(កណ្ដាល)៖ ចោរប្លន់២នាក់ មិនស្គាល់អត្តសញ្ញាណ បានប្រើកាំបិភ្ជង់ក និងចងជនរងគ្រោះដាក់ចូលបន្ទប់ទឹក ហើយប្លន់យកលុយអស់ ១២០០ដុល្លារ និងលុយខ្មែរប្រមាណ ៨០ម៉ឺនរៀល នាថៃ្ងទី ៥ ខែមីនា ឆ្នាំ២០២០ នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សុខ ហេង អាយុ៦០ឆ្នាំ ស្នាក់នៅត្រយឹង ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល។ រីឯម្ចាស់លុយ និងជាម្ចាស់ផ្ទះឈ្មោះ ទាវ ភេកឡេង អាយុ២៨ឆ្នាំមុខរបរ គណនេយ្យរោងចក្រ ស្នាក់នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល។
នគរបាលបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងម្ចាស់ផ្ទះបានញំាបាយជុំគ្នាដល់ម៉ោង ១ថ្ងៃ ទើបម្ចាស់ផ្ទះចេញទៅធ្វើការរោងចក្រវិញ។ បន្ទាប់មក ក៏ស្រាប់តែចោរប្លន់ ២នាក់ បានលបចូលផ្ទះធ្វើកម្មភាពចាប់ចងស្ត្រីម៉ែដោះ ញ៉ុកក្រមាចូលមាត់ មិនឲ្យស្រែក ហើយក៏ឆែកឆេរយកលុយអស់តែម្ដង។
ក្រោយកើតហេតុ គេឮសម្លេងក្មេងយំខ្លាំងពេក អ្នកជិតខាងម្នាក់ឈ្មោះ ជាក់ សុភ័ណ្ឌ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់ដូរ មានការសង្ស័យ ក៏រត់មកមើលក្មេងហើយក៍ឃើញស្ថានភាព ដូចរពបរាប់ខាងលើ។ ភ្លាមនោះ ខ្លួនក៏រាយការណ៍ជូនសមត្ថកិច្ចភ្លាមផងដែរ។
ចំពោះករណីនេះកម្លាំង ជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕