(ភ្នំពេញ)៖ លោក អ៊ឹម វុត្ថា សមាជិក និងជាអ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះបានបញ្ជាក់ថា បើទោះបីកម្ពុជា មានប្រតិបត្តិករទូរស័ព្ទចលតមួយចំនួន កំពុងដាក់ឲ្យដំណើរការឲ្យសាកល្បងប្រព័ន្ធ 5G ក៏ពិតមែន ក៏កម្ពុជានៅតែចាត់ទុកថា 4G នៅតែជាអាទិភាពខ្ពស់ សម្រាប់ជំរុញការវិនិយោគបន្ថែម។
ការលើកឡើងរបស់លោក អ៊ឹម វុត្ថា នេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការធ្វើនិយ័តកម្មវិស័យទូរគមនាគមន៍ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ។
លោក អ៊ឹម វុត្ថា បានថ្លែងថា «ឥឡូវនេះ 5G គ្រាន់ជាសុបិននៅឡើយទេ តែសុបិននេះត្រូវតែនិម្មិតធ្វើឲ្យចេញ។ 5G នៅពេលបច្ចុប្បន្នេះ យើងកំពុងឲ្យប្រតិបត្តិករធ្វើតេស្តសាកល្បង ដើម្បីដកបទពិសោធន៍ថា តើមានការឆ្លងរំខានដែរឬទេ? ហើយតើល្បឿនស្របតាមលក្ខណៈបច្ចេកទេសដែរទេ?»។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា និយ័តករទូរគមនាគមន៍កំពុងយកចិត្តទុកដាក់ ក្នុងជំរុញការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ 4G ដែលមានស្រាប់ឲ្យកាន់តែទូលំទូលាយ ដោយប្រើមូលនិធិកាតព្វកិច្ច សេវាសកលទូរគមនាគមន៍ (U.S.O FUND) ។
លោកបន្តថា «ឥឡូវនេះ 4G នៅតែអាទិភាពនៅឡើយ ក្នុងរយៈកាលមិនតិចជាង ៥-១០ឆ្នាំទៅមុខទៀតនោះទេ»។
ជាមួយគ្នានេះ តំណាងប្រតិបត្តិករទូរស័ព្ទចល័ត បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដែលធ្វើការពង្រីកហេដ្ឋារចនាសម្ព័ន្ធ សេវាទូរស័ព្ទបញ្ហាដូចជា៖ ការរអាក់រអួលនៃការផ្គត់ផ្គង់ប្រព័ន្ធអគ្គិសនី, ការព្រួយបារម្ភពីសុខភាពរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធការដំឡើងអង់តែនទូរស័ព្ទ, ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ បណ្តាញលូរ ដែលនាំឲ្យមានការកាត់ផ្តាច់ខ្សែបណ្តាញ និងការបិទមិនឲ្យចូលអភិវឌ្ឍន៍នៅតាមបុរីជាដើម។
សូមជម្រាបថា តាមតួលេខចុងក្រោយបង្អស់គិតត្រឹមខែមករា ឆ្នាំ២០២០ របស់និយ័តករទូរគមនាគមន៍កម្ពុជា បានបង្ហាញថា នៅបច្ចុប្ប ន្ននេះ នៅកម្ពុជាចំនួនអ្នកជាវសេវាទូរស័ព្ទចល័ត (Mobile Subscriber) មាន ២១,៤២៨,៦៨១នាក់។ ចំណែកឯកចំនួនអ្នកជាវសេវាអ៊ីនធឺណេតចល័ត (Mobile Internet Subscriber) មាន១៥,៨៩៨,៩៥៨នាក់ស្មើនឹង៩៨.៩៥% នៃចំនួនអ្នកជាវសរុបទាំងចល័ត និងអចល័ត១៦,១២៧,០៨១នាក់។ ចំពោះអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook មានចំនួន៨.៨ លានគណនី។
និយ័តករទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធបណ្ដាញខ្សែកាប្លិ៍អុបទិក លើកគោកមានប្រវែងសរុប ៤៤,៧៦២គីឡូម៉ែត្រ និងបណ្ដាញកាប្លិ៍ក្រោមបាតសមុទ្រប្រវែង៦៤០គីឡូម៉ែត្រ (គិតត្រឹមក្នុងដែនសមុទ្រប្រទេសកម្ពុជា) បើយើងគិតប្រវែងសរុបរហូតដល់តភ្ជាប់ទៅអន្តរជាតិ កម្ពុជាមានកាប្លិ៍ក្រោមបាតសមុទ្រសរុប ២៦,៣០០គីឡូម៉ែត្រ
និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ទៀតថា ក្នុងចំណោមប្រទេសនានាលើពិភពលោក កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសទាំង២០ ដែលមានសេវាគ្របច្រើនជាងគេ៖
* 2G មាន៩២.២ % នៃចំនួនប្រជាជនសរុប ឬ ៨៥.៧% នៃផ្ទៃដីសរុប
* 3G មាន៨៥.១% នៃចំនួនប្រជាជនសរុប ឬ ៦០% នៃផ្ទៃដីសរុប
* 4G មាន៨០.៣% នៃចំនួនប្រជាជនសរុប ឬ ៥២.៧% នៃផ្ទៃដីសរុប
បើតាមនិយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈការស្រាវជ្រាវទីផ្សារប្រទេសអាសស៊ាន តម្លៃក្នុងការប្រើប្រាស់ទូរស័ព្ទចល័ត ក៏ដូចជាការប្រើ Data package របស់កម្ពុជាទាប ជាងបណ្ដាប្រទេសណាៗទាំងអស់។ ដើម្បីទិញទិន្នន័យ 1G (គិតតាមមធ្យោបាយដូរលុយដូចបច្ចុប្បន្ន) ប្រជាជនចំណាយក្នុងរង្វង់ 0.10$ ប៉ុណ្ណោះ ខណៈប្រទេសមួយចំនួនដូចជា ប្រ៊ុយណេចំណាយអស់ 7.32$ ថៃ 5.67$ ឡាវ 4.14$ សឹង្ហបុរី 1.24$ វៀតណាម 0.85$៕