(កណ្ដាល)៖ កម្មករ កម្មការិនី រោងចក្រតម្បាញស្យុង យិន (ខេមបូឌា) ប៊ី ថិកស្ថាយ៍ មួយក្រុម៣៩នាក់ បាននាំគ្នាឃាត់ឡានមិនឲ្យដឹកទំនិញចេញពីរោងចក្រ ក្នុងគោលបំណងទាមទារថៅកែរោងចក្របើកប្រាក់ខែមករា ឆ្នាំ២០២០ និងទាមទារឲ្យកម្មករមួយចំនួនបានចូលធ្វើការវិញ ក្រោយពីបានបញ្ឈប់ជាបន្តបន្ទាប់។ ការឃាត់ឡានដឹកទំនិញខាងលើ បានធ្វើឲ្យកម្មករ កម្មការិនីក្រុមហ៊ុនមួយទៀត ដែលមានអគារនៅខាងក្នុង ប្តឹងសុំឲ្យលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ជួយពន្លឿនការដោះស្រាយ។
លោក សំរ៉ុង បូរី លេខាធិការសហជីពប្រជាធិបតេយ្យកាត់ដេរកម្ពុជា (ស៊ីខៅឌូ) ប្រចាំក្រុមហ៊ុនស្យុង យិន (ខេមបូឌា) ប៊ី ថិកស្ថាយ៍ បានឲ្យដឹងនៅល្ងាច ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ថា ក្រុមកម្មករមួយចំនួន មិនបានធ្វើកូដកម្មនោះទេ ប៉ុន្តែបានឃាត់ឡានរោងចក្រមិនឲ្យដឹកទំនិញចេញ ក្នុងគោលបំណងសំខាន់២ គឺទី៖ សុំថៅកែរោងចក្របើកប្រាក់ខែមករា ឆ្នាំ២០២០ និងទី២៖ ទាមទារអនុញ្ញាតឲ្យកម្មករមួយចំនួនបានចូលធ្វើការវិញ ក្រោយពីបានបញ្ឈប់ជាបន្តបន្ទាប់។
លោក សំរ៉ុង បូរី បន្តថា ក្រុមកម្មករបានទាមទារតាំងពីពាក់កណ្តាលខែកុម្ភៈមកម្ល៉េះ ហើយក៏មានតំណាងមន្ត្រីក្រសួងការងារ និងមន្ត្រីមន្ទីរការងារខេត្ត ចុះមកដោះស្រាយជាច្រើនលើក តែពុំមានដំណោះស្រាយនៅឡើយ។ លោកបញ្ជាក់ថា បើពុំមានដំណោះស្រាយក្រុមរបស់លោក នឹងនៅតែឃាត់ឡានដឹកទំនិញ ក្រុមហ៊ុនមិនឲ្យចេញរហូតមានដំណោះស្រាយ។
សកម្មភាពកាក់ឃាត់ឡានដឹកទំនិញរបស់កម្មករខាងលើ បានធ្វើឲ្យប៉ះពាល់ដល់រោងចក្រ២ទៀត ដែលនៅអគារខាងក្នុង មិនអាចដឹកទំនិញចេញបាន គឺទី១៖ ក្រុមហ៊ុនញូ ជេនើរេសិន ថេស្ថាយ ឌីឡុបម៉ិន ឯ.ក និងទី២៖ ក្រុមហ៊ុន ធីម បេស (ខេមបូឌា) ថេកស្ថាយ (Team Best (Cambodia) textile Co.,Ltd)។
ដោយសារតែប៉ះពាល់ដល់ចង្វាក់ផលិតកម្ម ក្រុមកម្មករក្រុមហ៊ុនញូ ជេនើរេសិន ថេស្ថាយ ឌីឡុបម៉ិន ឯ.ក បានដាក់ពាក្យបណ្តឹងទៅអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ដើម្បីសុំចាត់វិធានការតាមផ្លូវច្បាប់ ចំពោះកម្មករ៥ ដែលបានដឹកនាំកម្លាំងគំរាមទារប្រាក់ រារាំង និងបិទផ្លូវច្រកចេញចូលមិនឲ្យរថយន្តដឹកទំនិញ ចេញចូលក្នុងរោងចក្រ ហើយខាងសាលាខេត្តបានទទួលពាក្យនៅថ្ងៃទី០៦ ខែមីនានេះរួចហើយ។
យោងតាមពាក្យបណ្ដឹងរបស់កម្មករ កម្មការិនី ក្រុមហ៊ុនញូជេនើរេសិន ថេស្ថាយ ឌីឡុបម៉ិន ឯ.ក ស្ថិតនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានដាក់ពាក្យបណ្ដឹងទៅលោកអភិបាលខេត្តកណ្ដាល ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះកម្មករ ៥រូបរួមមាន ទី១៖ឈ្មោះ ទួន ណៃឡេង, ទី២៖ឈ្មោះ សំរ៉ុង បូរី, ទី៣៖ ឈ្មោះ សែ សាន, ទី៤៖ ឈ្មោះ សែម សុផល និងទី៥៖ ឈ្មោះ សុត រស់ និងបក្ខពួក កុំឲ្យមានការបិទផ្លូវច្រកចេញ-ចូល របស់ក្រុមហ៊ុនដែលនាំឲ្យ មានការរាំងស្ទះដឹកទំនិញរបស់ក្រុមហ៊ុន ញូ ជេនើរេសិន ថេស្ថាយ ឌីឡុបម៉ិន ឯ.ក។
ពាក្យបណ្ដឹងដដែលបានបន្តថា ក្រុមកម្មករដែលបម្រើការងារនៅក្រុមហ៊ុន ញូ ជេនើរេសិន ថេស្ថាយ ឌីឡុបម៉ិន ឯ.ក បានចូលបម្រើការងារចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ មានទីតាំងអគារខាងក្រោយក្រុមហ៊ុន ស្យុង យិន (ខេមបូឌា) ប៊ី ថិកស្ថាយ៍ ហើយក្រុមហ៊ុនបានផលិតពី ក្រុមហ៊ុនដែលជាផលិតផលសម្រេចរួចហើយ បញ្ជូនឲ្យទៅក្រុមហ៊ុនផ្គត់ផ្គង់។
ប៉ុន្តែត្រូវបានក្រុមសហជីពប្រជាធិបតេយ្យកាត់ដេរកម្ពុជា (ស៊ីខៅឌូ) ប្រចាំក្រុមហ៊ុន ស្យុង យិន (ខេមបូឌា) ប៊ី ថិកស្ថាយ៍ មានកម្មករសរុប៣៩នាក់ បិទច្រកមិនឲ្យរថយន្តដឹកទំនិញចេញចូលបានឡើយ ហើយការបិទផ្លូវនេះ នៅតែបន្ត គឺអាចធ្វើឲ្យកម្មករជាច្រើននាក់ផ្សេងទៀត បាត់បង់ការងារ និងបាត់បង់ប្រាក់ចំណូលដើម្បីចិញ្ចឹមជីវិត។
ចុងបញ្ចប់ក្រុមកម្មករក្រុមហ៊ុន ញូ ជេនើរេសិន ថេស្ថាយ ឌីឡុបម៉ិន ឯ.ក បានស្នើសុំលោកអភិបាលខេត្តកណ្តាល មេត្តជួយពន្លឿនកិច្ចអន្តរាគមន៍ និងចាត់វិធានការ ចំពោះសហជីពស៊ីខៅឌូដែលមាន៣៩នាក់ ដែលបានបិទផ្លូវចេញចូល ធ្វើឲ្យក្រុមហ៊ុនមានការស្ទះទំនិញដែលផលិតបាន មិនអាចនាំយកទៅឲ្យក្រុមហ៊ុនផ្គត់ផ្គង់ ជាហេតុនាំឲ្យខូចគុណភាព៕