(តួកគី)៖ អនុរដ្ឋមន្ត្រីក្រសួងអប់រំតួកគី លោក Mustafa Safran បានសន្យាបន្តផ្ដល់ និងបង្កើនអាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា ឲ្យបានកាន់តែច្រើនបន្ថែមទៀត ដែលសិក្សានៅតាមបណ្តាសាលារៀន និងសាកលវិទ្យាល័យនានា នៅសាធារណរដ្ឋតួកគី។

ការសន្យាយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ពាក់ព័ន្ធកិច្ចការសាសនាឥស្លាម បានជួបពិភាក្សាការងារ ជាមួយលោកអនុរដ្ឋមន្ត្រីក្រសួងអប់រំតួកគី នៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគី នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ។ ក្នុងជំនួបនេះ ក៏មានវត្តមានរបស់លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកអនុរដ្ឋមន្ត្រី បានបន្តថា ការផ្តល់អាហារូបករណ៍នេះ ធ្វើឡើងស្របពេលដែលទំនាក់ទំនងកម្ពុជា-តួកគី កាន់តែមានភាពប្រសើរឡើង ជាពិសេសបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋតួកគី កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ បានធ្វើឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែល្អ លើវិស័យជាច្រើន ក្នុងនោះក៏មានវិស័យអប់រំផងដែរ។

អាហារូបករណ៍នេះ គឺសម្រាប់សិស្សនិស្សិតកម្ពុជាជាទូទៅ ទាំងមុស្លិម និងមិនមែនមុស្លិម សិក្សាលើមុខវិជ្ជាចំណេះដឹងទូទៅ និងសាសនាឥស្លាម ហើយលោកសង្ឃឹមថា បន្ទាប់ពីបានបញ្ចប់ការសិក្សា សិស្សនិស្សិតកម្ពុជា នឹងត្រឡប់ទៅអភិវឌ្ឍន៍ប្រទេសជាតិ នឹងកាន់តែធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពងាយស្រួល និងជិតស្និទ្ធថែមទៀត។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា កម្ពុជាធ្លាប់បានឆ្លងកាត់នូវសង្គ្រាមដ៏រ៉ាំរ៉ៃ ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំផ្លាញខ្ទេចខ្ទី នូវហេដ្ឋារចនាសម្ព័ន្ធ និងបានកាប់សម្លាប់ប្រជាជន ពិសេសអ្នកចេះដឹងស្ទើរគ្មានសល់។ ក្រោយពីបានផ្ដួលរំលំរបបដ៏យង់ឃ្នងនេះ កម្ពុជាបានងើបឈរឡើងពីគំនរផេះផង់ ចាប់ផ្តើមឡើងវិញពីចំណុចសូន្យ រហូតមកដល់ឆ្នាំ១៩៩៨ ទើបកម្ពុជាទទួលបានសន្តិភាព និងឯកភាពជាតិពេញលេញ។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបន្តទៀតថា រាជរដ្ឋាភិបាលត្រូវអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ដោយបានសាងសង់ សាលារៀន បណ្តុះបណ្តាលធនធានមនុស្ស។ លើសពីនេះ រាជរដ្ឋាភិបាល ក៏បានបញ្ចូលគ្រូខ្មែរឥស្លាមចំនួន១,៧០០នាក់ ទៅក្នុងក្របខណ្ឌក្រសួងអប់រំផងដែរ។

បើតាមលោកទេសរដ្ឋមន្ដ្រី តាមរយៈអាហារូបករណ៍នេះ ប្រទេសតួកគី គឺជាចំណែកមួយក្នុងការចូលរួមលើកកម្ពស់ និងបង្កើនសមត្ថភាព ធនធានមនុស្សនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា និស្សិតកម្ពុជា ដែលបានបញ្ចប់ការសិក្សានៅសាធារណរដ្ឋតួកគី នាពេលកន្លងមកមានចំនួនជាង១០០នាក់ និងនិស្សិតដែលកំពុងបន្តការសិក្សា មានចំនួន៥៦នាក់៕