(ភ្នំពេញ)៖ ធនាគារព្រីនស៍ បានដាក់សម្ពោធសេវាធនាគារអាទិភាព ព្រមជាមួយការបង្ហាញបន្ទប់សម្រាករង់ចាំ សម្រាប់អតិថិជនអាទិភាពរបស់ខ្លួន នៅសាខាការិយាល័យកណ្តាល ដែលមានអាសយដ្ឋានលើបណ្តោយមហាវិថីម៉ៅសេទុង។
សេវាធនាគារអាទិភាពត្រូវបានបង្កើតឡើង សម្រាប់អតិថិជនដែលកំពុងស្វែងរក បទពិសោធន៍ធនាគារផ្ទាល់ខ្លួន ដើម្បីបំពេញតាមគោលដៅហិរញ្ញវត្ថុ និងស្តង់ដារនៃការរស់នៅរបស់ពួកគេ។
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍បានឲ្យដឹងថា ការសម្ពោធជាផ្លូវការសេវាធនាគារអាទិភាពនេះ គឺជាទិសដៅយុទ្ធសាស្រ្តរបស់ធនាគារ ក្នុងការជួយជំរុញ និងពង្រីកនូវសេវាកម្មហិរញ្ញវត្ថុ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់អតិថិជនដែលមានការកើនឡើង នៃមូលធនហើយបានកំពុងស្វែងរកស្ថាប័នហិរញ្ញវត្ថុ ដែលមិនត្រឹមតែអាចគ្រប់គ្រងប្រាក់បញ្ញើ របស់ពួកគេបានល្អតែប៉ុណ្ណោះទេ តែអាចផ្តល់ប្រឹក្សាស្តីពី ការរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន ប្រកបដោយទំនុកនិងមានវិជ្ជាជីវៈខ្ពស់។
លោកបានបន្ដថា នេះជាឱកាសមួយសម្រាប់ធនាគារ ព្រីនស៍ក្នុងការចាប់យកឱកាសទីផ្សារនេះ និងផ្តល់នូវជម្រើសសេវាកម្ម កាន់តែប្រសើរដល់អតិថិជន ។
បន្ទប់សម្រាករង់ចាំសម្រាប់អតិថិជនអាទិភាព របស់ធនាគារ ព្រីនស៍ផ្តល់នូវបទពិសោធន៍ខ្ពស់ សម្រាប់អតិថិជនដែលចង់ទទួលបានផាសុកភាព ភាពងាយស្រួល និងអភ័យឯកសិទ្ធផ្តាច់មុខ ក្នុងពេលប្រើប្រាស់សេវាធនាគារ។
លោកបន្ថែមថា អតិថិជនសេវាធនាគារអាទិភាព នឹងអាចការធ្វើប្រតិបត្តិការ នៅបញ្ជរបង់ប្រាក់ដាច់ដោយឡែក ដែលប្រតិបត្តិការទាំងនោះ ត្រូវបានធ្វើឡើងដោយយកចិត្តទុកដាក់ និងប្រកបដោយភាពរហ័សទាន់ចិត្ត។
លោកបញ្ជាក់ថា លើសពីនេះទៀតបន្ទប់សម្រាករង់ចាំ នឹងនាំអតិថិជនចូលទៅកាន់ បរិយាកាសប្រកបដោយផាសុកភាព ដែលអតិថិជនអាចទទួលបានការបម្រើនូវភេសជ្ជៈ និងអាហារសម្រន់ ព្រមទាំងទទួលបានព័ត៌មានថ្មីៗជាច្រើនស្តីពី អាជីវកម្មនិងហិរញ្ញវត្ថុ ហើយអតិថិជនក៏អាចជួបពិភាក្សា ជាមួយបុគ្គលិកធនាគារ ក្នុងបន្ទប់ប្រជុំក្នុងករណីចាំបាច់។
លោក ហ៊ន់ សុរចនា បានបន្ថែមថា ក្នុងបរិយាកាសដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ននេះ ធនាគារ ព្រីនស៍ ដឹងថាសេវាកម្មរបស់ខ្លួនត្រូវតែពង្រីកបន្ថែមទៀត ដើម្បីជួយបំពេញតម្រូវការ ដល់អតិថិជនក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ និងមូលធនរបស់ពួកគេ ដែលក្នុងនោះអតិថិជនអាទិភាពត្រូវការ ការផ្តល់ការប្រឹក្សា និងការពិគ្រោះយោបល់លើតម្រូវការ និងចំណង់ចំណូលចិត្តវិជ្ជាជីវៈផ្ទាល់ខ្លួនផ្សេងៗទៀត។
លោកបានបន្ដថា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃ តម្រូវការរបស់អតិថិជនអាទិភាព ប្រកបដោយសក្ដានុពល ធនាគារ ព្រីនស៍ បានជ្រើសរើស និងបង្កើតក្រុមបុគ្គលិក ដែលមានបទពិសោធន៍ ដែលទទួលបានការបណ្តុះបណ្តាល យ៉ាងយកចិត្តទុកដាក់ ដើម្បីបំពេញសេវាកម្មជូន ដល់អតិថិជនឱ្យកាន់តែប្រសើរ។
ការពិភាក្សាដោយផ្ទាល់ ជាមួយអតិថិជនគឺពិតជាចាំបាច់ណាស់ សម្រាប់បុគ្គលិករបស់យើង ក្នុងការប្រមូលព័ត៌មានស្តីពី តម្រូវការក៏ដូចជាការរំពឹងទុករបស់អតិថិជន។ សកម្មភាពទាំងនេះបានជួយឱ្យ ក្រុមបុគ្គលិកសេវាធនាគារអាទិភាពអាចកែសម្រួល ផលិតផលនិងសេវាកម្មសំខាន់ៗ ដើម្បីបំពេញឱ្យស្របតាមតម្រូវការរបស់អតិថិជន ដែលអាចប្រែក្លាយពី ការធ្វើដំណើរមកកាន់ធនាគាររបស់អតិថិជន ទៅជាបទពិសោធន៍ ជារួមមួយដែលផ្តល់នូវភាពងាយស្រួល និងជាទីពេញចិត្តជូនដល់អតិថិជន។
ធនាគារ ព្រីនស៍ ផ្តោតសំខាន់លើការជួយដល់អតិថិជនដើម្បីកសាង និងរក្សាទំនាក់ទំនងដ៏ល្អ សម្រាប់រយៈពេលវែងជាមួយអតិថិជន។ តាមរយៈកិច្ចការនេះធនាគារ អាចផ្តល់ជូននូវផលិតផល និងសេវាកម្មដែលអាចជួយពង្រីកអាជីវកម្ម កាន់តែប្រសើរដល់អតិថិជន។
នៅក្នុងខែមីនានេះធនាគារ ព្រីនស៍ នឹងធ្វើការបង្ហាញជូនស្តីអំពី កន្លែងផ្តល់សេវាធនាគារអាទិភាព ដោយមានការឆុងតែពិសេស ដែលនឹងអនុញ្ញាតឱ្យអតិថិជន ដែលមានចំណាប់អារម្មណ៍ អាចអញ្ជើញចូលរួមនៅក្នុងកម្មវិធី ព្រមទាំងទទួលបានព័ត៌មាន បន្ថែមស្តីពីសមាជិកភាពនៃ សេវាធនាគារអាទិភាពពីសំណាក់ ប្រធានទំនាក់ទំនងអតិថិជនរបស់ធនាគារ៕