(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ ដឹកនាំកិច្ចប្រជុំផែនការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ ក្នុងឆ្នាំ២០២០ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំផែនការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីប្រធានអង្គភាពពាក់ព័ន្ធទាំងអស់។
កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) គឺជាកិច្ចពិភាក្សានៃដំណើរការផ្លូវការមួយ និងកិច្ចសហប្រតិបត្តិការរវាងសមាជិកសហភាពអឺរ៉ុបទាំង៣០ប្រទេស និងអាស៊ីចំនួន២១ប្រទេស ព្រមទាំងលេខាធិការអាស៊ានផងដែរ។
កិច្ចពិភាក្សា ASEM លើកឡើងពីបញ្ហា នយោបាយ សេដ្ឋកិច្ច និង វប្បធម៌ ជាមួយគោលបំណង នៃការលើកកំពស់ទំនាក់ទំនង រវាងតំបន់ទាំងពីរ ដោយឈរលើគោលបំណង នៃការគោរពគ្នាទៅវិញទៅមក និង ភាពជាដៃគូដោយស្មើសិទ្ធិគ្នា៕