(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានបន្តធ្វើបច្ចុប្បន្នភាពថា មកដល់ល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ កម្ពុជាមិនមានករណីជំងឺកូវីត១៩ (COVID-19) ថ្មីនោះទេ។
នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា បើទោះបីគ្មានករណីកូវីតថ្មី តែមានមនុស្ស ៤២៥នាក់ ទាំងប្រជាពលរដ្ឋខ្មែរ និងជនបរទេសកំពុងរស់នៅកម្ពុជា បានទៅធ្វើតេស្តសុខភាពរកជំងឺកូវីត១៩នេះ។ លទ្ធផលនៃការធ្វើតេស្ត គឺពួកគេមិនមានជំងឺកូវីត១៩នោះឡើយ។
នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ក៏បានបញ្ជាក់ផងដែរថា ជុំវិញស្ថានភាពសុខភាពរបស់មនុស្ស ៤៤នាក់នៅក្នុងខេត្តសៀមរាប ដែលបានប៉ះពាល់ដោយផ្ទាល់៤នាក់ និង៤០នាក់ដោយប្រយោល ជាមួយជនជាតិជប៉ុនផ្ទុកជំងឺកូវីត១៩។ បើតាមនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានឱ្យដឹងថា មកដល់ល្ងាចថ្ងៃនេះមនុស្សទាំង៤៤នាក់ មានសុខភាពល្អធម្មតា មិនទាន់មានលេចចេញរោគសញ្ញាអ្វីនៅឡើយនោះទេ។
បើទោះបីជាយ៉ាងមនុស្សទាំង៤៤នាក់ បន្តដាក់ឱ្យនៅដាច់ដោយឡែកពីគេចំនួន១៤នាក់ ដើម្បីតាមដានសុខភាព។ មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល អាជ្ញាធរដែនដី មន្ត្រីអង្គការសុខភាពពិភពលោក (WHO) មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កំពុងរួមធ្វើការតាមដានយ៉ាងដិតដល់លើសុខភាពមនុស្សទាំង៤៤នាក់នោះ៕