(ភ្នំពេញ)៖ សាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានស្នើមន្រ្តីរាជការ បុគ្គលិក និងកម្មការិនីជានារី ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ជាគ្រូពេទ្យ និងជាអ្នកថែទាំជំងឺបាន ល្អប្រសើរសកម្មភាពដ៏ប្រពៃរបស់បងប្អូននារីធ្វើឱ្យមន្ទីរពេទ្យ មានការរីកចម្រើនជាលំដាប់ឥតឈប់ឈរ។
ការថ្លែងរបស់សាស្រ្តាចារ្យ ឈាង រ៉ា បែបនេះក្នុងឱកាសអបអរសាទរប្រារព្ធខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្ដិភាព មានការលើកកម្ពស់ សមភាពយេនឌ័រ» ដែលគណៈកម្មការនារី រួមសហការជាមួយសហជីព មន្ទីរពេទ្យបានប្រារព្ធ ធ្វើពិធីនេះឡើងនៅមន្ទីរពេទ្យកាល់ម៉ែត ស្របពេលដែលក្នុងពិភពលោកក៏បានប្រារព្ធធ្វើដូចគ្នា នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ។
លោកបន្តថា នៅទូទាំងសកលលោក ក៏ដូចជាកម្ពុជា នៅថ្ងៃទី៨ ខែមីនា ជារៀងរាល់ឆ្នាំតែងតែប្រារព្ធទិវាអន្តរជាតិនារីនេះឡើង។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិសេសនយោបាយឈ្នះឈ្នះរបស់សម្តេច បាននាំឱ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ សមត្ថភាពយេនឌ័រត្រូវបានលើកតម្កើងឱ្យមានសិទ្ធិពេញលេញផ្តល់តម្លៃឱ្យស្រ្តីសិទ្ធិសមធម៌ មានឱកាស ដូចគ្នាជាមួយបុរសទាំងឋានៈតួនាទី និងសេរីភាព ក៏ដូចជាការផ្តល់ឱកាសជូនស្រ្តី ចូលរួ មយ៉ាងសកម្ម ក្នុងការងារ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងក្រសួង មន្ទីរ ស្ថាប័ន និងអង្គការសង្គមនានា ថែមទាំងចាត់ទុកថា ស្រ្តីជាឆ្អឹងខ្នង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ឱ្យមានភាពជឿនលឿនដូចបណ្តាប្រទេសមួយចំនួននៅលើសកលលោក។
លោក ឈាង រ៉ា សូមកោតសរសើរដោយស្មោះចំពោះមន្ត្រីរាជការ បុគ្គលិក កម្មករ-កម្មការិនី ក្នុងការបន្តរួមសាមគ្គីជាធ្លុងមួយ ដោយប្រកាន់យកក្រម សីលធម៌វិជ្ជាជីវៈខ្ពស់សហការគ្នាអនុវត្តការងារ ឱ្យកាន់តែប្រសើរថែមទៀត ក្នុងឆន្ទៈបន្ត ខិតខំពង្រឹងបង្កើនសមត្ថភាព ចំណេះដឹងជំនាញ ឯកទេស ជានិច្ចដើម្បីឈានឡើង ទៅរកភាពរីកចម្រើននាពេលអនាគតឱ្យកាន់តែមានតម្លៃឧត្តុង្គឧត្តម ជាលំដាប់។
បើតាមលោកស្រី អ៊ឹម សិទ្ធិការ្យ បានឲ្យដឹងថា ៨មីនា គឺជាព្រឹត្តិការណ៍សកលលោក ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាថ្ងៃស្តីពី សិទ្ធិស្រ្តី និងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧។ ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា បានរៀបចំកម្មវិធីទិវានារីអន្តរជាតិ ៨មីនា ដើម្បីរំលឹកពីការតស៊ូ ទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនៈភាព សមិទ្ធិផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាន ធានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី៕