(កណ្តាល)៖ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ស្រ្តីដែលមានជាងពាក់កណ្តាលនៃប្រជាជនសរុបក្នុងប្រទេសកម្ពុជា ដែលបានរួមដំណើរជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព ពន្លឿនការអភិវឌ្ឍប្រទេស និងកាត់បន្ថយភាពក្រីក្រ។ លោកស្រីបានលើកឡើងបន្ថែមថា ទិវាអន្តរជាតិ ៨មីនា គឺជាការរំលឹកនូវបុព្វហេតុតស៊ូរបស់ស្រ្តីជារួមនៅលើពិភពលោក និងការលើកកំពស់សិទ្ធិរបស់ស្រ្តី ព្រោះថាសិទ្ធស្រ្តី គឺជាសិទ្ធិរបស់មនុស្ស ដូច្នេះការវិនិយោគលើស្រ្តី ឬការជួយស្រ្តី គឺដូចគ្នាទៅនឹងការជួយខ្លួនឯង។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងពេលដែលប្រជាពលរដ្ឋ រួមទាំងក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណ ៣៥០នាក់ ចូលរួមមីទ្ទីញអបអរសាទរខួបទី ១០៩ ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកម្ពស់សមភាពយេនឌ័រ» ដែលដឹកនាំដោយ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី សមាជិកាគណៈអចិន្រៃ្តយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី ១ គណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅស្រុកលើកដែក ខេត្តកណ្តាល។
នៅក្នុងពិធីនេះ ក្រុមការងារស្រ្តីស្រុកតំណាងដោយ អ្នកស្រី ផល គុយនី បានអានជូនអង្គពិធីនូវរបាយការណ៍អំពីស្ថានភាពនានាពាក់ព័ន្ធនឹងស្រ្តី ដូចជារចនាសម្ព័ន្ធ ភាពជឿនលឿង សមិទ្ធិផលការងារដែលសម្រេចបាននាពេលកន្លងមក និងទិសដៅជាមួយនឹងការប្តេជ្ញាចិត្តរបស់ស្រ្តីក្នុងស្រុកលើកដែកនាពេលបច្ចុប្បន្ន និងអនាគត។ នៅក្នុងរបាយការណ៍នោះបានបង្ហាញពីសមភាពយេនឌ័ររបស់ស្រ្តី និងបុរស នៃគ្រប់លំដាប់ថ្នាក់ក្នុងស្រុកលើកដែក ដែលស្រ្តីមានសិទ្ធិ តួនាទី និងអំណាចពេញលេញក្នុងការចូលរួមរាល់សកម្មភាពសំដៅដល់សេ្ថរភាព និងការអភិវឌ្ឍក្នុងស្រុកនេះ។ បន្ទាប់មកទៀត លោក អ៊ុក ដាមរី បានឡើងអានព្រះរាជសារ «សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថសីហនុ ព្រះវរជាមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល» ដែលបានរំលេចនូវពាក្យពេចន៍ដ៏មានអត្ថន័យជូនដល់ជនរួមជាតិនាឱកាសដ៏មហាប្រសើរនៃការរំលឹកខួបទី ១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ នេះ។
ក្រោយពីបានស្តាប់នូវរបាយការណ៍ដ៏ក្បោះក្បាយ និងព្រះរាជសារដ៏មានអត្ថន័យរួចមក លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានបន្តការសំណេះសំណាលដោយជាបឋម លោកស្រី បានពាំនាំការសាកសួរសុខទុក្ខពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ លោកស្រី បានលើកឡើងថា ជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការបំផុស និងបញ្រ្ជាប លើការលើកកម្ពស់សិទ្ធិរបស់ស្រ្តី។ លោកស្រី បានគូសបញ្ជាក់បន្ថែមថា ការអោយតំលៃស្រ្តី និងលើកកំពស់សមភាពយេនឌ័រគឺប្រទេសកម្ពុជាមានតាំងពីបុរាណកាលមក ឧទាហរណ៍ដូចជា ពាក្យ «មេ» ដែលនៅពីមុខពាក្យដទៃទៀត ដែលនេះសម្គាល់ពីការចាត់ទុកស្រ្តីជាធំក្នុងសង្គមខ្មែរ ហើយទៀតសោតសង្គមខ្មែរ គឺជាសង្គមមាតាធិបតេយ្យ។
លោកស្រី បានសង្កត់ធ្ងន់ថា ស្រ្តីបានររួបរួមសាមគ្គីភាពគ្នាតាំងពីដើមមកទល់បច្ចុប្បន្ន នៅគ្រប់លំដាប់ជាន់ថ្នាក់ទាំងថ្នាក់ជាតិ និងក្រោមជាតិ រហូតឈានដល់សហការណ៍គ្នាទូទាំងសកលលោក ដើម្បីធ្វើយ៉ាងណាជំរុញសមភាពយេនឌ័រ ក៏ដូចជាភាពអង់អាចអោយស្រ្តីចូលរួមក្នុងគ្រប់វិស័យនៃសង្គមជាតិ។ លោកស្រី បានលើកឡើងបន្តទៀតថា ខ្លឹមសារដូចមានជម្រាបជូនក្នុងព្រះរាជសាររបស់ សម្តេចព្រះវរជាមាតាជាតិខ្មែរ នរោត្តមមុនីនាថសីហនុ ដែលបានកោតសរសើរ និងគាំទ្រប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» គឺពិតជាសមស្របទៅតាមបរិការណ៍របស់ប្រទេសកម្ពុជា ហើយក៏បានឆ្លើយតបផងដែរទៅនឹងក្របខណ្ឌថ្មីជាសកលនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដោយមិនទុកនរណាម្នាក់ឱ្យឯកោ។
លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានសង្កត់ធ្ងន់ថា សុខសន្តិភាពបានផ្តល់នូវអ្វីៗគ្រប់យ៉ាងដល់ប្រជាជនកម្ពុជា ហើយសម្រាប់ស្រ្តីគឺមានអត្ថន័យ និងសារៈសំខាន់ណាស់។ សព្វថ្ងៃស្រ្តីជាច្រើនកំពុងកាន់ការងារជាអ្នកដឹកនាំក្នុងជួររដ្ឋាភិបាល សភា ក៏ដូចជាស្ថាប័នផ្សេងៗ ហើយពិតណាស់ដែលតួនាទីស្រ្តីក្នងកិច្ចការងារធំៗដូចនេះ មិនអាចកើតមានក្នុងករណីដែលប្រទេសមានផ្នក់ភ្លើងសង្រ្គាមបានទេ ហើយនេះមិនត្រឹមតែកម្ពុជានោះទេ គឺនៅគ្រប់ប្រទេសទាំងអស់។ នេះសរបញ្ជាក់ថា ការលើកសមភាពយេនឌ័រកើតមាននៅក្នុងប្រទេសដែលមានសុខសន្តិភាព មានការអភិវឌ្ឍ កំណើនសេដ្ឋកិច្ចកើនឡើង ហើយទាំងនោះផ្តល់ផលប្រយោជន៍ដល់ស្រ្តី។
នាចុងបញ្ចប់ លោកស្រី ក៏បានលើកទឹកចិត្តដោយបានប្រគល់ជូននូវថវិកាឧបត្ថម្ភ ដល់អ្នកចូលរួមជាស្រ្តីទាំង៣៥០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៤ម៉ឺនរៀល និងអាវយឺតចំនួន០១ និងសារុងចំនួន ០១៕