Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ ណែនាំមន្រ្តីក្រោមឱវាទបង្កើនសកម្មភាព ធ្វើការងាររួមគ្នា ដោយមិនត្រូវរើសអើងនារីភេទ

06-03-2020 13:00

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ អគ្គនាយក នៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ បានណែនាំទៅមន្រ្តីនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវបន្តប្រពៃណីធ្វើការងារ ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពគ្នា មានការទទួលខុសត្រូវ មានវិន័យ សេចក្ដីថ្លៃថ្នូរ ចេះគោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក ដើម្បីសម្រេចឲ្យបាននូវគោលដៅរួមរបស់ អគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ក្នុងបម្រើសេវាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ។

ថ្លែងនៅក្នុងពិធីសំណេះសំណាល អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ ជាមួយមន្រ្តីនគរបាលនារី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានក្រើនរំលឹកដល់មន្រ្តីនគរបាលបុរសទាំងអស់ ត្រូវលុបបំបាត់ឲ្យបានជាដាច់ខាត នូវការរើសអើងសមភាពយេនឌ័រ នៅក្នុងសង្គម។

នាយឧត្តមសេនីយ៍ អគ្គនាយក បានអះអាងថា នារី គឺជាកម្លាំងដ៏មុតស្រួច និងជាធនធានមនុស្សដ៏មានតម្លៃ ដែលមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍប្រទេសជាតិ ខណៈដែលប្រទេសកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់លើកស្ទួយតួនាទីរបស់នារី ក្នុងជួរដឹកនាំតាមស្ថាប័ននីមួយៗ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានជំរុញឲ្យមន្រ្តីនគរបាលអន្តោប្រវេសន៍នារីទាំងអស់ ត្រូវបង្កើនសមត្ថភាព និងចំណេះ របស់ខ្លួនបន្ថែមទៀត ដើម្បីបម្រើសេវាសាធារណៈជូនភ្ញៀវជាតិ និងអន្តរជាតិ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

សូមបញ្ជាក់ថា ទិវាអន្តរជាតិនារី៨មីនា នៅក្នុងឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកយកប្រធានបទមួយគឺ «មានសន្តិភាព មានការលើកកម្ពស់ សមភាពយេនឌ័រ» សម្រាប់ដាក់ចេញជាសកម្មភាពគន្លឹះ ក្នុងការអនុវត្តគោនយោបាយជាតិ គាំពារសង្គមដែលជាផ្នែកមួយ នៃគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា៕