(ភ្នំពេញ)៖ អនុវត្ដតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ បានណែនាំដល់មន្ដ្រីក្រោមឱវាទាំងអស់ ត្រូវចូលរួមកាត់បន្ថយការចំណាយថវិការដ្ឋ លើការទិញសម្ភារផ្គត់ផ្គង់ការងាររដ្ឋបាល។

លើសពីនោះទៀត លោករដ្ឋមន្ដ្រី វេង សាខុន បានបន្ថែមថា ក្នុងនាមជាថ្នាក់ដឹកនាំ និងមន្រ្តី គួរចូលរួមកាត់បន្ថយការធ្វើដំណើរទាំងផ្លូវការ មិនចាំបាច់នៅក្រៅប្រទេស ហើយជាមួយគ្នានេះ គួរបង្កើនការរៀបចំកិច្ចប្រជុំ និងការធ្វើដំណើរកំសាន្តក្នុងប្រទេសវិញ។

លោករដ្ឋមន្ដ្រី វេង សាខុន បានឲ្យដឹងទៀតថា ជាពិសេសចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ ហើយជាពិសេសផលិតផលបន្លែ ផ្លែឈើ ត្រី សាច់ ដើម្បីជួយលើកតម្កើង ផលិតផលជាតិ និងជួយថែរក្សាសុខភាពមីក្រូសេដ្ឋកិច្ច។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក វេង សាខុន អមដោយលោកស្រី ម៉ក់ ស៊ីថា អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវា អន្តរជាតិនារី ០៨មីនា ខួបលើកទី១០៩ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» នៅទីស្ដីការក្រសួងកសិកម្ម នាព្រឹកថ្ងៃទី០៥ ខែមីនានេះ។

លោករដ្ឋមន្ត្រី វេង សាខុន ក៏បានក្រើនរំលឹកជូនអង្គពិធី ឲ្យចងចាំអនុសាសន៍របស់សម្តេចតេជោ ដែលបានលើកឡើង ដល់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីនាពេលថ្មីៗនេះ។

ក្រៅពីអនុសាសន៍ឆ្នាំចាស់ ឆ្នាំនេះ ដោយសារស្ថានភាពសេដ្ឋកិច្ច របស់ប្រទេស កំពុងតែប្រឈម លោករដ្ឋមន្ត្រី វេង សាខុន បានផ្ដល់នូវគំនិតមួយចំនួន ជូនស្រ្តីគ្រប់លំដាប់ថ្នាក់ ព្រមទាំងអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ សម្រាប់ជាមូលដ្ឋានយកទៅគិតគូ និងអនុវត្តដូចតទៅ៖

ទី១៖ ត្រូវបន្តផ្សព្វផ្សាយអនុសញ្ញាស្តីពី ការលុបបំបាត់ការរើសអើងប្រឆាំង នឹងនារីភេទ និងឯកសារពាក់ព័ន្ធ តាមព្រះរាជានុសាសន៍ របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ទី២៖ ត្រូវខិតខំព្យាយាមរៀនសូត្រ ចំណេះជំនាញបន្ថែម ដើម្បីបង្កើនសមត្ថភាពក្នុងការដឹកនាំ អនុវត្តបច្ចេកទេស រួមទាំងប្រសិទ្ធភាពការងារ។ គ្រប់អង្គភាពរួម ទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការបង្កើនចំនួនមន្ត្រីរាជការជាស្ត្រីបន្ថែមទៀត និងការតែងតាំងមុខតំណែង សមស្របតាមសមត្ថភាព បទពិសោធន៍ការងារ និងក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។

ទី៣៖ ស្រ្តីត្រូវខិតខំ បង្ហាត់បង្រៀន អប់រំ ទូន្មានព្រានប្រដៅកូនចៅ ឲ្យក្លាយជាកូនល្អ មិត្តល្អ និងពលរដ្ឋល្អ ដើម្បីអនាគតគ្រួសារ និងសង្គមជាតិ ហើយក៏គួរតែហាត់ ពត់លត់ដំរៀនសូត្រ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ចរិយា និងមារយាទថ្លៃថ្នូរសមជាម្តាយ ភរិយា និងពលរដ្ឋដ៏ល្អ ក្នុងសង្គមជាតិ ព្រមទាំងជួយលើកតម្កើនប្រពៃណី វប្បធម៌ សិល្ប: អរិយ្យធម៌ និងអក្សរសាស្រ្តជាតិយើង ឲ្យបានថ្កុំថ្កើនរុងរឿងតរៀងទៅ។

ទី៤៖ ស្តិតក្នុងស្ថានភាពដែលពិភពលោក ក៏ដូចជាប្រទេសយើងកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ច ដោយសារការរីករាលដាល នៃជំងឺឆ្លងផ្លូវដង្ហើម លោករដ្ឋមន្ត្រី បានសំណូមពរថ្នាក់ដឹកនាំ រួមជាមួយមន្រ្តីក្រោមឱវាទក្រសួង ត្រូវចូលរួមអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ក្នុងការកាត់បន្ថយការចំណាយថវិការដ្ឋ លើការទិញសម្ភារផ្គត់ផ្គង់ការងាររដ្ឋបាល ហើយជាពិសេស ក្នុងនាមយើងជាថ្នាក់ដឹកនាំ និងមន្រ្តី គួរចូលរួមកាត់បន្ថយការធ្វើ ដំណើរទាំងផ្លូវការ មិនចាំបាច់នៅក្រៅប្រទេស ហើយជាមួយគ្នានេះយើងគួរបង្កើនការរៀបចំកិច្ចប្រជុំ និងការធ្វើដំណើរកំសាន្តក្នុងប្រទេសវិញ និងជាពិសេសចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ ជាពិសេសផលិតផលបន្លែ ផ្លែឈើ ត្រី សាច់។ ដើម្បីជួយលើកតម្កើងផលិតផលជាតិយើង និងជួយថែរក្សាសុខភាពមីក្រូសេដ្ឋកិច្ច។

ទី៥៖ ស្ថិតក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ស្រ្តីគ្រប់រូបត្រូវតែបង្កើនស្មារតី យកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួន ក៏ដូចជាសុខភាពក្នុងក្រុមគ្រួសារ ដោយត្រូវអនុវត្ត អនាម័យជាប់ជាប្រចាំហូបអាហារមានគុណភាព សុវត្ថិភាព ផឹកទឹកល្អ និងរស់នៅប្រកបដោយផាសុខភាព ជាពិសេសកុមារ និងមនុស្សចាស់៕