(ភ្នំពេញ)៖ ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន២៧ខ្នង ហើយបើគិតជាទំហំទឹកប្រាក់ខ្ទង់លានដុល្លារ ខណៈមូលហេតុកម្លាំងនគរបាលជំនាញ កំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការជួយសង្គ្រោះ កម្លាំងសមត្ថកិច្ចជំនាញទាំងអស់ បានប្រើប្រាស់ទឹកចំនួន១៥០រថយន្ត ទើបអាចគ្រប់គ្រង និងបាញ់ពន្លត់បានទាំងស្រុង រហូតឈានដល់ម៉ោង១រំលងអាធ្រាត្រ។
របាយការណ៍បានលម្អិតថា ក្នុងប្រតិបត្តិការនេះ រថយន្តការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន២៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១០០ឡាន, រថយន្តក្រសួងមហាផៃ្ទ ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១២ឡាន, រថយន្តកងរាជអាវុធហត្ថ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៨ឡាន, រថយន្តកងពលតូចលេខ៧០ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៨ឡាន, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន០៦គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន១២ឡាន, រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៦ឡាន, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន, រថយន្តផ្សារទំនើបអូឡាំព្យា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្នុងហេតុការណ៍គ្រោះថ្នាក់សង្គមមួយនេះ មិនបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ប៉ុន្ដែបានបណ្ដាលឲ្យមន្ដ្រីការិយាល័យអគ្គិភ័យ ចំនួន៣នាក់រងរបួស ពេលបំពេញប្រតិបត្តិការជួយសង្គ្រោះ៕