(ភ្នំពេញ)៖ ជាថ្មីម្តងទៀត នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយពាក់ព័ន្ធជំងឺ Covid-19 ដែលបង្កើតឡើងដោយជនខិលខូចមួយចំនួន ក្នុងចេតនាបំពុលសង្គមជាតិ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋជឿជាក់លើកក្រសួងសុខាភិបាល ហើយប្រសិនមានករណីចាំបាច់ណាមួយ ពាក់ព័ន្ធនឹងជំងឺ Covid-19 នេះ ក្រសួងនឹងប្រកាសព័ត៌មានជាសាធារណៈជូនដល់បងប្អូនជនរួមជាតិជាក់ជាពុំខាន។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមរួមគ្នាទប់ស្គាត់កុំឲ្យមានជំងឺ Covid-19 ឆ្លងកើតមានចំពោះកម្ពុជា ដោយត្រូវធ្វើអនាម័យឲ្យបានល្អ ដើម្បីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ខ្ញុំពិតជារីករាយប្រកបដោយជំនឿទុកចិត្ត ចំពោះបងប្អូនប្រជាពលរដ្ឋយើង ដែលមានការយល់ដឹងកាន់តែខ្ពស់ អំពីការថែរក្សា និងសំអាតអនាម័យ ដើម្បីសុខភាពផ្ទាល់ខ្លួន និងសម្រាប់ក្រុមគ្រួសារ។ ទម្លាប់មានអនាម័យល្អ គឺនឹងធ្វើឲ្យសុខភាពកាន់តែល្អរឹងមាំ។
ដូចបងប្អូនជនរួមជាតិ បានដឹងទាំងអស់គ្នាហើយថា ទិសដៅចម្បងកម្ពុជាពេលនេះ គឺចូលរួមជាមួយសហគមន៍អន្តរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា)។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់កុំឲ្យជំងឺនេះឆ្លងកើតមាននៅក្នុងប្រទេសយើង។ ក្នុងករណីមានការចាំបាច់ណាមួយ ក្រសួងសុខាភិបាល នឹងជម្រាបជូនព័ត៌មាន ជាសាធារណៈដល់បងប្អូនមិនខាន។
អរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជនដែលចូលរួមទប់ស្កាត់ព័ត៌មានមិនពិតដោយជនខិលខូចមួយចំនួន ក្នុងបណ្តាញសង្គមដែលមានចេតនាអាក្រក់បង្ខូច បំពុលសង្គមជាតិយើង។ សូមជូនពរបងប្អូនជនរួមជាតិ បានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍»៕