(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានដាក់ចេញផែនការមួយចំនួនដល់មន្ត្រី ដើម្បីតាមដានរាល់សកម្មភាពទាំងឡាយ និងវឌ្ឍនៈភាពទូទៅ តាមបណ្តារោងចក្រ សហគ្រាស អំពីបញ្ហាជំងឺ Covid-19 និងបញ្ហា EBA។
ផែនការដែលដាក់ចេញដោយ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវនេះ គឺធ្វើឡើងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ ប្រចាំសប្តាហ៍ ដោយមានការចូលរួមពីអស់លោក-លោកស្រី អភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ, មេបញ្ជាការរងអាវុធហត្ថខណ្ឌ, យោធភូមិភាគពិសសខណ្ឌ, ចៅសង្កាត់ និងនាយនគរបាលប៉ុស្ដិ៍ទាំង៧, ប្រធានការិយាល័យ រដ្ឋបាលខណ្ឌទាំង១១, ព្រមទាំងអស់លោក-លោកស្រី មន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ក្រោមអធិបតីភាពលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំសប្តាហ៍នេះ លោក ជា ពិសី បានដាក់ចេញជារបៀបវារៈមួយចំនួនរួមមាន៖ ទី១៖ ត្រៀមរៀបចំកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ក្នុងការរៀបចំពិធីបញ្ចេញមតិរបស់តំណាងសមាគមបណ្តាញ សហព័ន្ធសហជីព និងអង្គការក្រៅរដ្ឋាភិបាល។ លោកថារបៀបវារៈនេះ ពាក់ព័ន្ធទិវានារីអន្តរជាតិ ខួបលើកទី១០៩ ដែលនិងរៀបចំធ្វើឡើងស្ថិតនៅទីលានប្រជាធិបតេយ្យឫស្សីកែវ ស្ថិតនៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ខាងមុខ។
លោកអភិបាលខណ្ឌឫស្សីកែវ បានបន្តថា ទី២៖ ផ្សព្វផ្សាយអំពីការរៀបចំប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០, ទី៣៖ ផែនការការពារបុណ្យចូលឆ្នាំខ្មែរ ឆ្នាំថ្មីប្រពៃណីជាតិ នៅពេលខាងមុខនេះដែរ ក្រៅពីដាក់ផែនការផ្សព្វផ្សាយដល់មន្ត្រី ដើម្បីតាមដានរាល់សកម្មភាពទាំងឡាយ និងវឌ្ឍនៈភាពទូទៅ តាមបណ្តារោងចក្រ សហគ្រាស អំពីបញ្ហាជំងឺ Covid-19 និងបញ្ហា EBA៕