(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ មានរថយន្តកុងតឺន័រមួយគ្រឿង បានដាច់ហ្រ្វាំង ជ្រុលទៅបុករថយន្តជាបន្តបន្ទាប់ចំនួន ៤គ្រឿង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់នៅលើវិថីផែ ត្រង់ចំណុចហួសចំណោទយាយ២០០ម៉ែត្រ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តដឹកកុងតឺន័រ ១គ្រឿងម៉ាក FUSO ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3D-3192 បើកបរឈ្មោះ ស៊ី ធឿន ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅសង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានទិសដៅកើតឆ្ពោះទៅលិច លុះមកដល់ចំណុចខាងលើស្ថានភាពផ្លូវចុះចំណោទ រថយន្តដាច់ហ្រ្វាំង បានជ្រុលទៅជាបន្តបន្ទាប់រថយន្ត ៤គ្រឿងមានទិសដៅស្របគ្នារួមមាន៖
*១ ៖ រថយន្តម៉ាក HYUNDAI ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ ព្រះសីហនុ2A-8562 អ្នកបើកបរឈ្មោះ យ៉ុក សុខហុងភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ បើកបរថយន្ត ស្នាក់នៅ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
*២ ៖ រថយន្តស្ទូចម៉ាក FUSO ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ 3B-7907 (ជាកម្មសិទ្ធរបស់ក្រុមហ៊ុនដូនពេញ) ចំណែកអ្នកបើកបរឈ្មោះ ផុន សុភាព ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ស្នាក់នៅសង្កាត់២ ក្រុង/ខេត្តព្រះសីហនុ។
*៣ ៖ រថយន្តម៉ាក TICO ពណ៌ ឈាមជ្រូក ពាក់ផ្លាកលេខ កណ្ដាល 2A-0664 អ្នកបើកបរឈ្មោះ ប៉ែន ហឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-
ខេត្តព្រះសីហនុ។
*៤ ៖ រថយន្តម៉ាក INNOVA ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2BD-1389 អ្នកបើកបរឈ្មោះ យ៉ុន យេន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូហូលីដេ ស្នាក់នៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
បើតាមរបាយការណ៍ តុល្យការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យរងរបួសមនុស្សធ្ងន់ត្រង់ជើងម្នាក់ ឈ្មោះ ស៊ី ធឿន អ្នកបើកបររថយន្តកុងតឺន័រ បានបញ្ជូនទៅព្យាបាលនៅគ្លីនិកមិត្តភាពឃ្លាំងលើ។
រីឯវត្ថុតាងរថយន្តចំនួន ៥គ្រឿង ខូចខាតកម្រិត (ធ្ងន់៤គ្រឿង ស្រាល១គ្រឿង) ត្រូវបានសមត្ថកិច្ចជំនាញ យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុបន្តតាមនីតិវិធី៕