(ភ្នំពេញ)៖ តំណាងអង្គការសុខភាពពិភពលោក (WHO) បានពន្យល់អំពីលក្ខខណ្ឌដែលត្រូវធ្វើតេស្តរកមេរោគ Covid-19 ដោយមិនត្រូវធ្វើតេស្តគ្រប់មនុស្សនោះទេ។ លោកស្រីបានបញ្ជាក់ថា ការធ្វើតេស្តចំពោះជនដែលមិនមានរោគសញ្ញា នឹងធ្វើឱ្យមានការខ្ជះខ្ជាយដល់ធនធាន និងពេលវេលា។

ការអះអាងរបស់ តំណាងអង្គការសុខភាពពិភពលោក បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គមមួយចំនួន បានជំរុញឱ្យក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ ធ្វើតេស្តរកកូវីត១៩ ចំពោះជនមួយចំនួន ដែលមានអាការៈផ្តាសាយ ឬដួលសន្លប់ ដែលត្រូវបានបង្ហោះតាមបណ្តាញសង្គមជាបន្តបន្ទាប់មកនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយក្រសួងសុខាភិបាលកម្ពុជា ស្តីពីជំងឺ Covid-19 នារសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ លោកស្រី Phiomena Raftery មន្ត្រីបច្ចេកទេសអង្គការសុខភាពពិភពលោក បានឱ្យដឹងថា ដើម្បីឱ្យបុគ្គលម្នាក់ទទួលការធ្វើតេស្តរកជំងឺ Covid-19 នេះបានគឺគាត់ត្រូវមានលក្ខខណ្ឌ ស្របតាមនិយមន័យផ្ទុក Covid ដែលគាត់ត្រូវតែមានរោគសញ្ញាផ្លូវដង្ហើមសម្រាប់ជំងឺ Covid-19 នេះ។ បុគ្គលនេះត្រូវតែមានប្រវត្តិប៉ះពាល់ជាមួយនឹង ករណីវិជ្ជមានជាមួយជំងឺ Covid-19 ឬមានប្រវត្តិធ្វើដំណើរទៅក្នុងតំបន់ ឬប្រទេសដែលកំពុងតែមានផ្ទុះជំងឺនេះ។

លោកស្រីបញ្ជាក់ដូច្នេះថា៖ «ប្រសិនបើបុគ្គលនោះ មិនបានចូលក្នុងនិយមន័យ ករណីសង្ស័យនេះទេ គឺយើងមិនចាំបាច់ចូលធ្វើតេស្ត រកមេរោគ Covid-19 ទេ ព្រោះទី១ ធ្វើឱ្យយើងខ្ជីខ្ជាសម្ភារ ឬធនធានដែលយើងមាន ហើយបើទោះបីយើងធ្វើតេស្តភាគរយធ្វើតេស្ត គឺអវិជ្ជមានខ្ពស់មែនទែន ដូច្នេះគឺយើងមិនចាំបាច់ធ្វើតេស្ត ទៅលើអ្នកដែលមិនជួបករណីសង្ស័យនេះទេ»

តំណាងអង្គការសុខភាពពិភពលោកបានបន្តថា អង្គការសុខភាព បាននឹងកំពុងធ្វើការមួយនឹងក្រសួងសុខាភិបាលកម្ពុជា ដើម្បីពង្រឹងនូវសមត្ថភាព សម្រាប់ចាប់បាននូវករណីសង្ស័យ ហើយនឹងធ្វើតេស្តទៅលើករណីសង្ស័យមានផ្ទុកវីរុស កូរ៉ូណា ឬ Covid-19។ ដូច្នេះ ដើម្បីចាប់បាន និងរកឃើញករណីសង្ស័យវីរុស Covid-19 នេះ គឺមានលក្ខខណ្ឌជាក់លាក់ ដែលហៅថា «និយមន័យករណី»

រាល់ការធ្វើតេស្ត គឺធ្វើតេស្តទៅតាមការកំណត់របស់អង្គការសុខភាពពិភពលោក ហើយធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ព័រកម្ពុជា ដែលជាវិទ្យាស្ថានមួយដែលមាន កម្រិតស្តង់ដារអន្តរជាតិ ហើយក៏មានការត្រួតពិនិត្យគុណភាពនេះ បានម៉ត់ចត់ផងដែរ។ នេះបើតាមការបញ្ជាក់របស់ Phiomena Raftery៕