(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសចូលកាន់តំណែង អគ្គស្នងការរង, ប្រធាននាយកដ្ឋាន និងបំពាក់ឋានន្ដរស័ក្ដិ ជូននាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
បន្ទាប់ពីអានព្រះរាជក្រឹត្យ និងអនុក្រឹត្យតែងតាំង និងតម្លើងឋានន្តរស័ក្តិរួចមក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានថ្លែងបញ្ជាក់អំពីមូលហេតុ ដែលនាំឲ្យមានពិធីនេះកើតឡើង និងបានផ្តល់មតិណែនាំមួយចំនួន ដល់មន្ត្រីនៅក្រោមឱវាទ ដោយបានក្រើនរំលឹកដល់កងកម្លាំងនគរបាល ថ្នាក់ដឹកនាំអង្គភាព ដែលបានចូលរួម ត្រូវយកចិត្តទុកដាក់ការងារចំពោះមុខចំនួន៖
*ទី១៖ ត្រូវជំរុញការអនុវត្ត ទិសដៅក្រសួងមហាផ្ទៃ និងយុទ្ធនាការរបស់រាជរដ្ឋាភិបាល
*ទី២៖ ជំរុញការកសាងផែនការសកម្មភាព ដើម្បីចាត់តាំងអនុវត្តឲ្យបាននាចុងខែមីនានេះ
*ទី៣៖ ត្រូវពង្រឹងវិធានការណ៍សន្តិសុខ
*ទី៤៖ ត្រូវខិតខំកាត់បន្ថយបទល្មើសគ្រប់ប្រភេទ
*ទី៥៖ រឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសចំពោះកត្តាចរាចរណ៍ផ្លូវគោក
*ទី៦៖ លើកកម្ពស់សមត្ថភាពក្នុងអង្គភាព, ពង្រឹងការហ្វឹកហាត់ និងត្រូវមានវិជ្ជាជីវៈ
*ទី៧៖ គ្រប់អង្គភាពត្រូវមានយន្តការប្រចាំបញ្ជា ដើម្បីត្រៀមចាំសង្គ្រោះពលរដ្ឋ
*ទី៨៖ លើកកម្ពស់ប្រសិទ្ធភាពកងកម្លាំង។
គួរបញ្ជាក់ថា ក្នុងចំណោមមន្ត្រីជាន់ខ្ពស់នគរបាលជាតិទាំង១២រូប ដែលទទួលឋានន្តរសក្តិ និងការតែងតាំងនៅព្រឹកមិញនេះ រួមមានមន្ត្រីនគរបាលថ្នាក់ អគ្គស្នងការរងនគរបាលជាតិ ចំនួន៣នាក់, ប្រធាននាយកដ្ឋាន ចំនួន៤នាក់ និងបំពាក់ឋានន្តរសក្តិ ថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន៥នាក់ផងដែរ៕