(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង នៅល្ងាចថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ បានទទួលបណ្ណសរសើរប្រតិបត្តិមេត្រីភាពបរិស្ថាន ពីប្រសួងបរិស្ថាន។
ការប្រគល់បណ្ណសរសើរនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ជួប ប៉ារីស៍ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។
ធនាគារ ជីប ម៉ុង គឺជាធនាគារពាណិជ្ជទីមួយ ដែលបានប្រតិបត្តិមេត្រីភាពបរិស្ថានល្អប្រសើរ តាមរយៈការកាត់បន្ថយការប្រើប្រាស់ក្រដាស ការបង្កើតប្រព័ន្ធឌីជីថល សម្រួលប្រតិបត្តិការសេវាកម្មធនាគារជូនអតិថិជន ការរៀបចំការិយាល័យប្រកបដោយផាសុកភាព និងមានអនាម័យខ្ពស់សម្រាប់បុគ្គលិក ព្រមទំាងការចូលរួមអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព។
លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង បានថ្លែងថា ការទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាននេះ ពិតជាធ្វើឲ្យលោក និងសហការី ធនាគារ ជីប ម៉ុង ទាំងអស់មានសេចក្តីរំភើប និងសប្បាយរីករាយ ដែលធនាគារនេះ ទទួលបានការកោតសរសើរពីក្រសួងបរិស្ថាន ហើយសមិទ្ធផលមួយនេះបានពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសហការី ទាំង អស់គ្នា។
លោកឧកញ៉ា បានបន្តទៀតថា ធនាគារ ជីប ម៉ុង បានប្រើប្រាស់ បច្ចេកវិទ្យាចុងក្រោយបែបឌីជីថល តាមឧស្សាហកម្ម ៤.០ ដែលធ្វើការតាមប្រព័ន្ធអេឡិចត្រូនិច សន្សំសម្ចៃការប្រើប្រាស់ក្រដាស ដែលចូលរួមការពារបរិស្ថាន កាត់បន្ថយការកាប់ព្រៃឈើ និងកាត់បន្ថយការ រំ ភាយ ឧស្ម័នកាបូនឌីអុកស៊ីត (CO2)។
ជាមួយគ្នានេះ ក្នុងនាមរដ្ឋមន្ត្រី សាយ សំអាល់, លោក នេត ភក្ត្រា បានថ្លែងនូវការកោតសរសើរ ចំពោះក្រុមហ៊ុន ជីប ម៉ុង និងថ្លែងអំណរគុុណចំពោះធនាគារ ជីប ម៉ុង ដែលគោរពបានខ្ជាប់ខ្ជួន និងប្រតិបត្តិមេត្រីបរិស្ថានបានល្អប្រសើរ រហូតទទួលបានបណ្ណសរសើរនេះ៕