(ភ្នំពេញ)៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) នឹងនាំយកខ្សែភាពយន្ត១៥៧រឿង មកពីបណ្តាប្រទេសចំនួន៤៤ទូទាំងពិភពលោក ចាក់បញ្ចាំងតាមរោងភាពយន្តនានា ក្នុងរាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋទស្សនាដោយឥតគិតថ្លៃ ក្នុងឱកាសប្រារព្ធខួប១០ឆ្នាំ នៃព្រឹត្តការណ៍វប្បធម៌អន្តរជាតិធំជាងគេបង្អស់នៅកម្ពុជា។

ខ្សែភាពយន្តទាំង១៥៧ នឹងត្រូវចាក់បញ្ចាំងរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ ហើយរោងភាពយន្តធំៗ ដែលនឹងត្រូវចាក់បញ្ចាំងខ្សែភាពយន្តទាំងនោះរួមមាន៖ Legend, Major Cineplex, មជ្ឈមណ្ឌលបុប្ផាណា, សាលមហោស្រពចតុម្មុខ, សណ្ឋាគារ Rosewood និង The CIFF Village នៅផ្សារទំនើប Excangs Square។

ក្នុងសន្និសីទព័ត៌មាន នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ ប្រធាន CIFF បានឲ្យដឹងថា ការបញ្ចាំងខ្សែភាពយន្តទាំង១៥៧ រយៈពេល១០ថ្ងៃនោះ នឹងត្រូវដំណើរការចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង១០យប់។ កាលវិភាគបញ្ចាំងវិញ នឹងត្រូវផ្សព្វផ្សាយតាមរយៈគេហទំព័រ និង Facebook របស់ CIFF ដែលមានអាសយដ្ឋាន https://cambodia-iff.com/ និង https://www.facebook.com/cambodiaiff/

គួរបញ្ជាក់ថា សម្រាប់សំបុត្រចូលទស្សនា អាចរកបានមុនការបញ្ចាំងនីមួយៗ១ម៉ោង នៅតាមបញ្ជារសំបុត្ររបស់មហោស្រព ដែលស្ថិតនៅខាងមុខទីតាំងបញ្ចាំងផ្ទាល់។ សំបុត្រឥតគិតថ្លៃ សម្រាប់អ្នកមកមុន នឹងទទួលបានមុន ហើយមានចំនួនកំណត់ ប៉ុន្តែសម្រាប់អ្នកមកយឺត ឬមិនចង់តម្រង់ជួរ អាចទិញសំបុត្រក្នុងតម្លៃ ៥០០០រៀល។

ប្រធាន CIFF បានបន្ថែមថា ខ្សែភាពរបស់កម្ពុជាល្បីៗ ដែលនឹងត្រូវដាក់បញ្ចាំងមានចំនួន ២៦ចំណងជើង។ ចំណែកខ្សែភាពយន្តអន្តរជាតិល្បីៗវិញ មានដូចជា Parasite (បរាសិត) របស់កូរ៉េខាងត្បូង, The Cave (រូងភ្នំអាថ៌កំបាំង) របស់ថៃ, Once Upon A Time In Hollywood (កាលពីព្រេងនាយនៅហូលីវូឌ) របស់អាមេរិក ព្រមទាំងខ្សែភាពយន្តល្អៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត។

ជាមួយគ្នានេះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា យោងតាមការស្រាវជ្រាវ គេសង្កេតឃើញជនជាតិខ្មែរយើង គាំទ្រភាពយន្តរបស់ខ្លួន មានតែ ១០ភាគរយប៉ុណ្ណោះ។ ប៉ុន្តែខ្សែភាពយន្តកម្ពុជា មានភាពរីកចម្រើនជាលំដាប់ ហើយលោកសង្ឃឹមថា ព្រឹតិ្តការណ៍វប្បធម៌អន្តរជាតិនេះ នឹងបណ្តុះគំនិតដល់ប្រជាពលរដ្ឋខ្មែរ ឲ្យកាន់តែស្រឡាញ់ខ្សែភាពយន្តរបស់ខ្លួន កាន់តែច្រើនឡើងៗផងដែរ៕