(បាត់ដំបង)៖ ការធានាបាននូវការថែទាំ និងការអប់រំកុមារតូច ប្រកបដោយប្រសិទ្ធភាព គឺជាភាពចាំបាច់បំផុត សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស និងកាត់បន្ថយ នូវភាពក្រីក្រ ដោយហេតុនេះហើយអង្គការសន្តិស្ម័គ្រចិត្ត បានសហការជាមួយ JICA និងក្រសួងអប់រំយុវជន និងកីឡា រៀបចំគម្រោងសាងសង់សាលាមត្តេយ្យគំរូ និងសួនកុមារគំរូមួយក្នុងខេត្តបាត់ដំបង ដើម្បីលើកកម្ពស់គុណភាពអប់រំថ្នាក់មត្តេយ្យ ដោយបង្កើតសាលាមត្តេយ្យគំរូ បំពាក់ដោយបណ្ណាល័យកំរិតមត្តេយ្យ ដើម្បីលើកកម្ពស់ទម្លាប់នៃការអានឱ្យកុមារ ជាមួយនឹងសេវាគុណភាពអប់រំកុមារតូច ដ៏សមស្របដល់កុមារ។
នេះជាការបញ្ជាក់របស់លោក យន់ វាសនា ប្រធានអង្គការសន្តិស្ម័គ្រចិត្ត ប្រចាំខេត្តបាត់ដំបង នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ នៅក្នុងកម្មវិធីដំណើរទស្សនកិច្ច របស់អ្នកសារព័ត៌មាន ដែលដឹកនាំដោយ JICA ដើម្បីចុះពិនិត្យមើលគម្រោងបង្កើតបណ្ណាល័យមត្តេយ្យសិក្សាធនធានគំរូ ក្នុងខេត្តបាត់ដំបង។
លោក យន់ វាសនា បានបន្ថែមទៀតថា តាមរយៈការកសាងអាគារសិក្សា ជាមួយសួនកុមារ និងបណ្ណាល័យ ដែលអាចផ្តល់នូវសេវាគុណភាពអប់រំកុមារតូច ដ៏សមស្របដល់កុមារ និងការកសាងសមត្ថភាពគ្រូមត្តេយ្យ និងបណ្ណារក្ស គឺដើម្បីលើកកម្ពស់ការអាន តាមរយៈការការប្រើប្រាស់បណ្ណាល័យ។
សាលាមត្តេយ្យនេះត្រូវបានរំពឹងថា នឹងក្លាយជាសាលាមត្តេយ្យគំរូមួយ ក្នុងការលើកកម្ពស់គុណភាពអប់រំកុមារតូច នៅក្នុងខេត្តបាត់ដំបង ហើយតាមរយៈគម្រោងក៏រំពឹងទុកផងដែរថា បរិយាកាសបង្រៀន និងរៀនសូត្រ នៃគុណភាពអប់រំកុមារតូច និងត្រូវបានពង្រឹង និងចូលរួមចំណែកក្នុងការកែលម្អគុណភាពអប់រំកុការតូច ក្នុងខេត្តបាត់ដំបងទាំងមូល នាពេលអនាគតផងដែរ។
លោកបានបន្ថែមទៀតថា នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ ដោយមើលឃើញថា កុមារតូចដែលគ្រប់អាយុចូលរៀន បានចូលរៀននៅមានកម្រិតនៅឡើយ នៅពេល កុមារដែលបានចូលរៀន នៅក្នុងថ្នាក់ទី១នោះ គឺមានអត្រាបោះបង់ខ្ពស់ផងដែរ ដោយសារមាតា បិតាសិស្ស មួយចំនួនមានការយល់ដឹង នៅមានកម្រិតទាបនៅឡើយ ហើយគាត់តែងតែគិតថា មត្តេយ្យសិក្សា គឺមិនសូវមានសារៈសំខាន់សម្រាប់កូនគាត់នោះទេ ពេលខ្លះគាត់បានគិតថា កូនគាត់រៀនមត្តេយ្យសិក្សា កូនគាត់គ្មានចេះអ្វីក្រៅពី ច្រៀង និងរាំនោះទេ ដែលនេះគឺជាអ្វីដែលឱពុកម្តាយគ្រប់រូប មិនបានយល់ពីអ្វីដែលជាការបង្រៀន នៅក្នុងថ្នាក់មត្តេយ្យ និងថ្នាក់បឋមសិក្សានោះទេ ហេតុដូចនេះ ហើយJICA ក៏សម្រេចរៀបចំជាសាលាមត្តេយ្យគំរូនេះឡើង។
លោកបានបន្តទៀតថា សម្រាប់នៅក្នុងខេត្តបាត់ដំបងនេះ បើសង្កេតទៅលើអគារសិក្សាថ្នាក់មត្តេយ្យ គឺមានការខ្វះខាត ហើយគ្រូបង្រៀនមត្តេយ្យសិក្សាក៏នៅមានការ ខ្វះខាតជាច្រើន ដែលសាលាខ្លះត្រូវតម្រូវឱ្យយកគ្រូបង្រៀនបឋម មកបង្រៀនសាលាមត្តេយ្យវិញ ហើយសម្រាប់វិធីសាស្ត្របង្រៀនថ្នាក់ទាំងពីរនេះ គឺវាមានភាពខុសគ្នា ដូចនេះហើយអង្គការសន្តិស្ម័គ្រចិត្ត បានសហការជាមួយ JICA និងក្រសួងអប់រំយុវជន និងកីឡា ក៏បានរៀបចំគម្រោងសាងសង់សាលាមត្តេយ្យគំរូ និងសួនកុមារនេះ ដើម្បីលើកកម្ពស់គុណភាពអប់រំ សម្រាប់កុមារតូចឱ្យកាន់តែមានប្រសិទ្ធភាព ជាមួយនឹងការរៀបចំគ្រូបង្រៀនឱ្យបានត្រឹមត្រូវតាមជំនាញផងដែរ។
គួរបញ្ជាក់ថា តាមរយៈគម្រោងជំនួយរបស់ JICA បានសាងសង់សាលាមត្តេយ្យគំរូ មានដូចជា៖ សាងសង់អគារសាលាជាន់ ដែលមានថ្នាក់រៀន៥បន្ទប់ បណ្ណាល័យ១បន្ទប់ បន្ទប់ទឹក១៥បន្ទប់ និងសួនកុមារ។ រៀបចំបន្ទប់បណ្ណាល័យគំរូ ចែកសៀវភៅ គ្រឿងសង្ហារឹម និងសម្ភារផ្សេងៗសម្រាប់បន្ទប់បណ្ណាល័យ និងសម្ភារផ្សេងៗ ជាច្រើនទៀតផងដែរ៕