(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈរបស់ឡាវ បានឯកភាពគ្នាយកចិត្តទុកដាក់បន្តអនុវត្តកិច្ចការសំខាន់ៗ៣ចំណុច ពាក់ព័ន្ធនឹងការងារសន្តិសុខ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ស្តីពីលទ្ធផលនៃការបំពេញទស្សនកិច្ចការងារបស់ សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានៅប្រទេសឡាវរយៈពេល៣ថ្ងៃ។
សេចក្តីប្រកាសបានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចការងារនោះ សម្តេចក្រឡាហោម ស ខេង បានប្រជុំជាមួយលោក វិល័យ ឡាខាំហ្វង រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈរបស់ឡាវ ដោយភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២០ និងបានឯកភាពគ្នាយកចិត្តទុកដាក់បន្តអនុវត្តកិច្ចការសំខាន់ៗមួយចំនួនរួមមាន៖
* បន្តជំរុញឲ្យអាជ្ញាធរជាប់ព្រំដែននៃប្រទេសទាំងពីរ ឱ្យសហការបង្កលក្ខណៈងាយស្រួលដល់ការចេញ-ចូលឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋ និងការផ្លាស់ប្ដូរពាណិជ្ជកម្មទៅវិញទៅមក ដើម្បីបម្រើដល់សេចក្តីត្រូវការនៃការអភិវឌ្ឍ និងការរីកចម្រើននៃជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែន ព្រមទាំងសហការដោះស្រាយបញ្ហា ឬបាតុភាពផ្សេងៗជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ដើម្បីបន្តសន្តិវិធី និងមានការយោគយល់គ្នាខ្ពស់។
* បន្តសហការចាត់វិធានការម៉ឺងម៉ាត់ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងសហការផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍ទៅវិញទៅមកពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ជាពិសេសជំរុញបង្កើតភូមិឃុំ និងសាលារៀនគ្មានគ្រឿងញៀន នៅតាមតំបន់ព្រំដែន។
* បន្តជំរុញចាត់វិធានការតឹងរ៉ឹង ដើម្បីទប់ស្កាត់ និងបង្ក្រាបការលួចឆ្លងដែនខុសច្បាប់ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការគ្រប់គ្រងតាមខ្សែបន្ទាត់ព្រំដែន និងសហការដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធីឈរលើគោលការណ៍គោរពឯករាជ្យ និងអធិបតេយ្យគ្នាទៅវិញទៅមក។
ក្នុងឱកាសជំនួបរបស់ភាគីទាំងពីរ សម្ដេចក្រឡាហោមស ខេង បានអញ្ជើញរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាមពេលវេលាសមស្រប ដើម្បីចូលរួមកិច្ចប្រជុំវាយតម្លៃលទ្ធផលនៃការអនុវត្តកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ និងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២១ របស់ក្រសួងទាំងពីរផងដែរ៕