(តួកគី)៖ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ អនុប្រធានគណៈកម្មាធិកាត្រួតពិនិត្យផលិតផលហាឡាល់កម្ពុជា នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Zafer Soylu ប្រធានភ្នាក់ងារអនុម័តហាឡាល់តួកគី (HAK) នៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគី។
ជំនួបនេះធ្វើឡើដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងស្ថាប័នហាឡាល់កម្ពុជា និងតួកគី ជាពិសេសដើម្បីសិក្សាពីប្រព័ន្ធគ្រប់គ្រង និងបច្ចេកទេសដ៏ទំនើបរបស់ HAK ដើម្បីធ្វើការអភិវឌ្ឍស្ថាប័នហាឡាល់កម្ពុជាបន្ថែមទៀត។
ភ្នាក់ងារអនុម័តហាឡាល់តួកគី (HAK) ជាស្ថាប័នតែមួយគត់ ដែលត្រូវបានអនុញ្ញាតឲ្យប្រតិបត្តិសេវាកម្មបញ្ជាក់ហាឡាល់ នៅក្នុងប្រទេសតួកគី ជាតំណាងឲ្យប្រទេសតួកគី នៅក្នុងវេទិកាអន្តរជាតិទាក់ទង នឹងការទទួលស្គាល់ហាឡាល់ និងដើរតួជាអ្នកត្រួសត្រាយនៅក្នុងវិស័យនេះ។
HAK បានបង្កើតប្រព័ន្ធវិញ្ញាបនប័ត្រហាឡាល់ ដែលមានការទទួលស្គាល់ជាសកល ដោយអនុលោមទៅតាមស្តង់ដារ របស់វិទ្យាស្ថានស្តង់ដារ និងរង្វាស់វិទ្យា សម្រាប់ប្រទេសឥស្លាម (SMIIC) ដែលជាស្ថាប័ន ត្រូវបានទទួលស្គាល់ដោយ អង្គការសហប្រតិបត្តិការឥស្លាម (OIC)។
បច្ចុប្បន្នប្រជាជនមុស្លិមប្រមាណ១.៨ពាន់លាននាក់ នៅក្នុងពិភពលោក បានបង្ហាញការចាប់អារម្មណ៍កាន់តែខ្លាំងឡើងជាលំដាប់ ចំពោះការបញ្ជាក់ផលិតផល និងសេវាកម្មហាឡាល់។ ឧបករណ៍ សម្ភារប្រើប្រាស់ ម្ហូបអាហារ និងសេវាកម្មហាឡាល់ នឹងបង្កើនការអភិវឌ្ឍ ដែលនាំមកនូវឧស្សាហកម្មហាឡាល់នៅកម្ពុជា នៅពេលខាងមុខ ដែលអាចដណ្ដើមយកទីផ្សារហាឡាល់មួយផ្នែក នៅតាមបណ្ដាប្រទេសឥស្លាមដែលមានតម្រូវការ ខណៈដែលទីផ្សារហាឡាល់ នៅលើសាកលលោកបច្ចុប្បន្ន មានទំហំទឹកប្រាក់ប្រមាណ ៣ទ្រីលានដុល្លាអាមេរិក ក្នុងមួយឆ្នាំ ក្នុងនោះម្ហូបអាហារ ប្រមាណជិត១ទ្រីលានដុល្លាអាមេរិក៕