(ស្វាយរៀង)៖ សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសាធាតុញៀន។
បើតាមសមត្ថកិច្ចអាវុធហត្ថខេត្ត បានឲ្យដឹងថា នៅវេលាម៉ោង ១៧៖១០នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានចាត់តាំកម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានចុះបង្រ្កាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅមុខផ្ទះសំណាក់តារា ភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យមានឈ្មោះ ទូច សុភា អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
វត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ៣កញ្ចប់ (ធំចំនួន ២កញ្ចប់ និងតូច០១កញ្ចប់), ម្សៅក្រាមពណ៌ឈាមជ្រូកចំនួន ២កញ្ចប់, ម៉ូតូចំនួន ១គ្រឿង និងទូរស័ព្ទដៃចំនួន២គ្រឿង។
រហូតដល់ម៉ោង ១៧៖៣០នាទីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងអាវុធហត្ថ បានចុះឆែកឆេរបន្ទប់ជួលស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
រកឃើញវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់ធំ, សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន៣, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១គ្រឿង, ប្រាក់រៀលចំនួន ៥៧០,០០០រៀល, ប្រាក់ដុល្លាចំនួន ៧០ដុល្លារ និងអត្តសញ្ញាណប័ណ្ណ ១សន្លឹក។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្ត កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕