(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានជំរុញដល់មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋ ជុំវិញបញ្ហាទុកដាក់សំរាម និងសម្អាតអនាម័យ បរិស្ថាន ឲ្យក្រុងកំពត មានសោភ័ណភាព និងអនាម័យល្អ ដើម្បីទាក់ទាញឱ្យភ្ញៀវទេសចរជាតិអន្តរជាតិមកកម្សាន្តលេងកាន់តែច្រើនឡើងថែមទៀត។
ការជំរុញបែបនេះ ធ្វើឡើងខណ:លោកអភិបាលខេត្ត ដឹកនាំក្នុងកិច្ចប្រជុំ ស្ដីពីការ បន្តពង្រឹងនិងជំរុញ ការអនុវត្តបញ្ហាការគ្រប់គ្រង ទុកដាក់សំរាម និងការសំអាតអនាម័យបរិស្ថានក្រុងកំពត នាព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពត ដោយចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។
លោក ជាវ តាយ បានបញ្ជាក់បន្តទៀតថា បញ្ហាការប្រមូលទុកដាក់សំរាមក៏ដូចបញ្ហា សំអាតអនាម័យបរិស្ថានក្រុងគឺជាបញ្ហាមួយ ដែលអាជ្ញាធរគ្រប់ថ្នាក់ក្នុងមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវតែមានការប្ដេជ្ញាចិត្ត រួមសហការគ្នាជាប្រចាំ ក្នុងការពង្រឹងនិងជំរុញការអនុវត្តអោយបានព្រមគ្នា ដើម្បីធ្វើឲ្យទីក្រុងប្រកបដោយភាពស្រស់បំព្រង និងធានាបាននូវ សុខមាលភាពសាធារណៈបានល្អប្រសើរជូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត ក៏បានបន្តទៀតថា រយៈពេលកន្លងទៅបញ្ហាសំរាមនៅក្នុងក្រុងកំពត ក៏ដូចជាឃុំមួយចំនួន នៃស្រុកទឹកឈូដែលជាប់ក្រុងកំពត តាមការសង្កេតឃើញថា មានការយកចិត្តទុកដាក់ បានល្អប្រសើរ ពីសំណាក់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពរដ្ឋ ក៏ប៉ុន្តែទោះបីយ៉ាងនេះក្ដី បញ្ហាការគ្រប់គ្រង និងការប្រមូលសំរាមនៅក្នុងក្រុងកំពតមានការយឺតយ៉ាវ និងមានការចោលសម្រាមតាម ដងផ្លូវ ជាយក្រុងកំពតធ្វើឲ្យអាជ្ញាធរមានការពិបាកក្នុងការគ្រប់គ្រងបញ្ហាសំរាមនេះ។
បើតាមការសង្កេតឃើញនៅប៉ុន្មានខែចុងក្រោយនេះ ពិសេសចាប់ពីថ្ងៃបុណ្យសមុទ្រចុងឆ្នាំ ២០១៩មក បញ្ហាប្រមូលទុកដាក់សំរាម នៅមានកម្រិត ហាក់បីដូចជាធ្លាក់ចុះនៅមិនទាន់បានឆ្លើយតប មានប្រសិទ្ធភាពនៅឡើយ ទៅតាមភាពជាក់ស្ដែងនៃបញ្ហាសំរាម និងបញ្ហាសំអាតអនាម័យបរិស្ថានតាមដងផ្លូវ សួនសាធារណៈ នៃក្រុងកំពតនិងតាមដងផ្លូវមួយចំនួន នៅជុំវិញក្រុងកំពត ដែលតម្រូវទាមទារឱ្យយើងរួមសហការគ្នាបន្តពង្រឹងយកចិត្តទុកដាក់ឲ្យបានកាន់តែខ្លាំងក្លាល្អប្រសើរថែមទៀត។
លោកអភិបាលខេត្ត ក៏បានណែនាំជំរុញផ្ដាំផ្ញើដល់ មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ-សង្កាត់ បន្តយកចិត្តទុកដាក់អោយបានសកម្មថែមទៀត ព្រមទាំងឱ្យមានការអប់រំ ផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន បានយល់ដឹង បញ្ហាសំរាមនេះនិងចូលរួមប្រមូលទុកដាក់សំរាម ក្នុងទីកន្លែងប្រកបដោយសុវត្ថិភាព ពិសេសការចូលរួម អនុវត្តន៏តាមអនុក្រិត្យលេខ១១៣ អ.ន.ក្រ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលស្ដីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ក៏ដូចជាការពង្រឹងនៃការប្រមូលសំរាម នៅក្នុងក្រុងកំពតឲ្យមានប្រសិទ្ធភាព ប្រកបដោយនិរន្តរភាពបន្ថែមទៀត៕