(ភ្នំពេញ)៖ ក្រុមអ្នកសារព័ត៌មានមកពីប្រទេសជប៉ុន ១១នាក់ បានមកទស្សនកិច្ចប្រមូលយកព័ត៌មាននៅតាមគោលដៅទេសចរណ៍នានានៅកម្ពុជា ដើម្បីយកទៅផ្សព្វផ្សាយប្រាប់ពិភពលោក និងទីផ្សារទេសចរអន្តរជាតិ សំដៅធ្វើយ៉ាងណាទាក់ទាញកំណើនទេសចរអន្តរជាតិឱ្យមានទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត ខណៈកម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព ផ្ដល់នូវបដិសណ្ឋារកិច្ចល្អ និងភាពកក់ក្ដៅ។
លោក ពា ភាព អនុប្រធាននាយកដ្ឋានសិក្សាទីផ្សារផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស នៃក្រសួងទេសចរណ៍ បានថ្លែងប្រាប់ Fresh News ឱ្យដឹងថា ដើម្បីឱ្យកម្ពុជានៅតែជាគោលដៅទេសចរណ៍ដ៏កក់ក្តៅ ក្នុងពេលមានជំងឺផ្លូវដង្ហើមប្រភេទថ្មី ឬ Covid-19 ក្រសួងទេសចរណ៍បានរៀបចំទស្សនកិច្ចពិសេសមួយជូនក្រុមអ្នកសារព័ត៌មានអន្តរជាតិចំនួន ១១នាក់ មកពីប្រទេសជប៉ុន ចាប់ពីថ្ងៃទី០២-០៩ ខែមីនា ឆ្នាំ២០២០ សម្រាប់យកទៅផ្សព្វផ្សាយនៅទីផ្សារទេសចរនៅប្រទេសជប៉ុន ក៏ដូចជាទីផ្សារអន្តរជាតិដទៃទៀត។
លោក ពា ភាព បានបន្តថា ការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជារបស់ក្រុមអ្នកសារព័ត៌មានជប៉ុនទាំង ១១នាក់នេះ ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរបស់មជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌អាស៊ាន-ជប៉ុន ដើម្បីសិក្សាស្វែងយល់ពីគោលដៅទេសចរណ៍សំខាន់នៃព្រះរាជាណាចក្រកម្ពុជា សំដៅទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិមកទស្សនា និងវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។
បើតាមអនុប្រធាននាយកដ្ឋានរូបនេះ បានបញ្ជាក់ថា គោលដៅទេសចរណ៍ដែលក្រុមអ្នកសារព័ត៌មានជប៉ុនត្រូវទៅទស្សនកិច្ចនោះ រួមមាន៖ ព្រះបរមរាជវាំង រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ សារមន្ទីរជាតិភ្នំពេញ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង នៃរាជធានីភ្នំពេញ ទឹកជ្រោះប៊ូស្រា ផ្ទះជនជាតិភាគតិច នៃខេត្តមណ្ឌលគិរី ប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ នៃខេត្តព្រះវិហារ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន នៃខេត្តសៀមរាប។
តាមរយៈការធ្វើទស្សនកិច្ចផ្សព្វផ្សាយគោលដៅទេសចរណ៍នៅតាមបណ្ដារាជាធានី-ខេត្តខាងលើនេះ ក្រុមការងារនៃក្រសួងទេសចរណ៍ ក្រុមអ្នកសារព័ត៌មាននៃមជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌អាស៊ាន-ជប៉ុន ក៏ទទួលបានការសហការយ៉ាងជិតស្និទ្ធពីសំណាក់អភិបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍ផងដែរ៕