(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញពិធីសំណេះសំណាលខួបអនុស្សាវរីយ៍លើកទី១០៩ នៃទិវាអន្តរជាតិនារី ៨-មីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅទី៥ ខែមីនា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមគាំទ្រចំពោះប្រធានបទឆ្នាំ២០២០នេះ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ស្របពេលដែលយើងទាំងអស់គ្នាកំពុងខិតខំប្រឹងប្រែង និងបន្តលើកកម្ពស់តម្លៃនៃសន្តិភាព ហើយជាអ្វីដែលរាជរដ្ឋាភិបាលយើង ក៏បាននិងកំពុងជំរុញឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋទាំងស្ត្រី និងបុរស ដើម្បីធានាថែរក្សាការពារឱ្យបាន នូវសុខសន្តិភាព និងវឌ្ឍនភាពរបស់សង្គមជាតិទាំងមូលលើគ្រប់វិស័យ។ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើការលើកកម្ពស់សមភាពយេនឌ័រ ត្រូវបានទទួលនូវការវាយតម្លៃខ្ពស់ ជាពិសេសស្តែងឡើងតាមរយៈការចាត់ចំណាត់ថ្នាក់របស់វេទិកាសេដ្ឋកិច្ចពិភពលោក ដោយកម្ពុជាយើងទទួលបានវឌ្ឍនភាពក្នុងការកាត់បន្ថយគម្លាតយេនឌ័របានល្អជាលំដាប់។
លោកថា បច្ចុប្បន្ននេះ ស្ត្រីជាច្រើនបានទទួលឱកាសចូលរួមក្នុងការងារស្ទើរគ្រប់វិស័យ ទាំងវិស័យនយោបាយ, មុខងារសាធារណៈ, កងកម្លាំងប្រដាប់អាវុធ, វិស័យឯកជន និងអង្គការសង្គមស៊ីវិល ហើយក៏ត្រូវបានគាំទ្រ និងលើកទឹកចិត្ត តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់ឤចដល់ស្ត្រីឱ្យមានភាពរឹងមាំនៅក្នុងជីវិត។ ជាក់ស្តែង នៅក្នុងក្របខ័ណ្ឌកងទ័ពជើងគោកផ្ទាល់ មានយោធិននារីប្រមាណជាង ២.៥០០នាក់ ហើយយោធិននារីក៏ត្រូវបានប្រគល់ភារកិច្ចជាថ្នាក់ដឹកនាំជួរបញ្ជាការ និងទទួលបាននូវការតម្លើងឋានន្តរស័ក្តិ ទៅតាមមុខងារ និងការលើកទឹកចិត្តផ្សេងៗផងដែរ។
មេបញ្ជាការកងទ័ពជើងគោក បានរម្លឹកថា នៅក្នុងរបប ប៉ុល ពត តម្លៃស្ត្រីត្រូវបានធ្លាក់ចុះដោយការបំផ្លាញចោលវប្បធម៌ ប្រពៃណី សាសនា ហើយស្ត្រីក៏ត្រូវបានជិៈជាន់រងទុក្ខវេទនា និងនិរាសព្រាត់ប្រាស់ពីគ្រួសារ។ ក្រោយថ្ងៃរំដោះ ៧-មករា-១៩៧៩ និងនយោបាយឈ្នះឈ្នះចុងឆ្នាំ១៩៩៨ ប្រទេសជាតិយើងទទួលបានសុខសន្តិភាព ហើយតម្លៃស្ត្រីត្រូវបានគិតគូរលើកកម្ពស់ ឱ្យល្អប្រសើរ ឡើងជាលំដាប់ ដែលក៏ជាកត្តាចូលរួមជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងគ្រប់ទីកន្លែង ធ្វើឱ្យប្រជាជនរស់នៅប្រកបដោយភាពសុខដុមរមនា និងផ្តល់ឱកាសឱ្យបុរស-ស្ត្រី កូនប្រុសស្រី បានរស់នៅជួបជុំក្រុមគ្រួសារ បានសិក្សារៀនសូត្រខ្ពង់ខ្ពស់ មានចំណេះដឹង និងមុខរបរ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន។
ពិសេសផងដែរ នៅក្នុងដំណាក់កាលសន្តិភាពដូចបច្ចុប្បន្ន សមត្ថភាព និងតម្លៃស្ត្រីកម្ពុជាក៏កាន់តែត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ដោយកម្ពុជាទទួលចំណាត់ថ្នាក់លេខ១ នៅក្នុងតំបន់អាស៊ាន ដែលបានបញ្ជូនកងទ័ពស្ត្រីទៅបំពេញបេសកកម្មក្រៅប្រទេសច្រើនជាងគេក្នុងក្របខ័ណ្ឌនៃកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារយេនឌ័រកងទ័ពជើងគោក ដែលខិតខំបំពេញភារកិច្ចទៅតាមផែនការយុទ្ធសាស្រ្ត បញ្រ្ជាបយេនឌ័រ របស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន និងសូមអរគុណយោធិននារីនៅទូទាំងកងទ័ពជើងគោក ដែលពេញមួយឆ្នាំ២០១៩ កន្លងទៅនេះ បានខិតខំបំពេញភារកិច្ចស្នូលរបស់ខ្លួនយ៉ាងសកម្ម ជាចំណែកមួយមិនអាចខ្វះបាននៅក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ហើយសុខសន្តិភាពរបស់យើង ដែលយើងកំពុងមានពេលនេះ ក៏ប្តូរមកពីការលះបង់ជីវិត និងការតស៊ូយ៉ាងលំបាករបស់យុទ្ធជនយុទ្ធនារី និងថ្នាក់ដឹកនាំជាច្រើន ដែលក្នុងនោះមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់នារីបានឡើយ។
ការអភិវឌ្ឍប្រទេសនីមួយៗ ត្រូវតែគិតគូរពីសក្កានុពលរបស់ស្ត្រី ដែលមានចំនួនច្រើនប្រហាក់ប្រហែលនឹងបុរស។ កត្តានេះឤចរួមចំណែកជួយពន្លឿនការអភិវឌ្ឍជាតិ ដូចដែល សម្តេចតេជោនាយករដ្ឋមន្ត្រី តែងបានលើកឡើងថា «ជួយស្ត្រីគឺជួយខ្លួនឯង»។ ភាពទន់ភ្លន់ និងស្នាមញញឹមរបស់ស្ត្រីជាថ្នាក់ដឹកនាំ ជាម្តាយ និងជាភរិយា គឺអាចឱ្យសង្គមគ្រួសារ និងសង្គមជាតិទាំងមូលមានសុខសន្តិភាព សុភមង្គល និងភាពរីកចម្រើនរុងរឿង។
លោកមេបញ្ជាការ បានប្រកាសសូមគាំទ្រ និងលើកទឹកចិត្តដល់ក្រុមការងារយេនឌ័រកងទ័ពជើងគោក ក៏ដូចជាបណ្តាស្ថាប័ន-កងឯកភាពទូទាំងកងទ័ពជើងគោក សូមបន្តយកចិត្តទុកដាក់ចូលរួម ក្នុងការលើកកម្ពស់ស្ត្រី, ពិនិត្យលទ្ធភាពផ្តល់ឱកាសដល់យោធិននារី, ជំរុញលើកទឹកចិត្តយោធិននារីឱ្យទទួលបានតួនាទី និងសិទ្ធិក្នុងការសម្រេចកិច្ចការមួយចំនួន៕