(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានថ្លែងអរគុណមន្ត្រីរដ្ឋបាលខណ្ឌ សង្កាត់ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងស្ត្រីជាកងកម្លាំងដែលបានរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ ធានាបានសមភាពយេនឌ័រ ប្រកបដោយបរិយាប័ន្ន។ ទោះបីគាត់មកបម្រើប្រជាពលរដ្ឋ នៅខណ្ឌបឹងកេងកង មានពេលខ្លីក៏ដោយ ក៏មន្ត្រីទាំងខិតខំធ្វើការងារយ៉ាងរលូន។
ការថ្លែងអំអរគុណបែបនេះ របស់លោក ធឹម សំអាន បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយនារី នៃរដ្ឋបាលខណ្ឌ និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់ សមភាពយេនឌ័រ» នៅសាលាខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ ដែលមានការចូលរួមពីស្ត្រី ជាសមាជិក ចំនួន ១៤០នាក់ ផងដែរ។
លោកអភិបាលបន្តថា បានបន្តថា «សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់រដ្ឋាភិបាលប្រទេសមួយ មានលទ្ធភាពផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម និងសុខមាលភាពរបស់ប្រជាជន។ បើបាត់បង់សន្តិភាពនោះ អ្វីៗគ្រប់យ៉ាងរួមទាំងសមភាពយែនឌ័រនឹងត្រូវបាត់បង់។ ដូច្នេះសន្តិភាពគឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍»។
លោកបានបន្តទៀតថា ជាក់ស្តែងបន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេស អាស្រ័យដោយនយោបាយឈ្នះឈ្នះ ដែលផ្តូចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា មានការរីកចំរើនជាលំដាប់ ដោយបោះជំហានយ៉ាងជឿជាក់លើមាគ៌ា នៃការអភិវឌ្ឍន៍ លើគ្រប់វិស័យ ឆ្ពោះទៅរកអនាគតមួយដ៏ភ្លឺស្វាង។
លោក ធឹម សំអាន បានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ជារៀងរាល់ឆ្នាំ មានគោលបំណង រំលឹកដល់សេចក្តីក្លាហាន និងការខិតខំតស៊ូរបស់បុព្វបុរសជាស្ត្រីទូទាំងសកលលោក ដើម្បីសិទ្ធិសិរីភាព និងតួនាទី ស្មើគ្នារវាងបុរស និងស្ត្រីនៅក្នុងសង្គម។
សំខាន់ជាងនេះទៀត ទិវានេះផ្តល់ឱកាសឲ្យយើងទាំងអស់គ្នានាសម័យបច្ចុប្បន្ន អាចឆ្លុះបញ្ចាំង និងអបអរសាទរ ចំពោះសមិទ្ធផលទាំងឡាយ ដែលសម្រេចបានក្នុងការលើកកម្ពស់ ការចូលរួមរបស់ស្ត្រីនៅគ្រប់ទិដ្ឋភាពទាំងអស់នៃសង្គម រួមមាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយ។
នៅក្នុងឱកាសនោះដែរ លោកបានបញ្ជាក់ថា ក្នុងនាមខ្ញុំ សូមគាំទ្រលើប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» បានរំលេចពីតម្លៃសុខសន្តិភាព និងអរគុណសន្តិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងថែរក្សាសន្តិភាពឲ្យនៅគង់វង្សយូរអង្វែងឆ្ពោះ ទៅមុខទៀត។ លើសពីនេះទៀត ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសកម្ពុជាបានពង្រឹងកិច្ចសហប្រតិបត្តិការថែរក្សាសុខសន្តិភាព និងស្ថិរភាពនៅលើពិភពលោក និងកិច្ចសហប្រតិបត្តិការជាមួយបណ្តា ប្រទេសជិតខាង ជាប់ព្រំដែន កសាងតំបន់ព្រំដែន ជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
នៅក្នុងឱកាសនោះ លោកស្រី ស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអានព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ជូនដល់អង្គពិធី។
ក្នុងឱកាសនោះ លោក ធឹម សំអាន បានជូនផ្កា និង១វត្ថុអនុស្សាវរីយ៍ ជូនដល់បងប្អូនជានារី ដែលបានចូលរួមខួបលើកទី១០៩ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២០នេះ ក្នុងក្តីសប្បាយរីករាយ៕