(កំពង់ឆ្នាំង)៖ ប្រាសាទពណ្ណរាយ ត្រូវបានកសាងឡើងនៅលើកំពូលភ្នំធ្វើបុណ្យ ក្នុងភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង គឺជាប្រាសាទមួយដែលមានអាយុកាលជាង ១ពាន់ឆ្នាំមកហើយ។ ប្រាសាទនេះស្ថិតនៅចម្ងាយជាង ២៧គីឡូម៉ែត្រខាងលិចទីរួមស្រុកកំពង់លែង។ បើយើងចង់ធ្វើដំណើរទៅកំសាន្តនៅប្រាសាទដ៏ចំណាស់មួយនេះ ត្រូវជិះរថយន្ត ឬទោចក្រយានយន្ត ឆ្លងដរចម្លងនៅចំណុចផែនៅចុងកោះ ផ្សារក្រោម ក្នុងភូមិផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ទៅកាន់ទីរួមស្រុកកំពង់លែង ត្រូវបន្តដំណើរតាមផ្លូវកៅស៊ូ និងផ្លូវគ្រួសក្រហម ប្រមាណ៣០គីឡូម៉ែត្រ ទើបទៅដល់ប្រាសាទ។
អ្នកយកព័ត៌មានយើងដែលបានចុះទៅយកព័ត៌មានដោយផ្ទាល់នៅទីនោះ បានពិនិត្យឃើញថាកាំជណ្តើរ ដែលត្រូវឡើងពីជើងភ្នំទៅលើកកំពូលភ្នំ មានចំនួន ២០៨កាំ ទើបទៅដល់ប្រាសាទពណ្ណរាយ។ នៅលើកំពូលភ្នំធ្វើបុណ្យ ដែលកំពុងឈរយ៉ាងត្រដែតឡើង ប្រាសាទពណ្ណរាយ ដែលមានតួរប្រាសាទ ២ឈរទន្ទឹមគា្ននៅលើកំពូលភ្នំ នៅលើទំហំផ្ទៃដីប្រមាណ តែជាង ៥០ម៉ែត្រ ៤ជ្រុងតែប៉ុណ្ណោះ តួរប្រាសាទមួយគូនេះ បានសាងសង់នៅប៉ែកខាងកើតនៃកំពូលភ្នំ។ ប្រាសាទនេះ បានរងការខូចខាតទ្រុឌទ្រោមយ៉ាងច្រើន ដោយកត្តាធម្មជាតិ និងទៅតាមវ័យចំណាស់របស់ប្រាសាទទៅហើយនោះ។ នៅក្នុងប្រាសាទគេមិនមានឃើញអ្វីសេសសល់ ក្រៅពីឥដ្ឋ និងក្លោងទ្វារប្រាសាទ ដែលធ្វើពីថ្មភក់តែប៉ុន្មានដុំប៉ុណ្ណោះ។
ចំណែកនៅពីមុខប្រសាទចម្ងាយប្រមាណ ៥ម៉ែត្រ គេឃើញនៅសល់ចម្លាក់មួយផ្ទាំង បញ្ឈនៅផ្ទាល់ដីបែមករកប្រសាទ ហាក់បង្ហាញពីអាយុកាលរបស់ផ្ទាំងចម្លាក់មួយនេះដល់អ្នកដែលឡើងមកមើល ប្រាសាទឱ្យមានការស្ងប់ស្ញែងទៅដល់ស្នាដៃបុព្វបុរសខ្មែរយើង ពីសម័យដើម។ ចំណែកនៅជាប់ពីខាងក្រោយប្រាសាទ គេឃើញមានខ្ទមអ្នកតាមួយ ដែលក្នុងខ្ទម អ្នកតានោះ ឃើញមានសសរ ២-៣ កំណាត់ និងនៅក្បែរខ្ទមអ្នកតា ក៏មានសល់ចម្លាក់ព្រះយោនីមួយផងដែរ។ ឃើញទិដ្ឋភាពនៃប្រាសាទ នឹកដល់ស្នាដៃយ៉ាងល្អឯករបស់បុព្វបុរសខ្មែរយើង ដែលបានបន្សល់ទុកនូវស្នាដៃជាច្រើន សម្រាប់កូនខ្មែរយើងជំនាន់ក្រោយឲ្យបានស្គាល់។
អ្វីដែលកំពុងព្រួយបារម្មណ៍បន្ថែមទៀតនោះ គឺនៅតាមជ្រុង នៃកាំជណ្តើរឡើងលើកំពូលភ្នំ គេឃើញមានស្នាមបាក់បែកខ្លះៗដែលកន្លងមកមានជនខិល ខូចបានលួចឡើងកាប់ដើមឈើលើភ្នំរួច អូសទម្លាក់តាមកាំជណ្តើរទើបបណ្តាលអោយបាក់បែកដូច្នេះ។
លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង បានសុំអំពាវនាវផងដែរដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សូមមេត្តាជួយថែរក្សាព្រៃឈើនៅលើប្រាសាទអោយបានគង់វង្សល្អ ដើម្បីជាប្រយោជ ន៍សំរាប់ភ្ញៀវទេសចរណ៍មកលេងកំសាន្គ និងគ្រាន់បានជាម្លប់សម្រាប់ជ្រកកោន និងត្រូវចូលរួមទប់ ស្កាត់បង្ក្រាបអោយបាននូវជនខិលខូចដែលលួចកាប់ដើមឈើនៅលើភ្នំធ្វើបុណ្យនេះ យកមកបម្រើផលប្រយោជន៍រផ្ទាល់ខ្លួន។
លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះថា ប្រាសាទពណ្ណរាយនេះ គឺបានកសាងឡើងដោយបុព្វបុរសខ្មែរ ក្នុងសតវត្យទី៩ គឺសម័យអង្គរ ដែលមានអាយុ កាលជាង១ពាន់ឆ្នាំមកហើយ។
ប្រាសាទនេះខ្លះហៅប្រសាទព្រះពណ្ណរាយ ឬព្រះវិស្នុ ប្រាសាទនេះផងដែរ បានសាងពីដីឥដ្ឋ ដែលមានរចនាបទតួរប៉ម៣ រាងបួនជ្រុងស្មើ រីឯស៊ំទ្វារគឺធ្វើអំពីថ្មភក់ ដោយឡែកតួរប៉មទាំង ៣នោះ ដោយរត់ជួរពីជើងទៅត្បូង និងបែរមុខទៅទិសខាងលិច ប្រាសាទពណ្ណរាយនេះផងដែរ ត្រូវបានគេកសាងឡើង ដើម្បីឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនា នៅក្នុងតួរប្រាសាទនេះ ពីមុនមកគេរកឃើញ មានទេវរូបភេទប្រុសមួយព្រះអង្គ ប៉ុន្តែទេវរូបនោះ បច្ចុប្បន្នមិនដឹងថាគេយកតម្កល់ទុកនៅទីណានោះទេ។
លោកបានឲ្យដឹងទៀតដែរថា បច្ចុប្បន្នប្រាសាទនេះត្រូវបានមើលការថែទាំយ៉ាងយកចិត្តទុកដាក់ផងដែរ ដោយសារតែប្រាសាទនេះមានសភាពទ្រុឌទ្រម ដូច្នេះត្រូវតែមើលការគាំពារ ដើម្បីកុំឲ្យប្រាសាទបាក់រលំតែប៉ុណ្ណោះ ហើយការជួសជុលនោះយើងមិន ទាន់បានធ្វើការជួសជុលនៅឡើយទេ ព្រោះត្រូវចំណាយថវិកាជាច្រើនផងដែរ៕