(ភ្នំពេញ)៖ គម្របលូមួយចំនួន ដែលរងការខូចខាតមួយអន្លើ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងខណ្ឌឫស្សីកែវ គិតត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ ឃើញថា ចាប់ផ្ដើមមានគម្របត្រឹមត្រូវល្អ ប្រសើរឡើងវិញហើយ បន្ទាប់ពីលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំក្រុមការងារ ចុះរៀបចំដាក់ ដើម្បីការពារ កកស្ទះដោយសារសំរាមធ្លាក់ចូល និងការពាររាល់គ្រោះថ្នាក់ កើតជាឧបទ្ទវហេតុផ្សេងៗ ក៏ដូចជា ការរក្សាសោភ័ណ្ឌភាពទីក្រុង។
ជំវិញបញ្ហានេះ លោក ជា ពិសី តែងបានរំលឹកជានិច្ចឲ្យអាជ្ញាធរសង្កាត់-ភូមិ ជួយឲ្យអស់ពីកម្លាំងកាយប្រាជ្ញាស្មារតី ក្នុងការចូលរួមដោះស្រាយរាល់បញ្ហាផ្សេងៗ ពិសេសបញ្ហាសេវាតម្រូវការ ក៏ដូចជា សេវាសំណូមពរ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋានដោយគ្មានលក្ខខណ្ឌឡើយ ដើម្បីបម្រើជូនប្រជាពលរដ្ឋ ស្របតាមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ការក្រើនរំឭកយ៉ាងដូច្នេះ របស់លោក ជា ពិសី បានធ្វើឡើងនៅរៀងរាល់បើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាព និងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ ដោយមានការចូលរួមពីគណៈអភិបាលរងខណ្ឌ អាជ្ញាធរសង្កាត់-ភូមិ និងមន្ត្រីការិយាល័យជុំនាញពាក់ព័ន្ធ ទាំងឡាយ ដើម្បីចុះត្រួតពិនិត្យជាក់ស្ដែង នូវរាល់ផ្លូវរងការខូចខាត (សំបុកមាន់) គម្របលូ ការស្ដារប្រព័ន្ធលូបង្ហូរទឹក និងបរិស្ថានសំរាម ក្នុងការសិក្សាគម្រោង ឈានទៅរកដំណោះស្រាយមួយសមស្រប ក្រៅពីលោករំលឹកឲ្យកម្លាំងសមត្ថកិច្ច និងមន្ត្រីជុំនាញពាក់ព័ន្ធ យកចិត្តទុកដាក់លើការពង្រឹង រក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋ៕