(កណ្ដាល)៖ ជាកាយវិកាមនុស្សធម៌ល្អបរិសុទ្ធ ដែលថ្នាក់លើតែងតែយកចិត្តទុកដឹងសុខទុក្ខរបស់នគរបាលថ្នាក់ក្រោម នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី សេង គឹមឃន ស្នងការរងទទួលផែនធនធានមនុស្ស និងលោកឧត្ដមសេនីយ៍ត្រី វ៉ែន សាវិន ស្នងការរងទទួលផែនចរាចរណ៍ តំណាងលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល ដឹកនាំប្រតិភូជាច្រើនរូប ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាក្ខន្ធសពលោកអនុសេនីយ៍ត្រី សុខ ណារិន មន្រ្ដីនគរបាលការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល។

មន្រ្តីនគរបាលរូបនេះ បានទទួលមរណភាព ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងម៉ូតូ កាលពីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២១៖៥០នាទី ត្រង់ចំណុចខាងជើងផ្ទះសំណាក់រស្មីអង្គរ តាមបណ្ដោយផ្លូវលេខ២០១ ស្ថិតនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ដកណ្ដាល។

ពេលគោរពវិញ្ញាណក្ខន្ធនេះ លោកឧត្ដមសេនីយ៍ស្នងការរងទាំង ២រូប ក៏ដូចជា ប្រតិភូបានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងបំផុត ចំពោះការបាត់បង់ជីវិតរបស់លោកអនុសេនីយ៍ត្រី សុខ ណារិន ហើយក៏ដូចជាការបាត់បង់កម្លាំងនគរបាល១រូប ដែលកន្លងមកបានចូលរួមបម្រើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។

ជាមួយគ្នានោះដែរ លោកឧត្ដមសេនីយ៍ត្រី វ៉ែន សាវិន បានប្រគល់ថវិការបស់លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ចំនួន ៣,៧០០,០០០រៀល ដល់គ្រួសារ នៃលោកអនុសេនីយ៍ត្រី សុខ ណារិន ដើម្បីជួយសម្រួលចាត់ចែងក្នុងការធ្វើបុណ្យខ្លះផងដែរ។

បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធ និងប្រគល់ថវិការួច លោកឧត្ដមសេនីយ៍ត្រី វ៉ែន សាវិន បានជំរុញឲ្យការិយាល័យជំនាញរៀបចំឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីពន្លឿនក្នុងការបើកប្រាក់សមាគមមិត្ដ នគរបាលចំនួន ៦,០០០,០០០រៀល ជូនគ្រួសារ នៃសពផងដែរ។

ជាចុងបញ្ចប់ ក្រុមគ្រួសារនៃសព បានសម្ដែងគារវកិច្ច និងថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ លោកស្នងការរង ក៏ដូចប្រតិភូទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ និងសមាណចិត្តជ្រះថ្លាចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសាររបស់ពួកគាត់ផងដែរ៕