Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋ ១៨គ្រួសារ នៅភូមិលំទងចាស់ ស្រុកអន្លង់វែង ស្វែងរកយុត្តិធម៌ពីអាជ្ញាធរ ក្រោយជាង១ឆ្នាំ តែគ្មានដំណោះស្រាយទំនាស់ដីធ្លី ជាមួយមន្ត្រីយោធាយោធភូមិភាគទី៤

06-03-2020 11:08

(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋចំនួន ១៨គ្រួសារ រស់នៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានបញ្ហាទំនាស់ដីធ្លីជាមួយលោក នួន ធា ជាមន្ត្រីយោធាបំរើការ នៅអង្គភាពយោធភូមិភាគទី៤ រហូតមកដល់ថ្ងៃនេះរយៈពេលជាង ១ឆ្នាំហើយ មិនទាន់មានដំណោះសមស្របណាមួយពីសំណាក់អាជ្ញាធរស្រុកអាជ្ញាធរខេត្តចំពោះពួកគាត់នៅឡើយទេ បើទោះបីជាពាក្យបណ្តឹងរបស់ពួកគាត់ បានដាក់ចូលជាយូរមកហើយក្តី។

យោងតាមពាក្សបណ្តឹងរបស់ប្រជាពលរដ្ឋ រស់នៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ជូនលោកអភិបាលខេត្តឧត្តរមានជ័យ ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ បានបង្ហាញថា ប្រជាពលរដ្ឋទាំងអស់បានប្តឹងលោក នួន ធា មុខរបរយោធាបម្រើការងារនៅយោធភូមិភាគទី៤ ពីបទរំលោភយកដីស្រែចំការនៅចំណុចត្រពាំងកកោះ ស្ថិតក្នុងភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង។

នៅក្នុងពាក្សបណ្តឹង បានបញ្ជាក់ថា ក្រោយសមាហរណកម្មឆ្នាំ១៩៩៨ ពួកគាត់បានកាប់ឆ្កាដីសម្រាប់បង្កបង្កើនផល។ លុះឆ្នាំ២០១២ ក្រុមនិស្សិតស្ម័គ្រចិត្តរបស់សម្តេចតេជោ បានធ្វើការវាស់វែង កំណត់ក្បាលដីជូនពួកគាត់ លុះដល់ឆ្នាំ២០១៤ ទើបទទួលបានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដើម្បីបានកាន់កាប់ប្រើប្រាស់ដោយស្របច្បាប់។

លុះចុងឆ្នាំ២០១៤ លោក នួន ធា បានចេញមកធ្វើការហាមឃាត់មិនឲ្យធ្វើស្រែចំការ ដោយអះអាងថា ជាដីរបស់គាត់ ហើយនៅថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២០ លោកបានឲ្យសមត្ថកិច្ច មកចាប់ត្រាក់ទរ័របស់ពួកគាត់ទៀតផង ដែលករណីនេះពួកគាត់សំណូមពរឲ្យថ្នាក់ដឹកនាំខេត្ត ជួយដោះស្រាយជូនពួកគាត់ផង។

យ៉ាងណាក៏ដោយ ភ្នាក់ងារព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីមន្រ្តីយោធារូបនេះនៅឡើយទេ៕