(មណ្ឌលគិរី)៖ ប្រជាពលរដ្ឋចំនួន២ភូមិ នៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តណ្ឌលគិរី កំពុងចោទប្រកាន់ឈ្មោះ សាន សូត្រ ហៅតាផ្លោក អតីតក្រុមប្រឹក្សាស្រុកអូររាំង ថា បុគ្គលរូបនេះទិញដីពួកគាត់ទាំង២ភូមិ ទិញដីផងរំលោភយកដីផងដោយសេរី យកទាំងដីភ្នំ ដីកប់សព និងរំលោភយកទាំងដីព្រៃដំណមរបស់ជនជាតិដើមភាគតិចព្នងនៅទីនោះផង ខណៈអាជ្ញាធរមូលដ្ឋាន ហាក់បីមើលរំលងពីបញ្ហានេះ និងពលរដ្ឋសង្ស័យថា មានអ្នកធំនៅក្រោយខ្នង បុគ្គលឈ្មោះ សាន សូត្រ។
នៅពេលថ្មីៗកន្លងទៅនេះ ប្រជាពលរដ្ឋ២ភូមិ គឺភូមិពូទ្រូលើ ភូមិពូទ្រូក្រោម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បាននាំគ្នាអំពាវនាវរកអ្នកជួយដោះស្រាយដីជូនពួកគាត់ ដែលពួកគាត់បានចោទប្រកាន់ថា លោក សាន សូត្រ ហៅតាផ្លោក បានដើររំលោភយកដី និងបោះបង្គោលយ៉ាងអនាធិបតេយ្យរាប់រយហិកតា ដោយហាក់បីគ្មានការរំខានពីសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាមន្រ្តីជំនាញផងដែរ។ ជាពិសេស លោក សាន សូត្រ ហៅតាផ្លោក ត្រូវបានប្រជាពលរដ្ឋ នៅភូមិពូទ្រូលើ ពូទ្រូក្រោម និយាយថា តាផ្លោកបាននាំប្រជាពលរដ្ឋមកពីខេត្តផ្សេងចំនួន១០ឡាន សរុបមនុស្សជាង១០០នាក់ មកដកបង្គាលរបស់ប្រជាពលរដ្ឋ២ភូមិ ដែលបានបោះចំណាំព្រំដីដកចោល ដោយសេរីដោយក្រុមមនុស្សរបស់តាផ្លោក សុទ្ធតែជាមនុស្សមានចរិតមិនស្តាប់អ្នកណាឡើយ។
មិនតែប៉ុណ្ណោះឈ្មោះ សាន សូត្រ បានយកកម្លាំងកម្មករខ្លួនមកដេកយាមនៅខាងក្រោយភូមិ មិនឲ្យពលរដ្ឋណាម្នាក់ហ៊ានចេញមកតវ៉ាឡើយ រហូតដល់អ្នកភូមិភ័យខ្លាច ចំពោះកូនចៅតាផ្លោកដែលនៅដេកយាមខាងក្រោយភូមិនោះផងដែរ ថែមទាំងសំណូមពរសមត្ថកិច្ចក្នុងមូលដ្ឋាន ជួយការពារសន្តិសុខដល់ពួកគេផង។ ប្រជាពលរដ្ឋចំនួន២ភូមិខាងលើ ធ្លាប់បានប្តឹងករណីនេះមកកាន់អាជ្ញាធរមានសមត្ថកិច្ចក្នុងតំបន់ដែរ តែហាក់បីមានការយឺតយ៉ាវ និងហាក់បីដូចជាខ្លាចអំណាចអ្នកកាងក្រោយខ្នងតាផ្លោក ហើយសរុបមកគ្មានលទ្ធផល និងគ្មានដំណោះស្រាយតែម្តង។
ប្រជាពលរដ្ឋ២ភូមិខាងលើរងការរំលោភបំពានបញ្ហាដីធ្លីរ៉ាំរ៉ៃ កំពុងក្លាយជារឿងដ៏អាក្រក់ពីឈ្មោះ សាន សូត្រ ហៅតាផ្លោក ធ្វើឲ្យប្រជាពលរដ្ឋទាំងចាស់ ក្មេង រាប់រយនាក់ប្តឹងទៅគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ឲ្យជួយរកដំណោះស្រាយ និងយុត្តិធម៌ជូនពួកគាត់ផង។ រហូតដល់មានវត្តមាន លោក ញ៉ែម ប៊ុនធឿន សមាជិកគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានដឹកនាំក្រុមការងារចុះផ្ទាល់ តាមបណ្តឹងពលរដ្ឋអំពីបញ្ហារំលោភដីធ្លី និងធ្វើការចុះដល់ទីតាំងក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការពិនិត្យធ្វើការស្រាវជ្រាវរកអង្គហេតុឲ្យច្បាស់លាស់ ដើម្បីរាយការណ៍ជូនថ្នាក់លើសម្រេចតាមនីតិវិធីបន្ត។
លោក សាន សូផា សមាជិកមេធាវីលីហ្គលថោន អាណត្តិឲ្យប្រជាពលរដ្ឋទាំងពីរភូមិខាងលើ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តមណ្ឌលគិរីថា ជាធម្មតាលោកជាមេធាវីសម្រាប់ការពារក្តី មិនថាប្រជាពលរដ្ឋ ជនរងគ្រោះ ជនសង្ស័យ និងបុគ្គលផ្សេងៗផងដែរ គ្រាដែលមានការពឹងពាក់លោក ត្រូវតែជួយការពារកូនក្តីរបស់ខ្លួន។
អ្នកគ្រូបង្រៀនម្នាក់ ឈ្មោះ ភិន ស្រីពៅ ជាជនជាតិព្នងនៅក្នុងភូមិ ដែលមានការចំរ៉ូងចំរ៉ាស់វិវាទដីធ្លីនៅភូមិខាងលើនោះ បានអះអាងថា ឈ្មោះ សាន សូត្រ ហៅតាផ្លោក ពិតជាបានទិញដីពីប្រជាពលរដ្ឋនៅភូមិពូទ្រូលើ ពូទ្រូក្រោម ខ្លះមែន តែឈ្មោះ សាន សូត្រ ហៅតាផ្លោក គាត់ទិញដីក្បាល១០០ម៉ែត្របណ្តោយ២០០ម៉ែត្រ។ ប៉ុន្តែគាត់មិនមែនយកតាមហ្នឹងទេ គឺបើគាត់ទិញបានក្បាលដី១០០ម៉ែត្របណ្តោយ២០០ម៉ែត្រ ហើយគាត់សរសេរ១០០ម៉ែត្រx២០០០ម៉ែត្រ (ក្បាលមួយរយបណ្តោយពីរពាន់ម៉ែត្រ)។
អ្នកគ្រូបន្តថា ករណីបែបនេះត្រូវបាន តាផ្លោកធ្វើវិធីនេះ រំលោភយកដីរាប់រយហិកតានៅភូមិទាំងពីរខាងលើនេះ។ ចំណែកដីដែលត្រូវតាផ្លោក រំលោភបំពានយកចំនួន២ភូមិខាងលើនោះ ប្រជាពលរដ្ឋថា ខ្ទង់ពាន់ហិកតាឯណោះ មិនមែនរយហិកតានោះឡើយ។
លោក ស្រី ថ្វាន់ ត្រែល មេឃុំសែនមនោរ្យ បានប្រាប់ថា រូបគាត់ទើបចូលកាន់ដំណែងថ្មី។ ចំពោះករណីមានការរំលោភបំពានដីនៅភូមិខាងលើនោះ លោកស្រីនឹងធ្វើការស្រាវជ្រាវ និងអង្កេតករណីដើម្បីរាយការណ៍ជូនស្រុក ហើយនៅពេលថ្មីនេះលោកស្រីបានហៅឈ្មោះ សាន សូត្រ ហៅតាផ្លោក សួរនាំរឿងរ៉ាវដីធ្លីនេះដែរតែតាផ្លោក ហាក់បីដូចជាឆ្លើយពង្វាងរឿងនេះ។
លោក សៀកមុន្នី អភិបាលស្រុកអូររាំង បានឲ្យដឹងថា លោកក៏ទើបតែចូលកាន់ដំណែងថ្មីដែរ ហើយរូបលោកបានទទួលព័ត៌មាននេះ។ ទោះយ៉ាងណា រដ្ឋបាលសាលា នឹងស្រុកចុះស្រាវជ្រាវជុំវិញករណីមួយនេះ ដើម្បីចាត់បន្តការតាមនីតិវិធី។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី លោកបានថ្លែងប្រាប់អង្គភាព Fresh News ថា រដ្ឋបាលសាលាខេត្តមណ្ឌលគិរី ជាពិសេសរូបលោកផ្ទាល់ និងមន្រ្តីក្រោមឱវាទតែងតែចុះផ្ទាល់ធ្វើការរឹបអូសដីរាប់ពាន់ហិកតាជាច្រើនកន្លែង ថែមទាំងដកនិងកំទេចចោលបង្គោលរបង ដែលមន្រ្តី ឬបុគ្គលណាដើរបោះបង្គោលវាទយកដីរបស់រដ្ឋ និងដីប្រជាពលរដ្ឋ ក្រោមការស្រាវជ្រាវឃើញថា ការចេញលិខិតកាន់កាប់មិនប្រក្រតីពីអាជ្ញាធរ ស្រុក ឃុំ ភូមិ។
លោកអះអាងថា នឹងដឹកនាំមន្រ្តីចុះទៅធ្វើការពិនិត្យ និងធ្វើការស្រាវជ្រាវនៅទីតាំងដែលមានការរំលោភបំពានរឿងដីធ្លី នៅភូមិទាំងពីរក្នុងស្រុកអូររាំង។ បើសិនជាមានការរំលោភពិតប្រាកដមែន រដ្ឋបាលសាលាខេត្តនឹងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ និងរឹបអូសដីព្រៃរបស់រដ្ឋមកវិញ និងចាត់វិធានការទៅលើបុគ្គល ដែលបានប្រព្រឹត្តផ្ទុយពីច្បាប់ឲ្យខាងតែបាន៕