(ភ្នំពេញ)៖ រសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោក Joe Shapiro មន្ត្រីជាន់ខ្ពស់ DFID ទទួលបន្ទុកកិច្ចការសកម្មភាពកម្ចាត់មីន ពិភពលោក នៃចក្រភពអង់គ្លេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះជំនួយឥតសំណង ដ៏មានសារៈសំខាន់ របស់រាជរដ្ឋភិបាល និងប្រជាជន នៃចក្រភពអង់គ្លេស ក្នុងការគាំទ្រសកម្មភាពបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា នាពេលកន្លងមក ជាពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឲ្យប្រសើរឡើងនូវសុខមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅទីជនបទ ដែលបាននឹងកំពុងរស់នៅលើតំបន់រងផលប៉ះពាល់ដោយសារមីន។
លោកទេសរដ្ឋមន្រ្តី បានចាត់ទុកចក្រភពអង់គ្លេស គឺជាមិត្តមួយដ៏ឆ្នើម និងជាដៃគូកិច្ចសហប្រតិបត្តិការដ៏យូរលង់ ដែលបានផ្តល់ភាពជឿទុកចិត្តដល់រដ្ឋាភិបាលកម្ពុជា និងបន្តជួយគាំទ្រ លើការងារបោសសម្អាតមីន រហូតដល់កម្ពុជាកម្ចេចចោលនូវគ្រាប់មីនចុងក្រោយឲ្យអស់នៅត្រឹមឆ្នាំ២០២៥។
ក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្រ្តី លោក Joe Shapiro បានសម្តែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបាននូវជោគជ័យនៅក្នុងវិស័យសកម្មភាពមីន ដោយបានផ្តល់នូវដីសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ជាមួយគ្នានេះ មន្រ្តីជាន់ខ្ពស់ DFID នៃចក្រភពអង់គ្លេសរូបនេះ ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តសហការជាមួយកម្ពុជា ដើម្បីចូលរួមចំណែកបោសសម្អាតមីនឲ្យអស់នៅឆ្នាំ២០២៥ ព្រមទាំងបានស្នើ សុំឲ្យរាជរដ្ឋាភិបាលកម្ពុជា បន្តការគាំទ្រនូវកម្មវិធីសកម្មភាពមីនសកលលើកទី៣ (DFID’s Global Mine Action Program) ដែលគ្រោងនឹងត្រូវចាប់ផ្តើមនៅដើមឆ្នាំ២០២១ ខាងមុខនេះ ដែលកម្មវិធីសកម្មភាពមីនសកលលើកទី១ (GMAP 1) ចាប់ផ្តើមពីឆ្នាំ២០១៤ និង GMAP 2 ចាប់ផ្តើមឆ្នាំ២០១៨-២០២០។
សូមបញ្ជាក់ថា DFID របស់ចក្រភពអង់គ្លេស បានចូលរួមការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដោយចាប់តាំងពីឆ្នាំ១៩៩២ រំដោះផ្ទៃដីមានមីននិងគ្រាប់ប្រមាណជាង ១២២ គីឡូម៉ែត្រក្រឡា ដោយបានរកឃើញនិងកំទេចគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៦៧.០០៥ គ្រាប់ ព្រមទាំងបានជួយគាំទ្រដល់ការងារអប់រំផ្សព្វផ្សាយការយល់ដឹងអំពីមីន និងគ្រាប់ដល់ប្រជាសហគមន៍ផងដែរ៕