(ភ្នំពេញ)៖ ព្រះអង្គ ភិក្ខុ ព្រះមុនីកោសល បណ្ឌិត យ៉ន សេង យៀត ជាព្រះសង្ឃខ្មែរទី ១ ដែលបានបញ្ចប់ការសិក្សា ថា្នក់ក្រោយបណ្ឌិត នៅសាកលវិទ្យាល័យ Harvard ក្រោយសិក្សាអស់រយ:ពេលជាង ៣ឆ្នាំ។ នេះបើយោងតាម ការបង្ហោះ ទំព័រហ្វេសប៊ុករបស់ព្រះអង្គ ភិក្ខុ ព្រះមុនីកោសល បណ្ឌិត យ៉ន សេង យៀត។

ព្រះអង្គ ភិក្ខុ ព្រះមុនីកោសល បណ្ឌិត យ៉ន សេង យៀត បានសរសេររៀបរាប់ថា « ខ្ញុំបានធ្វើបទបង្ហាញចុងក្រោយ ដើម្បីបញ្ចប់ការសិក្សាថា្នក់ ក្រោយបណ្ឌិត Post-Doctoral Research Fellowship ឬ ហៅកាត់ថា Postdoc នៅសាកលវិទ្យាល័យ Harvard បានជាប់ជាស្ថាពរហើយ ក្រោយពីសិក្សាអស់រយ:ពេលជាង ៣ឆ្នាំ។

ការសិក្សានេះ ប្រព្រឹត្តិទៅបានប្រកបដោយជោគជ័យ គឺអាស្រ័យដោយមានការឧបត្ថម្ភរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា ព្រមទាំងព្រះសង្ឃ និង ពុទ្ឋបរិស័ទទាំងក្នុងនិងក្រៅប្រទេស។

បន្ទាប់មក លោក ព្រើន សុវង្ស ព្រឹទ្ធបុរសរងទទួលបន្ទុក ដេប៉ាតឺម៉ង់ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានសរសេរថា « ខ្ញុំព្រះករុណា ព្រើន សុវង្ស សូមអបអរសាទរយ៉ាងក្រៃលែងចំពោះ ព្រះមុនីកោសល បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការរង នៃ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលបានបញ្ជប់ការសិក្សាថា្នក់ក្រោយបណ្ឌិត Post-Doctoral Research Fellowship នៅសាកលវិទ្យាល័យ Harvard »។

តាមរយៈសារទាំង២ នេះ គឺជាដំណឹងមោទនភាព សម្រាប់ព្រះពុទ្ធសាសនានៅកម្ពុជា ក៏ដូចជាប្រទេសខ្មែរទាំងមូល ដោយហេតុថា សម្រាប់ព្រះពុទ្ធសាសនានិកាយថេរវាទ ព្រះមុនីកោសល បណ្ឌិត យ៉ន សេង យៀត គឺជាព្រះសង្ឃខ្មែរទី ១ ដែលសាកលវិទ្យាល័យ Harvard ផ្តល់អាហារូបករណ៍ សិក្សា និង បានបញ្ចប់កម្រិតថ្នាក់ក្រោយបណ្ឌិត ឬ Post Doctoral Research Fellowship លើឯកទេសទស្សនវិជ្ជាព្រះពុទ្ធសាសនា ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនចាប់តាំងពីសាកលវិទ្យាល័យនោះបានបង្កើតក្នុងឆ្នាំ ១៦១៣ ។

អំពីភិក្ខុ ព្រះមុនីកោសល បណ្ឌិត យ៉ន សេង យៀត ប្រសូត្រក្នុងត្រកូលគ្រួសារកសិករនៃស្រុកថ្មគោល ខេត្តបាត់ដំបង ជាកូនទីពីរ នៃ គ្រួសារដែលមានបងប្អូន ៥នាក់។ ព្រះអង្គបានបួស និង សិក្សាក្នុងជំរំជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ចាប់ពីឆ្នាំ ១៩៩១ ជាទីដែលព្រះអង្គមានឱកាសសិក្សាទាំង ព្រះធម៌ ភាសាបាលី និង ភាសាអង់គ្លេស ហើយព្រះអង្គធ្លាប់មានព្រះថេរដីកាថា “ កាលណោះ អាត្មាភាព តែងតែឮអ្នកនៅក្នុងជំរំនិយាយពីប្រទេសអភិវឌ្ឍថា ដូចឋានទេវតា ! ដូច្នេះអាត្មាតែងស្រមៃរហូតដល់មានឱកាសទៅបន្តការសិក្សានៅស្រីលង្កា ។

ក្រោយព្រះអង្គបានបញ្ចប់ការសិក្សាថ្នាក់ឧត្តម និង ក្រោយឧត្តមសិក្សាជាង ៦ ឆ្នាំនៅស្រីលង្កា រួចនិមន្តត្រឡប់មកមាតុភូមិកំណើតវិញ ព្រះអង្គពុំបានបញ្ឈប់ការសិក្សាត្រឹមកម្រិតនេះឡើយ ។ អំឡុងពេលសិក្សាក្នុងឆ្នាំ ២០០៣ ដល់ ២០០៦ ព្រះអង្គ ក៏ជាប្រធានពុទ្ធិសមាគមសមណនិស្សិតខ្មែរ ស្រីលង្កាផងដែរ ។ ដោយបានបួសក្នុងព្រះពុទ្ធចក្រជាង ២០ ឆ្នាំមកនេះ ព្រះអង្គបានលះបង់ទាំងកម្លាំងកាយ និង កម្លាំងចិត្ត រួមចំណែកលើកកម្ពស់ព្រះពុទ្ធសាសនា នៅកម្ពុជា។

ឆ្នាំ ២០០៨ ព្រះអង្គគឺជា គ្រូពុទ្ធិកឧត្តមសិក្សាទស្សនវិជ្ជានៃក្រសួងធម្មការ និងសាសនា ហើយក្នុង ២០១០ ព្រះអង្គស្វះស្វែងរហូតទទួលសញ្ញាបត្រកម្រិតឧត្តម នៅសាលាភូមិន្ទរដ្ឋបាល និង បណ្ឌិតវិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឆ្នាំ ២០១៤។ ការព្យាយាមសិក្សាស្រាវជ្រាវទាំងថ្ងៃយប់ ក្នុងវិស័យពុទ្ធចក្រ តាំងពីកុមារភាពរហូតមក នាំឲ្យព្រះភិក្ខុបណ្ឌិត យ៉ន សេងយៀត មានចំណេះជំនាញ និងសមត្ថភាព កាន់កិច្ចការសិក្សាអប់រំព្រះសង្ឃកម្រិតឧត្តមសិក្សា ក្នុងក្រសួងធម្មការ និងសាសនា ។

ក្នុងឆ្នាំ២០០៦ ដល់ បច្ចុប្បន្ន ព្រះអង្គជា សាកលវិទ្យាធិការរងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ។ ពីឆ្នាំ ២០១៣ ដល់បច្ចុប្បន្ន ព្រះអង្គ គឺជាព្រឹទ្ធបុរសរងភាសាអង់គ្លេស នៅ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាថែមទៀត។

ក្រៅពីតួនាទីក្នុងវិស័យអប់រំនេះ ព្រះអង្គមានតួនាទីជា អគ្គលេខាក្រុមប្រឹក្សាអន្តរសាសនាសមាជិកប្រតិបត្តិ នៃ ក្រុមប្រឹក្សាសាសនាពិភពលោក ដើម្បី សន្តិភាព ទទួលបន្ទុក បរិស្ថាន បុរីញ៉ូយ៉ក សហរដ្ឋអាមេរិក លេខាផ្ទាល់ និងជាអ្នកបកប្រែភាសាថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ និងប្រធានពុទ្ធិសមាគមកម្ពុជរដ្ឋ។

វាពុំមែនជាការចៃដន្យឡើយដែលព្រះសង្ឃខ្មែរអង្គនេះមានឱកាស ទៅបន្តការសិក្សាក្រោយថ្នាក់បណ្ឌិតនៅគ្រឹះស្ថានសិក្សាល្បីល្បាញមួយនៅលើពិភពលោក ។

ជាបេក្ខជនខ្មែរតែមួយអង្គគត់ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាស្រាវជ្រាវ ថ្នាក់ក្រោយបណ្ឌិត (Postdoctoral research) ព្រះភិក្ខុរូបនេះ បាននិមន្តចាកចេញពីកម្ពុជាទៅសហរដ្ឋអាមេរិក នៅដើមខែតុលា ឆ្នាំ២០១៦ ដើម្បី បន្តការសិក្សាស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិត រយៈពេលមួយឆ្នាំ នៅសាកលវិទ្យាល័យ Harvard ។ ព្រះអង្គ បានស្រាវជ្រាវពីទស្សនវិជ្ជាព្រះពុទ្ធ រយៈពេលមួយឆ្នាំ ក្នុងសហរដ្ឋអាមេរិក ដោយផ្តោតលើតួនាទីព្រះសង្ឃក្នុងការរក្សាសន្តិភាព នៅកម្ពុជាចាប់ឆ្នាំ១៩៩២ មកដល់សព្វថ្ងៃ៕