(កែប)៖ គំនិតផ្តួចផ្តើមបន្ថែម សូចនាករគោលថ្មីស្តីពី «ការគ្រប់គ្រងបង្ការទប់ស្កាត់ និងឆ្លើយតបនឹងជំងីឆ្លង» ត្រូវបានគាំទ្រដាក់បញ្ចូលក្នុងគោលការណ៍ស្តីពីការវាយតម្លៃ និងចំណាត់ថ្នាក់ឆ្នេរខ្សាច់កម្សាន្តស្អាត ដើម្បីមិនត្រឹមតែឆ្លើយតបទៅនឹងសភាពការណ៍បច្ចុប្បន្នប៉ុណ្ណោះទេ ក៏ប៉ុន្តែជាការបង្កើតឱ្យមានផែនការជាប្រចាំមួយ ក្នុងការគ្រប់គ្រង ទប់ស្កាត់ និងឆ្លើយតបទៅនឹងជំងឺរាតត្បាតនានា នៅតាមរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្ត ដើម្បីធានាបានថា រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តស្អាត ជាគោលដៅទេសចរណ៍សម្រាកកម្សាន្តសុវត្តិភាព។
កិច្ចប្រជុំពិគ្រោះយោបល់លើការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំស្តីពី «ការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត» និង «ក្របប្រតិបត្តិឆ្នេរ» និង សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២០ បានរៀបចំឡើង នៅសាលាខេត្តកែប នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក កែន សត្ថា អភិបាលខេត្តកែប។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានដាក់ចេញនូវចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ដែលការវាយតម្លៃត្រូវប្រើប្រាស់គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត ដែលមាន៥គោលការណ៍ ៨សូចនាករគោល រួមមាន ៦៨លក្ខណៈវិនិច្ឆ័យ។
ឯកសារគោលការណ៍ណែនាំស្តីពី «ការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត» ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៦នោះ នឹងត្រូវបន្តដាក់ពិគ្រោះពីរលើកទៀត នៅខេត្តព្រះសីហនុ និងខេត្តកោះកុងនាពេលខាងមុខ៕