(តាកែវ)៖ អភិបាលខេត្តតាកែវលោក អ៊ូច ភា បានស្ដីបន្ទោសប្រធានមន្ទីរអង្គភាពមួយចំនួន ដែលមិនបានដាក់ផែនការនៅក្នុងសេចក្ដីព្រាងផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្ត។
ការមិនបានដាក់ចេញផែនការច្បាស់លាស់របស់មន្ទីរអង្គភាពមួយចំនួនបែបនេះ ដែលនាំឲ្យមានការរិះគន់ពីសមាជិកក្រុមប្រឹក្សាខេត្ត នៅក្នុងកិច្ចប្រជុំក្រុមប្រិក្សាខេត្តតាកែវ នៅព្រឹកថ្ងៃព្រហស្បត្ត៍ ទី៥ ខែមីនា ឆ្នាំ២០២០នេះ។
ឆ្លើយតបនិងការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលខេត្តតាកែវ បានស្ដីបន្ទោសដល់ប្រធានមន្ទីរមួយចំនួនដូចជា ប្រធានមន្ទីររ៉ែ និងថាមពល, មន្ទីរឧស្សាហកម្ម មន្ទីរទេសចរណ៍ ដែលមិនបានធ្វើផែនការសម្រាប់មន្ទីររបស់ខ្លួន និងដែលនាំឲ្យមានភាពមិនច្បាស់លាស់ក្នុងការពង្រីកបណ្ដាញអគ្គីសនី ការពង្រីកបណ្ដាញទឹកស្អាត និងការអភិវឌ្ឍន៍រម្យណីយ៍ដ្ឋានទេសចរណ៍ នៅក្នុងខេត្តតាកែវ។
លោក អ៊ូច ភា ថ្លែងថា «បើក្នុងនាមប្រធានមន្ទីរមួយមិនដឹងថា ខ្លួនឯងត្រូវធ្វើអ្វី ៥ឆ្នាំខាងមុខផង អស់លោកគួតែលាលែងពីតំណែងពីប្រធានមន្ទីរទៅ»។
លោកអភិបាលខេត្ត បានថ្លែងបន្តថា មន្ទីរពាក់ព័ន្ធត្រូវតែពិនិត្យមើលឡើងវិញពីផែនការរបស់ខ្លួន ព្រោះគ្រប់មន្ទីរទាំងអស់ ត្រូវតែផែនការច្បាស់លាស់លើវិស័យ ដែលខ្លួនគ្រប់គ្រងដឹកនាំសម្រាប់រយៈពេល ៥ឆ្នាំទៅមុខ៕