(ភ្នំពេញ)៖ ស្រ្តីវ័យចំណាស់ម្នាក់ដែលជាអ្នកលក់ស្រាក្រឡុក ត្រូវបានបុរសម្នាក់ជាភ្ញៀវស្លៀកពាក់ស៊ីវិលបានចូលមកហូបចុក តែពេលហូបចុកស្រវឹងស្រឿងៗ កើតចំណង់តណ្ហាពុះឡើង ក៏បានលបលួចចូលចាប់រំលោភនាងទាំងកំរោលនៅក្នុងបន្ទប់ទឹក តែមិនបានសម្រេចនោះឡើយ។
ការចាប់រំលោភមិនបានសម្រេចនោះ ក៏ដោយសារបានប្អូនប្រុសរបស់នាង ជួយទាន់ទាន់ពេលវេលា និងបានប្រតាយប្រតប់គ្នាជាមួយជនសង្ស័យមួយប្រាវ។ ភ្លាមៗ ជនសង្ស័យបានព្យាយាម រត់គេចខ្លួនរួចបាត់ ដោយបន្សល់ទុកកាតនគរបាលជាតិនៅកន្លែងកើតហេតុផងដែរ។
ហេតុការណ៍ខាងលើនេះបានកើតឡើង នៅវេលាទាបភ្លឺថ្ងៃទី៥ ខែមូនា ឆ្នាំ២០២០នេះ ចំណុចនៅហាងលក់ស្រាក្រឡុក តាមបណ្តោយមហាវិថីឈ្នះឈ្នះ មុខបុរីបឹងបៃតង ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ស្រ្តីជនជនរងគ្រោះមានឈ្មោះ ច.ដ អាយុ៤០ឆ្នាំ មុខរបរលក់ស្រាក្រឡុក។ ចំណែកកាតនគរបាលបន្សល់ទុកនៅកន្លែងកើតេហេតុ ដែលសមត្ថកិច្ចសង្ស័យថា ជាជនល្មើសនោះមានឈ្មោះ ប៉ែន ច័ន្ទរស្មី អាយុ៣១ឆ្នាំ មានឋានន្តរស័ក្តិអនុសេនីយ៍ អត្តលេខ ៨៣២៣១ នគរបាលជាតិ មានទីលំនៅ ផ្ទះលេខ២៣ ផ្លូវ៣៣៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យ រួមជាមួយបក្ខពួកមួយក្រុមចូលទៅផឹកស៊ីនៅហាងរបស់គាត់ លុះដល់វេលាម៉ោងកើតហេតុ គ្រាដែលគាត់ដើរទៅចូលបន្ទប់ទឹក ចំងាយពីកន្លែងលក់ប្រមាណជិត ១០០ម៉ែត្រ ខណៈនោះជនសង្ស័យដើរទៅតាមរួចធ្វើសកម្មភាព រុញនាងចូលក្នុងបន្ទប់ទឹកវិញ រួចធ្វើសកម្មភាពចាប់រំលោភនាងតែម្តង តែមិនបានសម្រេច ត្រូវបានប្អូនប្រុសទៅជួយទាន់ពេលវេលា បង្កឲ្យមានការផ្អើលឆោឡោឈានដល់ការ ប្រតាយប្រតប់គ្នាមួយប្រាវធ្វើឲ្យដាច់ធ្លាក់កាតមន្ត្រីរាជការនគរបាលជាតិនៅកន្លែងកើតហេតុ ជនសង្ស័យបានរំដោះខ្លួនរួមទាំងបក្ខពួកបានរត់គេចបាត់តែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះបានរត់ប្តឹងទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ឲ្យជួយអន្តរាគមន៍ តាមចាប់ជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់៕