃការពិត ក្លែងក្លាយ ដែលជាចេតនា ធ្វើឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិយើងចលាចល តែទោះជាយ៉ាងណាក្ដី ក៏យើងនៅតែបន្ដធ្វើ និងផ្ដល់ព័ត៌មានពិត ជូនប្រជាពលរដ្ឋ ពោល «ឆ្កែចេះតែព្រូស រទេះសេះនៅតែបរទៅមុខ»។
ដូច្នេះដើម្បីសុខទុក្ខរបស់ប្រជាពលរដ្ឋយើង ក្រសួងនឹងបន្ដស្វះស្វែង ហើយបើរកឃើញអ្នកឆ្លងវីរុស យើងនឹងព្យាបាលពលរដ្ឋយើងឱ្យអស់ពីលទ្ធភាព
ព្រោះការប្រកបវិជ្ជាជីវៈគ្រូពេទ្យនេះ គឺបង្ការ ការពារ ថែទាំព្យាបាល និងស្ដារនិតិសម្បទារ ជូនពលរដ្ឋគ្រប់រូបប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ដោយធានាបានថា មិនទុកចោលពលរដ្ឋយើងណាម្នាក់ ដោយមិនបានផ្ដល់សេវាព្យាបាលនោះទេ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ដើម្បីកុំឱ្យវីរុសប្រភេទថ្មី កើតមានលើប្រជាពលរដ្ឋកម្ពុជាយើង គឺយើងទាំងអស់ ទាំងមន្ដ្រី អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ត្រូវសាមគ្គីគ្នា ជួយផ្សព្វផ្សាយសារអប់រំសុខភាព ពីវិធានការពារដែលក្រសួងបានដាក់ចេញ ទាំងការថែរក្សាអនាម័យ និងកុំចេញទៅប្រទេសណា ដែលកំពុងតែមានការផ្ទុះនូវវីរុសនេះ»។
លើសពីនោះ ត្រូវអនុវត្ដនូវវិធានការដូចជា៖
១៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ឬអ្នកជំងឺដែលសង្ស័យ។
២៖ លាងដៃឲ្យបានញឹកញាប់ (ជាមួយសាប៊ូ និងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬបរិស្ថានជុំវិញគាត់។
៣៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។ ចាំបាច់ ត្រូវលាងដៃឲ្យបានទៀងទាត់មុនពេល និងបន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។
៤៖ ប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារល្អ ដូចជា ពិសារអាហារដែលចំអិនឆ្អិនល្អ ជាពិសេស សាច់ និងស៊ុត។
៥៖ អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាសជូតមាត់។
៦៖ ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់, លាងដៃបន្ទាប់ពីមានប៉ះជាមួយទឹករំអិលពីផ្លូវដកដង្ហើម និងរក្សាចម្ងាយច្រើនជាង១ម៉ែត្រពីបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ ជាដើម)។
៧៖ បុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺត្រូវប្រកាន់ខ្ជាប់នូវវិធានការណ៍បង្ការការចម្លងរោគ ក្នុងគ្រឹះស្ថានសុខាភិបាលឲ្យបានហ្មត់ចត់និងត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាល ដើម្បីចៀសវាងការឆ្លងជំងឺនេះមកបុគ្គលខ្លួនឯង។
៨៖ ប្រសិនបើមានសង្ស័យថា ឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ដោយមានរោគសញ្ញាដូចជា គ្រុនក្តៅលើសពី ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារ
ជំងឺផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណ (ប្រភេទមេរោគ) ច្បាស់លាស់ ត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍១១៥៕