(ភ្នំពេញ)៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ តាមរយៈបណ្ដាញព័ត៌មាន Fresh News បានចេញមកច្រានចោលទាំងស្រុងចំពោះការចែកចាយថា ករណីបុរសម្នាក់ដួលសន្លប់នៅមន្ទីរពេទ្យរុស្ស៉ី ពាក់ព័ន្ធកូវីដ១៩។
លោក ម៉េត មាសភក្ដី បានបញ្ជាក់ទៀតថា ករណីបុរសម្នាក់ដួលសន្លប់នៅមន្ទីរពេទ្យរុស្ស៉ី គឺពិតជាមានមែន កាលពីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ម្សិលមិញ ប៉ុន្ដែមិនមែនជាករណីកូវីដ១៩នោះទេ ពោលជនរងគ្រោះខ្សោយកម្លាំង ហើយពេលដួលនោះទៀតសោត ខ្លួនកំពុងដើរទៅរកគ្រូពេទ្យដើម្បីឲ្យជួយពិនិត្យសុខភាព។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ដែន ផល្លី អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ហើយនៅមុនពេលកើតហេតុ ជនរងគ្រោះមានជាតិស្ករចុះខ្សោយ ហើយគ្មានកម្លាំងកំហែង ក៏ដួលសន្លប់តែម្ដង។ ប៉ុន្ដែភ្លាមនោះ មានជនឆ្លៀត ឱកាសថតរូបគាត់ដួល និងយកទៅបង្ហោះចែកចាយតែម្ដង។
លោក ម៉េត មាសភក្ដី ក៏បានស្នើសុំដល់ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook កុំបន្ដចែកចាយនូវព័ត៌មានដែលមិនពិត និងគ្មានប្រភពច្បាស់លាស់ អាចនាំឲ្យមានការយល់ច្រឡំពីសំណាក់ពលរដ្ឋផ្សេងទៀត ហើយឈានទៅការចលាចលនាំគ្នាសម្រុកទិញទំនិញ គ្រឿងបរិភោគផ្សេងៗ ចំណាយថវិកាច្រើន។ លោកថា អ្វីដែលត្រូវធ្វើសំខាន់បំផុតនោះ គឺអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ដើម្បីកាន់តែលម្អិត និងឲ្យមហាជនកាន់តែម្ចាស់នោះ សាមីខ្លួនដែលបានដួលសន្លប់ ក្រោយភ្ញាក់ដឹងខ្លួនឡើងវិញ បានចេញមកបកស្រាយការពិត និងសម្ដែងការសោកស្ដាយចំពោះព័ត៌មានដែលបានចែកចាយថា គាត់ដួលសន្លប់ដោយសារជំងឺកូវីដ ដែលបង្កឲ្យមានការភ័ន្ដច្រឡំ។ គាត់បញ្ជាក់ថា មូលហេតុដែលនាំឲ្យលោកដួលសន្លប់ ក៏ព្រោះតែខ្សោយកម្លាំងហើយមកពិនិត្យសុខភាពតែម្នាក់ឯង។
លោក ដែន ផល្លី ក៏បានអះអាងទៀតថា រហូតមកដល់ពេលនេះ លោកមានសុខភាពល្អធម្មតាឡើងវិញហើយ ក្រោយទទួលបានការជួយសង្គ្រោះ និងមើលថែពីគ្រូពេទ្យជំនាញ។ លោកក៏ស្នើឲ្យមហាជនចូលរួមទប់ស្កាត់ការចែកចាយព័ត៌មានក្លែង ដើម្បីធ្វើឲ្យមានការភ័ន្ដច្រឡំ ខណៈជំងឺកូវីដ១៩ កំពុងវាយប្រហារពិភពលោក។
សូមជម្រាបថា ក្រសួងសុខាភិបាល បានបន្តធ្វើបច្ចុប្បន្នភាពថា មកដល់ល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ កម្ពុជាមិនមានករណីជំងឺកូវីត១៩ (COVID-19) ថ្មីនោះទេ។
នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា បើទោះបីគ្មានករណីកូវីតថ្មី តែមានមនុស្ស ៤២៥នាក់ ទាំងប្រជាពលរដ្ឋខ្មែរ និងជនបរទេសកំពុងរស់នៅកម្ពុជា បានទៅធ្វើតេស្តសុខភាពរកជំងឺកូវីត១៩នេះ។ លទ្ធផលនៃការធ្វើតេស្ត គឺពួកគេមិនមានជំងឺកូវីត១៩នោះឡើយ។
នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ក៏បានបញ្ជាក់ផងដែរថា ជុំវិញស្ថានភាពសុខភាពរបស់មនុស្ស ៤៤នាក់នៅក្នុងខេត្តសៀមរាប ដែលបានប៉ះពាល់ដោយផ្ទាល់៤នាក់ និង៤០នាក់ដោយប្រយោល ជាមួយជនជាតិជប៉ុនផ្ទុកជំងឺកូវីត១៩។ បើតាមនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានឱ្យដឹងថា មកដល់ល្ងាចថ្ងៃនេះមនុស្សទាំង៤៤នាក់ មានសុខភាពល្អធម្មតា មិនទាន់មានលេចចេញរោគសញ្ញាអ្វីនៅឡើយនោះទេ៕
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ