(ភ្នំពេញ)៖ លោកឧកញ៉ា លី ហួរ ប្រធានសមាគមន៍អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើលិខិតអបអរសាទរ និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ចំពោះការសម្រេចលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារ។
លោកឧកញ៉ា លី ហួរ ចាត់ទុកការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន គឺជាសក្ខីភាពដ៏ពិសេសរបស់សម្តេច ជាថ្នាក់ដឹកនាំគំរូ ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ តែងតែព្រួយបារម្ភ យកចិត្តទុកដាក់ គាំទ្រ និងជួយដល់ជីវភាពប្រជាពលរដ្ឋ និងវិនិយោគិនកម្ពុជា។
លោកឧកញ៉ាសង្កត់ធ្ងន់ថា «ដើម្បីឆ្លើយតប នឹងការដឹងគុណនូវវិធានការរបស់រាជរដ្ឋាភិបាល ក្នុងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ ដែលអភិវឌ្ឍន៍បុរី និងខុនដូ សូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងលើកស្ទួយវិស័យសេដ្ឋកិច្ចកម្ពុជា នឹងមានវិធានការ គាំទ្រដល់វិស័យអចលនទ្រព្យ និងលើកទឹកចិត្តដល់អតិថិជនដោយបញ្ចុះតម្លៃពិសេសរហូតដល់ ៥ភាគរយ ទៅតាមគម្រោងនីមួយៗ»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ បានស្នើដល់ក្រុមហ៊ុនដែលធ្វើការ អភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ពិនិត្យលទ្ធភាព ក្នុងការបញ្ចុះតម្លៃជូនប្រជាពលរដ្ឋ ដែលមានតម្រូវការផ្ទះជាចាំបាច់ ខណៈដែលរាជរដ្ឋាភិបាលសម្រេចលើកលែងពន្ធប្រថាប់ត្រា ចំពោះផ្ទះដែលមានតម្លៃ៧ម៉ឺនដុល្លារចុះក្រោម រយៈពេល១ឆ្នាំ។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ការលើកលែងពន្ធប្រថាប់ត្រា សម្រាប់ផ្ទះក្នុងតម្លៃក្រោម៧ម៉ឺនដុល្លារ សម្រាប់រយៈពេល១ឆ្នាំនេះ អនុវត្តន៍ចាប់ខែកុម្ភៈ ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១។ ការមិនយកពន្ធប្រថាប់ត្រារយៈពេល១ឆ្នាំនេះ គឺសំដៅឲ្យអ្នកដែលមានប្រាក់មធ្យម អាចទៅទិញផ្ទះបានថោក៕