(ភ្នំពេញ)៖ ដោយសារតែកំណើនជីវភាពប្រជាជនកាន់តែប្រសើរឡើងជាលំដាប់ ការប្រើប្រាស់ពេជ្រដែលជាគ្រឿងអលង្កាលម្អខ្លួនក៏កាន់តែពេញនិយមសម្រាប់អភិជន និងអ្នកមានជីវភាពធូរធានៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាយ៉ាងនេះក្តីសម្រាប់អ្នកជំនាញឯកទេសខាងពេជ្រនេះ គឺការទិញពេជ្រ គួរតែជ្រើសរើសហាងពេជ្រណា ដែលមានបច្ចេកទេសក្នុងការបញ្ជាក់ជូនគ្រឿងពេជ្រឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការក្លែងបន្លំ។
លោក វ៉ា រស្មីរ័ត្ន គណៈគ្រប់គ្រងរបស់ហាងពេជ្រថេសា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមឲ្យដំបូន្មាន ជាមតិយោបល់សម្រាប់អតិថិជន ដែលជ្រើសរើសហាងពេជ្រ សូមបងប្អូនជ្រើសរើសហាងពេជ្រណា ដែលមាននូវបច្ចេកទេសក្នុងការបញ្ជាក់ជូននូវគ្រឿងពេជ្រ ឲ្យបានត្រឹមត្រូវ ចៀសវាងការក្លែងបន្លំ»។
ការលើកឡើងរបស់អ្នកជំនាញរូបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលក្រុមហ៊ុនថេសា បានពង្រីកសាខាហាងលក់ពេជ្រថ្មីមួយទៀត ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើបរតនាផ្លាសា។ ការពង្រីកសាខានេះ ដើម្បីបំពេញតម្រូវការអតិថិជន បន្ទាប់ពីជោគជ័យខ្លាំងក្នុងការបើកហាងលក់ពេជ្រ នៅបឹងកេងកង។
គណៈគ្រប់គ្រងរបស់ហាងពេជ្ររូបនេះ បាននិយាយប្រៀបធៀបរវាងហាងប្រេនដ៍ និងហាងធម្មតា ដោយអះអាងថា បច្ចុប្បន្ននេះគេសង្កេតឃើញមានការបន្លំពេជ្រច្រើន។ លោកថ្លែងថា ដើម្បីឲ្យអតិថិជន មានទំនុកចិត្តចំពោះហាងរបស់ខ្លួន ក្រុមហ៊ុនថេសា មានលិខិតបញ្ជាក់ត្រឹមត្រូវជាអន្តរជាតិ និងមានអ្នកជំនាញសម្គាល់លក្ខណៈរបស់ពេជ្រ។
លោក វ៉ា រស្មីរ័ត្ន បានលើកឡើងដែរថា មូលហេតុដែលក្រុមហ៊ុនរបស់លោក សម្រេចចិត្តបើកហាងលក់ពេជ្រ ដោយសារមើលឃើញថា ប្រជាជនកម្ពុជាមានជីវភាពសម្បូរសប្បាយ ធ្វើឲ្យពួកគាត់ចង់បានគ្រឿងអលង្ការល្អៗ។ លោកមើលឃើញថាទៀតថា តម្រូវការរបស់អតិថិជន ក្នុងការចង់ទិញពេជ្រនោះ ក៏មានកាន់តែច្រើនផងដែរ។ លោកបានបន្ថែមថា ក្នុងរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃសម្ពោធហាងនេះ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ ២០ភាគរយ សម្រាប់ការទិញគ្រឿងអលង្ការ និងពេជ្រ នៅឯសាខាទួលគោក ក្នុងផ្សារទំនើបរតនាផ្លាសា។ ចំពោះហាងពេជ្រថេសា មានបច្ចេកទេស និងឧបករណ៍សម័យទំនើប ដើម្បីបញ្ជាក់ថាពេជ្រនោះសុទ្ធ ឬមិនសុទ្ធទៀតផង។
ហាងពេជ្រថេសា មានលក់គ្រឿងអលង្ការ ដែលនាំចូលពីបរទេស ដូចជាទីក្រុងហុង ប្រទេសចិន និងមានលក់ពេជ្រ ដែលនាំចូលពីប្រទេសប៊ែលហ្ស៉ិក។ ក្រុមហ៊ុននេះ ថែមមានទទួលរចនាម៉ូតគ្រឿងអលង្ការ តាមតម្រូវការរបស់អតិថិជនផងដែរ ហើយអតិថិជនអាចបញ្ជារទិញតាម Online បានផងដែរ។
លោក វ៉ា រស្មីរ័ត្ន បានបញ្ជាក់បន្តថា៖ «ដោយសារយើងឃើញថា តម្រូវការទីផ្សារយើងមានច្រើន អញ្ចឹងថេសានឹងប្រឹងអស់លទ្ធភាព នៅក្នុងការផ្តល់ជូននូវសេវាកម្មដ៏ល្អជូនអតិថិជន ជាពិសេសបន្ថែមលើនោះ ថេសាយើងនឹងជួយសម្រួលដល់អតិថិជន ដោយយើងមានក្រុមជំនាញ ក្នុងការប្រឹក្សាយោបល់ ចំពោះអតិថិជនណា ដែលគាត់មានតម្រូវការខាងគ្រឿងអលង្ការ។ យើងមានជាភ្នាក់ងារជំនាញ ដើម្បីផ្តល់ជាដំបូន្មាន ក៏ដូចជាផ្តល់ប្រឹក្សាជូនអតិថិជន នូវរាល់ម៉ោងធ្វើការ»។
លោកបន្ថែមថា នៅក្នុងហាងពេជ្រថេសា មានពេជ្រដែលមានគុណភាពខ្ពស់ និងតម្លៃធូរ ដែលគ្រឿងអលង្ការ ត្រូវបានដាក់លក់ចាប់ពីតម្លៃ ៣០០ដុល្លារអាមេរិក ឡើងទៅតែប៉ុណ្ណោះ។ លោកអះអាងថា អតិថិជនដែលទិញពេជ្រនៅហាងពេជ្រថេសា ភាគច្រើនគឺជាជនជាតិខ្មែរ៕