សមត្ថកិច្ចក្រសួងមហាផ្ទៃ ចុះបង្ក្រាបទីតាំងម៉ាស្សា បង្កប់សេវាផ្លូវភេទមួយកន្លែង យីហោ «King Sora Massage» នៅខណ្ឌបឹងកេងកង
05-03-2020 18:15
(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ បានចុះបង្ក្រាបទីតាំង ម៉ាស្សា និងបង្កប់សេវាផ្លូវភេទមួយកន្លែង យីហោ «King Sora Massage» នៅតាមបណ្ដោយផ្លូវ៣៥០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់ក្រសួងមហាផ្ទៃ បានរំដោះនារីប្រមាណ ១០នាក់ សុទ្ធតែជនជាតិវៀតណាម ដែលកំពុងបម្រើការនៅទីតាំងហាងម៉ាស្សានេះ។ មនុស្សទាំងអស់នោះ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច ដើម្បីធ្វើការអប់រំណែនាំ។
បើតាមសេចក្ដីរាយការណ៍ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងធ្វើការតាមនីតិវិធី ដើម្បីឈានទៅចាត់ការម្ចាស់ទីតាំងខាងលើ៕