(ពោធិ៍សាត់)៖ លោក ព្រំ កន្ធែល អនុប្រធានមណ្ឌលសេវាបច្ចេកទេសប្រព័ន្ធធារាសាស្រ្តឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ដីស្រែរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ ប្រមាណជាង ៦ពាន់ហិកតា នឹងមានទឹកស្រោចស្របគ្រប់គ្រាន់ ក្រោយពីគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រប និងរំដោះទឹកចំនួន ៣ទីតាំង ដែលមានដូចជា អនុគម្រោងដំណាក់អំពិល, អនុគម្រោងវត្តលួង និងអនុគម្រោងវត្តជ្រេ បានហើយរួចរាល់។
លោកបានបន្ថែមទៀតថាអនុគម្រោងទាំង៣ នេះបានស្ដារឡើងវិញ និងកែលម្អរួចរាល់ប្រមាណជិត ៨០ភាគរយហើយ ដែលគ្រោងស្ដារឡើងវិញឲ្យបានរួចរាល់នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។
លោក ព្រំ កន្ធែល បានឱ្យដឹងយ៉ាងដូចនេះនាល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅកម្មវិធីដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ដែលដឹកនាំដោយ JICA ដើម្បីចុះពិនិត្យមើលគម្រោងស្ដារឡើងវិញ នូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកនៅខាងលិចបឹងទន្លេសាប នៅក្នុងខេត្តពោធិ៍សាត់។
លោក ព្រំ កន្ធែល បានបន្ថែមទៀតថា ផលប្រយោជន៍នៃគម្រោងសាងសង់ទំនប់ទឹកនេះ ដោយនៅមុនពេលគម្រោងសាងសង់កសិករមានការលំបាក ក្នុងការប្រើប្រាស់ទឹកដើម្បីស្រោចស្រព ផ្ទៃដីស្រែរបស់ពួកគាត់ហើយក្រោយពីការសាងសង់ទាំង៣ទីតាំងនៅក្នុងខេត្តពោធិ៍សាត់នេះរួចរាល់ គឺអាចស្រោចស្រពផ្ទៃដីរបស់ពួកគាត់បានយ៉ាងច្រើន។
លោកបានឱ្យដឹងទៀតថា គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រប និងរំដោះទឹកទាំងអស់ មានទីតាំងស្ថិតនៅក្នុងខេត្តចំនួន៣ មានខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដែលមានអានុគម្រោងចំនួន៦រួមមាន៖ រាមកុន ស្ថិតនៅខេត្តបាត់ដំបង, ប្រឡាយពោធិ៍ ស្ថិតនៅខេត្តបាត់ដំបង, ដំណាក់អំពិល, វត្តហ្លួង,វត្តជ្រេ ស្ថិតនៅខេត្តពោធិ៍សាត នឹងលំហាច ស្ថិតនៅខេត្តកំពង់ឆ្នាំង ។
លោក Akio Yamashita ប្រធានគម្រោងស្ដារឡើងវិញ នូវប្រព័ន្ធស្រោចស្រព និងរំដោះទឹកប្រចាំខេត្តទាំង៣ បានឱ្យដឹងដែរថា តំបន់ទាំងអស់នេះ ទិដ្ឋផលស្រូវដំបូងឡើយដែលមិនទាន់មានគម្រោង បង្កបង្កើនផលបានតែ ២តោនតែប៉ុណ្ណោះ តែក្រោយពីមមានគម្រោងនេះ ពួកគេនឹងទទួលបានផលច្រើន ដែលរហូតទៅដល់ ៤តោនក្នុង១ហិកតា ដូច្នេះចំណូលរបស់កសិករ អាចកើនហើយចំណូលក៏បានច្រើន ហើយបន្ទាប់ពីគម្រោងនេះធ្វើរួចរាល់ ប្រជាកសិករក្នុងតំបន់ទាំង៣ អាចធ្វើស្រូវបាន ២ដងក្នុងមួយរដូវផងដែរ៕