(តួកគី)៖ ប្រធានរដ្ឋសភាសាធារណរដ្ឋតួកគី លោក Mustafa ŞENTOP បានកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានទទួលឲ្យនាវា Westerdam ផ្ទុកមនុស្សជាង២,២០០នាក់ ចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះពីជំងឺឆ្លង Covid-19 ខណៈប្រទេស និងកោះចំនួន៦ បានបដិសេធមិនឲ្យចូលចត។
ប្រធានរដ្ឋសភា ក៏បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា លើការដឹកនាំប្រកបដោយភាពឈ្លាសវៃ ក្នុងការពន្លត់សង្រ្គាម រក្សាសុខសន្តិភាព និងសុខដមនីយកម្ម គ្រប់សាសនា និងមានការកោតសរសើរពី អង្គការសហប្រតិបត្តិការឥស្លាម OIC ថា កម្ពុជាជាប្រទេសគំរូមួយ នៅលើពិភពលោក លើនយោបាយសុខដមនីយកម្មជនជាតិ និងសាសនា។
ប្រធានរដ្ឋសភាតួកគី បានលើកឡើងបែបនេះ ក្នុងឱកាសលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគី។
ក្នុងឱកាសនោះ ប្រធានរដ្ឋសភាតួកគី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ និងបានថ្លែងអំណរគុណ ដែលអញ្ជើញធ្វើទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋតួកគី ដែលលោក Mustafa ŞENTOP បានដាក់ក្តីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា-តួកគី នឹងពង្រឹងទំនាក់ទំនងបន្ថែមទៀត លើវិស័យមួយចំនួនដូចជា វិស័យទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌។
ដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងប្រមុខដឹកនាំប្រទេសតួកគី បានឯកភាពគ្នា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នៅសាធារណរដ្ឋតួកគីកន្លងមក លើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការរវាងប្រទេសយើងទាំងពីរ ឲ្យកាន់តែរឹងមាំបន្ថែមទៀត។
ជាមួយគ្នានោះ លោកប្រធានរដ្ឋសភា មានបំណងអញ្ជើញសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីធ្វើទស្សនកិច្ចនៅ សាធារណរដ្ឋតួកគីផងដែរ៕