(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះថា ចំពោះចំណាត់ការឱ្យម្ចាស់ផ្សារឡាក់គី សាខាជ្រោយចង្វារផ្លាស់ប្តូរទីតាំង ពីរង្វង់ជ្រោយចង្វារ ដោយសារតែម្ចាស់ផ្សារខាងលើ បានធ្វើខុសចំពោះការស្នើសុំទៅអាជ្ញាធរខណ្ឌ ពោលពេលដែលដាក់ពាក្យស្នើសុំច្បាប់នោះ គឺសាងសង់ជាអាហារដ្ឋាន និងកន្លែងលាងរថយន្ត ប៉ុន្តែពេលសាងសង់រួច ចេញជាផ្សារទៅវិញ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ក៏ព្រោះតែគ្មានចំណតរថយន្ត។
ការចេញមកបញ្ជាក់របស់លោក ឃ្លាំង ហួត បានធ្វើឡើងបន្ទាប់មានការចោទប្រកាន់នានាមកលើរូបលោក និងអាជ្ញាធរខណ្ឌតាមបណ្តាញសង្គម ពីចំណាត់ការបែបនេះ ដោយអ្នកខ្លះថា សាងសង់អស់លុយរាប់ម៉ឺនដុល្លារបែរជាឲ្យប្តូរទីតាំង ខណៈខ្លះទៀតថា ពេលសាងសង់ ហេតុដូចម្តេចមិនទៅហាមឃាត់?
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ អភិបាលខណ្ឌជ្រោយចង្វារ បានជម្រាមជូនម្ចាស់ក្រុមហ៊ុនផ្សារឡាក់គីថា «ទីតាំងផ្សារឡាក់គី សាខាខណ្ឌជ្រោយចង្វារនេះ គឺមិនសមស្របក្នុងការបើកអាជីវកម្មផ្សារទំនើបឡើយ ដោយសារតែទីតាំងមានលក្ខណៈតូចចង្អៀត មិនមានចំណតគ្រប់គ្រាន់ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ បង្កឱ្យមានការកកស្ទះចរាចរនៅរង្វង់មូលព្រហ្មបាយ័ន។ ដូច្នេះដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ រដ្ឋបាលខណ្ឌ តម្រូវឱ្យម្ចាស់ផ្សាររកទីតាំងថ្មី ដែលសមស្របដោយទុកពេលឱ្យ ០១ខែ ចាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹង»។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះថា លោក ឃ្លាំង ហួត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សុំច្បាប់សាងសង់បើកភោជនីយដ្ឋាន និងលាងរថយន្ដ ពេលសង់ហើយបើកហាងឡាក់គី ដែលមិនមានចំណតរថយន្តត្រឹមត្រូវ ដោយយកចិញ្ចើមរង្វង់មូល ធ្វើចំណតធ្វើឱ្យកកស្ទះ រង្វង់មូលព្រហ្មមុខបួន មានតួនាទីសំខាន់ សម្រាប់លំហូរយានយន្ត គ្រប់ប្រភេទចូលមក ខណ្ឌជ្រោយចង្វារ ដូច្នេះសុំការយោគយល់ដល់ម្ចាស់ហាងឡាក់គីផង អរគុណដល់ក្រុមហ៊ុនឡាក់គី ដែលផ្ដល់ទំនុកចិត្តមករកទទួលទាននៅជ្រោយចង្វារ ដោយបញ្ហាការកកស្ទះ សូមមេត្តា យោគយល់រកទីតាំងសមស្រប មិនប៉ះពាល់ការធ្វើដំណើររបស់ប្រជាជន ខ្ញុំត្រៀមខ្លួនសហការ និងជួយសម្រួលជានិច្ច។ អរគុណដល់ការរិះគន់ តែសុំមើលច្បាប់ និងហេតុផលផង!»។
ជាមួយគ្នានេះលោកក៏សូមសាធារណជនទាំងអស់កុំឱ្យមានការយល់ច្រឡំ ចំពោះការឱ្យម្ចាស់ផ្សារខាងលើរើទីតាំង ដោយសារតែទីតាំងខាងលើគ្មានស្តងដារ សម្រាប់ការសាងសង់ជាផ្សារទំនើបនោះឡើយ៕