(សៀមរាប)៖ នារសៀលថ្ងៃទី៥ ខែមិនា ឆ្នាំ២០២០ នៅសាលមហោស្រពអាណាចក្រអង្គរ មានប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ក្រោមអធិបតីភាព លោក អ៊ាន ឃុន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និងលោក ទៀ សីហា អភិបាលខេត្ត និងលោកស្រី ដោយមានវត្តមានអញ្ជើញចូលរួមរបស់លោក លោកស្រី សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា រួមទាំងលោកស្រីជាភរិយាថ្នាក់ដឹកនាំមន្ទីរ អង្គភាព បងប្អូនស្រី្ត ជាមន្ត្រីរាជការ ពាណិជ្ជករ អាជិវករ ក្រុមហ៊ុននានា និង អង្គការដៃគូរក្នុងខេត្ត ប្រមាណ ៦០០នាក់។
លោកអភិបាលខេត្ត បានថ្លែងថា យុទ្ធនាការថ្ងៃទី៨មីនា ជាព្រឹត្តិការណ៍សកលលោក ដែលមហាសន្និបាតអង្គការសហ ប្រជាជាតិ បានប្រកាសជាថ្ងៃ បានរៀបចំយុទ្ធនាការទិវាអន្តរជាតិ ស្តីពីសិទ្ធិស្ត្រី និង សន្តិភាពពិភពលោកនាឆ្នាំ១៩៧៧។
ជារៀងរាល់ឆ្នាំ កម្ពុជាយើងរៀបចំឡើង ក្នុងគោលបំណង ដើម្បីរំលឹកឡើងវិញនូវការតស៊ូរបស់វីរៈស្រ្តី ក្នុងការធ្វើឲ្យសម្រេចនូវសមធម៌ សន្តិភាព និងការអភិវឌ្ឍ នៅក្នុងសង្គម ដែលជាលទ្ធភាពធ្វើឱ្យស្ត្រីទទួលបានការគោរពសិទ្ធិសេរីភាព និង ការទទួលស្គាល់តម្លៃ នៃការចូលរួមដោយស្មើភាពលើការអភិវឌ្ឍទាំងក្នុងគ្រួសារ និងសង្គមជាតិ ក្នុងការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និង វិធានការជាវិជ្ជមាននានា ក្នុងការលើកកំពស់សមភាពយេនឌ័រ និង បង្កើតភាពអងអាចដល់ស្ត្រី និង ក្មេងស្រី ដើម្បីឱ្យពួកគាត់ក្លាយជាកម្លាំងចលករមួយ ចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
លោកបន្តទៀតថា សន្តិភាព គឺជាធាតុផំ្សដ៏សំខាន់ សម្រាប់ ធានាចីរភាពនៃកិច្ចអភិវឌ្ឍន៍ ក្នុងខណៈបោះជំហានលើមាគារនៃការកសាង និង អភិវឌ្ឍលើគ្រប់វិស័យ ក្រោមម្លប់សន្តិភាពដែលធ្វើ ឱ្យប្រជាជនកម្ពុជាទទួលបានផ្លែផ្កាពីសេចក្តីសុខ សន្តិភាព ស្ថិរភាពនយោបាយ និង កំណើនសេដ្ឋកិច្ច ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន៕