(កំពង់ចាម)៖ លោក វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកស្រី នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមបុណ្យកាន់អង្គ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តសិរីសាគរ ហៅវត្តកំពង់ត្រុំ ស្ថិតក្នុងភូមិកោះកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម និងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋពុទ្ធិបរិស័ទ មកពីទីជិត ឆ្ងាយ ព្រះចៅអធិការវត្ត ព្រះសង្ឃ តាជី យាយជី អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក និងសមាជិក សមាជិកា ជាប្រធាន អនុប្រធាន សមាជិកក្រុមការងារ គណបក្សចុះមូលដ្ឋានឃុំកោះមិត្តប្រមាណ ៥០០នាក់។
ឆ្លៀតយកឱកាសនេះ លោកប្រធានបានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រី និងសម្តេចវិបុលសេនាភក្តី មកជូនបងប្អូនទូទាំងស្រុកកំពង់សៀម និងដោយឡែកឃុំកោះមិត្ត ហើយសម្តេចបានជូនពរ ឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារនៅទីនេះ និងនៅទីជិតឆ្ងាយឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អគ្រប់កាលវេលា។
លោកប្រធានបានធ្វើការសំណេះសំណាល ជាមួយប្រជាពលរដ្ឋដោយបានលើកយកខ្លឹមសារ និងអត្ថន័យនៃពាក្យសន្តិភាពមកអត្ថាធិប្បាយ ជូនអង្គពិធីបានជ្រួតជ្រាប ដោយសង្កត់ធ្ងន់ទៅលើឧត្តមភាពនៃម្លប់សុខសន្តិភាព បានគ្របដណ្តប់លើផ្ទៃប្រទេស ហើយពិតណាស់ដោយសារម្លប់នេះ ធ្វើឲ្យប្រទេសជាតិមានការវិវឌ្ឍន៍រីកចម្រើន ជាបន្តបន្ទាប់ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។
លោកបានថ្លែងថា ជាក់ស្តែងពេលនេះយើងគ្រប់ៗគ្នា ដែលជាពុទ្ធសាសនិកជន បានមកជួបជុំគ្នាប្រកបដោយទឹកមុខ និងទឹកចិត្តស្រស់ស្រាយ បង្កប់ទៅដោយក្តី សង្ឃឹមជឿជាក់ គាំទ្រឲ្យតម្លៃ និងថែរក្សាសុខសន្តិភាព ដែលរកបានមកដោយការប្តូរសាច់ ប្តូរឈាម និងអាយុជីវិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងឥស្សរជននៃគណបក្សប្រជាជនកម្ពុជា ពីរបបប្រលៃពូជសាសន៍ ប៉ុល ពត។
លោកប្រធានបានបន្តទៀតថា ប្រទេសជាតិយើង បានដើរចេញពីភ្នក់ភ្លើងសង្រ្គាមស៊ីវិលរាំរ៉ៃ៤១ឆ្នាំ សមិទ្ធផលសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាលយើង សម្រេចបានទាំងអាណាចក្រ និងពុទ្ធចក្រ ហើយបាននិងកំពុងបន្តធ្វើការអភិវឌ្ឍន៍ប្រទេសជាបណ្តើរៗ ឆ្លើយតបទៅនឹងសេចក្តីត្រូវការជាមូលដ្ឋាន ក្នុងការលើកកម្ពស់ កម្រិតជីវភាព និងថែរក្សាកំណើនសេដ្ឋកិច្ចជាតិ។
ស្ថិតក្នុងស្ថានភាពដែលពិភពលោក ក៏ដូចជាប្រទសយើង កំពុងតែប្រឈមបញ្ហាវិបត្តិសេដ្ឋកិច្ច ដោយសារការរាលឆ្លងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ COVID-19 ដ៏មហន្តរាយនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការចំបាច់សំខាន់ៗមួយចំនួន ទាំងចំពោះមុខ និងរយៈពេលវែង ដើម្បីជួយទ្រទ្រង់វិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធមួយចំនួនទៀត និងជាពិសេសដើម្បីការពារទប់ស្កាត់ជំងឺឆ្លងផ្លូវដង្ហើមធ្ងន់ធ្ងរនេះ និងដើម្បីរក្សាសមិទ្ធផលរបស់សង្គមជាតិ និងនិរន្តរភាពនៃសេដ្ឋកិច្ច។
ក្នុងនាមថ្នាក់ដឹកនាំក្រុម ការងារចុះមូលដ្ឋានស្រុកកំពង់សៀម និងក្នុងនាមយើងរស់នៅក្រោមម្លប់សុខសន្តិភាព លោក វេង សាខុន បានស្នើឲ្យសហការី អាជ្ញាធរមូលដ្ឋាន គ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាសន្តិភាព និងបង្កើនការយកចិត្តទុកដាក់ចូលរួម និងសហការអនុវត្តនូវវិធានការដែលរាជរដ្ឋាភិបាល បានដាក់ចេញថ្មីៗនេះ ជាពិសេសវិធានការការពារសុខភាព ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។
ដោយឡែកកម្មវិធីនាព្រឹកនេះ លោកប្រធានបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសំខាន់ៗ ដែលព្រះចៅអធិការ ពុទ្ធិបរិស័ទ សប្បុរសជន បានខិតខំកសាង ដើម្បីទុកជាទីសក្ការៈ សម្រាប់បម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានទីជិតឆ្ងាយ ព្រះចៅអធិការ បងប្អូនពុទ្ធបរិស័ទ សមាជិកក្រុមការងារ អាជ្ញាធរមូលដ្ឋាន ដែលបានរួមគ្នាជាកំលាំងកាយចិត្ត និងបរិចាកថវិកាផ្ទាល់កសាងសមិទ្ធផលទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រនៅទូទាំងឃុំកោះមិត្ត និងសូមទទួលយកកុសល ផលបុណ្យតាមសទ្ធារៀងៗខ្លួន។
ដើម្បីភ្ជាប់និស្ស័យជាមួយព្រះពុទ្ធសាសន៍ លោកប្រធាន និងសហការី បានចាប់មគ្គផល១០លានរៀនបន្ថែម និងប្រកេនចៅអធិការវត្ត៤លានរៀល ហើយសមាជិក សមាជិកានៃអង្គពិធីម្នាក់ៗ ទទួលបានថវិកា២ម៉ឺនរៀលផងដែរ៕