(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់ឤចដល់ស្ត្រី ត្រូវបានវាយតម្លៃខ្ពស់ តាមរយៈការចាត់ចំណាត់ថ្នាក់របស់វេទិកា សេដ្ឋកិច្ចពិភពលោក ក្នុងឆ្នាំ២០២០ ដែលកម្ពុជាទទួលបានវឌ្ឍនភាព ក្នុងការកាត់បន្ថយគម្លាតយេនឌ័រ គួរជាទីមោទៈ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ ដែលរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់ឤចដល់ស្ត្រី ត្រូវបានវាយតម្លៃខ្ពស់ តាមរយៈការចាត់ចំណាត់ថ្នាក់របស់វេទិកា សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២០ ដែលកម្ពុជាទទួលបានវឌ្ឍនភាព ក្នុងការកាត់បន្ថយគម្លាត យេនឌ័រ គួរជាទីមោទៈ ដោយថយចុះពីចំណាត់ថ្នាក់លេខ១១២ នៅឆ្នាំ២០១៦ មកចំណាត់ថ្នាក់លេខ៨៩ នៅឆ្នាំ២០២០ ក្នុងចំណោមប្រទេសចំនួន១៥៣»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា ត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលមានស្ត្រី ចូលរួមយ៉ាងសកម្ម ក្នុងវិស័យសេដ្ឋកិច្ច និងការលើកកម្ពស់ សុខភាពស្ត្រី ហើយអត្រាស្ត្រីចូលរួម ក្នុងកម្លាំងពលកម្មខ្ពស់ជាងគេ រហូតដល់៧៩% ម្ចាស់ឤជីវកម្ម ៦៥% ជាស្ត្រី ទោះបីឤជីវកម្មភាគច្រើន ក្នុងចំណោមឤជីវកម្ម ទាំងនោះ ជាសហគ្រាសខ្នាតមីក្រូ និងខ្នាតតូចក៏ដោយ។
បន្ថែមពីនោះទៀត សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ក្នុងវិស័យអប់រំ កម្ពុជាមានសមភាពយេនឌ័រ ក្នុងកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ ហើយគម្លាតយេនឌ័រ នៅកម្រិតមធ្យមសិក្សាទុតិយភូមិ និងឧត្តមសិក្សា ក៏ត្រូវបានកាត់បន្ថយជាបណ្តើរៗ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនសិស្សស្រី នៅកម្រិត មធ្យមសិក្សាទុតិយភូមិមានការកើនឡើង ទាំងបរិមាណ និងគុណភាព។ លទ្ធផលនៃសិស្សស្រី ដែលទទួល បាននិទ្ទេស A ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ មានចំនួនក្នុងរង្វង់ ៥០%។
សម្ដេចតេជោ បានថ្លែងទៀតថា ស្ត្រី និងក្មេងស្រី មានលទ្ធភាពកាន់តែច្រើន ក្នុងការទទួលបានការសិក្សាអប់រំ ទាំងក្នុង និងក្រៅប្រព័ន្ធ ក្នុងនោះ ពួកគេក៏ត្រូវបាន លើកទឹកចិត្ដ និងគាំទ្រ ដេម្បីចាប់យកចំណេះដឹង ជំនាញ និងបច្ចេកវិទ្យាថ្មីៗ ជាពិសេសការអប់រំផែ្នកវិទ្យាសាស្ដ្រ បច្ចេកទេស វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា ស្របតាមភាពវិវត្តន៍រីកចម្រើន នៃបច្ចេកវិទ្យា និងទីផ្សារការងារផងដែរ។
ដើម្បីឆ្លើយតបចំពោះអំពើហិង្សា គ្រប់រូបភាពទៅលើស្ត្រី និងក្មេងស្ត្រី រាជរដ្ឋាភិបាល បានបង្កើតយន្តការច្បាប់ គោលនយោបាយផែនការសកម្មភាពជាតិ ការផ្តល់សេវាជាពហុវិស័យ និងវិធានការជាច្រើនទៀត ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធជាច្រើន រួមទាំងអង្គការសង្គមស៊ីវិល ដើម្បីជួយជនរងគ្រោះដោយ អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ នេះជាការបញ្ជាក់បន្ថែម របស់សម្ដេចតេជោ ហ៊ុន សែន។
ទន្ទឹមនេះ រាជរដ្ឋាភិបាល បានបង្កើនថវិកា ជូនដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចំនួន៥០០លានរៀល ក្នុងមួយឆ្នាំ សម្រាប់ជួយដល់ស្ដ្រី និងក្មេងស្រីរងគ្រោះ ក្នុងការ ស្វែងរកសេវាយុត្តិធម៌ តាមរយៈការបង្កើតក្រុមមេធាវី សម្តេចតេជោសែន ប្រចាំនៅគ្រប់រាជធានី-ខេត្តទាំង២៥ សម្រាប់ ជួយស្វែងរកសេវាយុត្តិធម៌ ជូនដល់ជនក្រីក្រ ស្ត្រី និងក្មេងស្រី ដែលរងគ្រោះដោយអំពើហិង្សា បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕