(ភ្នំពេញ)៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) បានបន្ថែមកម្មវិធីសិក្សា របស់ខ្លួន សម្រាប់ការសិក្សារយៈពេល៣ថ្ងៃ និងចុងសប្ដាហ៍ ដើម្បីបង្កភាពងាយស្រួល និងបំពេញតម្រូវការ ដល់សាធារណជនឱ្យបានទូលំទូលាយសម្រាប់ការសិក្សានៅគ្រឹះស្ថានបណ្ដុះបណ្ដាលភាសាបរទេសរបស់ខ្លួន។
កម្មវិធីសិក្សាភាសាអង់គ្លេសនេះ ចាប់ផ្ដើមចុះឈ្មោះពីថ្ងៃនេះតទៅ នៅគ្រប់សាខាទាំង ៦របស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ នៅក្នុងរាជធានីភ្នំពេញ។ កម្មវិធីសិក្សារបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ សម្រាប់ថ្នាក់៣ថ្ងៃ ត្រូវបានបែងចែកជា២វេនផ្សេងៗគ្នា។
ក្នុងនោះ វេនទី១ សិក្សានៅថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ដែលជម្រើសទី១ ចាប់ពីម៉ោង ៦៖០០ព្រឹក រហូតដល់ ម៉ោង៧៖៤០នាទីព្រឹក ជម្រើសទី២ ចាប់ពីម៉ោង១១៖២០នាទី ព្រឹក រហូតដល់ ម៉ោង ១៖០០រសៀល និងជម្រើសចុងក្រោយចាប់ពីម៉ោង ៦៖០០ល្ងាច រហូតដល់ ម៉ោង ៧៖៤០នាទីយប់ ដែលការសិក្សាមានរយៈពេល ១០សប្ដាហ៍។ សម្រាប់វេនទី២ សិក្សានៅថ្ងៃអង្គារ ថ្ងៃព្រហស្សតិ៍ និងថ្ងៃសៅរ៍ ដែលមានជម្រើសម៉ោងសិក្សា និងរយៈពេលសិក្សាដូចវេនទី១ដែរ។
ចំពោះកម្មវិធីសិក្សាចុងសប្ដាហ៍ ត្រូវសិក្សានៅថ្ងៃសៅរ៍ ចាប់ពីម៉ោង២៖០០រសៀល ដល់ម៉ោង៥៖០០ល្ងាច និងសិក្សានៅថ្ងៃអាទិត្យ ចាប់ពីម៉ោង៨៖០០ព្រឹក រហូតដល់ម៉ោង១១៖០០ព្រឹក ដែលសិក្សាមានរយៈពេល ១០សប្ដាហ៍។
បើតាមលោក វ៉ា វណ្ណៈ មន្ត្រីជាន់ខ្ពស់ផ្នែកទីផ្សារ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានឱ្យដឹងថា ការបង្កើតកម្មវិធីសិក្សានេះឡើង ក្នុងគោលបំណងផ្ដល់ឱកាសដល់មន្ត្រីរាជការ បណ្ដាបុគ្គលិកក្រុមហ៊ុន អ្នកអាជីវករសិស្ស និស្សិត និងសាធារណជនទូទៅ ដែលមមាញឹកនឹងការងារ អាច សិក្សាភាសាអង់គ្លេស តាមវេនកម្មវិធីសិក្សានីមួយៗ ។
សូមជម្រាបថា កម្មវិធីសិក្សា ថ្នាក់៣ថ្ងៃ និងថ្នាក់ចុងសប្ដាហ៍នេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានផ្ដល់អាហារូបករណ៍រហូត ដល់៥០% សម្រាប់សិស្ស និស្សិត និងសាធារណជនទូទៅដែលចុះឈ្មោះសិក្សាពីថ្ងៃនេះតទៅ៕