(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប ចាប់ពីឆ្នាំ២០២០នេះទៅ អាជ្ញាធរខេត្តពង្រឹងនូវយន្តការច្បាប់ ក្នុងការត្រួតពិនិត្យគុណភាពសំណង់ណា លបានដំណើរការសាងសង់មុនមានច្បាប់អនុញ្ញាត និងឈានទៅដល់ការរុះរើចោល។ នេះបើតាមការបញ្ជាក់របស់ លោក ទៀ សីហា អភិបាលខេត្តសៀមរាប។
នៅក្នុងវិធានការទាំង ៧ចំណុច សម្រាប់ការអភិវឌ្ឍខេត្តសៀមរាប ដែលសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយខេត្តសៀមរាប គូសបញ្ចាក់ថា ការងារគ្រប់គ្រងសំណង់ គឺជាផ្នែកមួយយ៉ាងសំខាន់ និងចាំបាច់បំផុត ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យឱ្យបានហ្មត់ចត់នេះ ជាប្រសាសន៍សម្ដេច នៅក្នុងពិធីបិទបញ្ចប់សន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើទិសដៅឆ្នាំ២០២០ របស់រដ្ឋបាលខេត្តសៀមរាប នាពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២០។
នៅត្រង់ចំណុចនេះ សម្ដេចពិជ័យសេនា បានលើកឡើងថា ការអភិវឌ្ឍទីក្រុង ដូចជាបញ្ហាសំណង់ ដូចជាបញ្ហាសំរាម បញ្ហាបរិស្ថាន និងសណ្តាប់ធ្នាប់ទីក្រុង កិច្ចសហការជាមួយដៃគូអភិវឌ្ឍ ជាដើម គឺជាបញ្ហាអាទិភាព ដែលរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ដោះស្រាយបញ្ហាប្រឈម តាមរយៈការលើកកម្ពស់វិធានការគ្រប់គ្រង និងសិក្សាឡើងវិញ ពីលក្ខណៈបច្ចេកទេស នៃទីលានចាក់សំរាម ដើម្បីថែរក្សាការពារបរិស្ថាន។
សម្តេចបន្ថែមថា សំណង់ដែលសាងសង់លើដីចំណីផ្លូវ វានឹងធ្វើឱ្យមានផលប៉ះពាល់ដល់ការអភិវឌ្ឍ។ សំណង់ដែលគ្មានគុណភាព វាបង្កឱ្យមានផលផលប៉ះពាល់ ដល់សុវត្ថិភាពប្រជាពលរដ្ឋ។ ករណីបាត់រលំសំណង់អគារនៅខេត្តព្រះសីហនុ ការបាក់រលំអគារសំណង់សាលាឆាន់ នៅខេត្តសៀមរាប និងករណីបាក់រលំសំណង់អគារនៅខេត្តកែប ត្រូវបានបង្កើតឡើងនូវសោកនាដកម្ម ប្រជាពលរដ្ឋដ៏ធ្ងន់ធ្ងរ។ យ៉ាងណាក៏ដោយអាជ្ញាធរខេត្តសៀមរាប ត្រូវពង្រឹងសេវាផ្តល់លិខិតអនុញ្ញាតសាងសង់ ដែលប្រជាពលរដ្ឋបានស្នើសុំឱ្យបានលឿនបំផុត ឱ្យអស់លទ្ធភាពដែល អាចធ្វើទៅបាន។
លោក ទៀ សីហា ក៏បានថ្លែងនៅក្នុងអង្គសន្និបាតនោះ ផងដែរថា អាជ្ញាធរខេត្តសៀមរាបនឹងចាប់ផ្តើមអនុវត្តយន្តការរឹតបន្តឹង លើការងារគ្រប់គ្រង សំណង់ ឱ្យបានល្អប្រសើរជាងមុន។ សំណង់ណា ដែលបានសាងសង់នៅក្នុងឆ្នាំ២០១៨-២០១៩ អាជ្ញាធរខេត្តនឹងចាត់ឱ្យមន្រ្តីជំនាញ ចុះពិនិត្យគុណភាព និងបច្ចេកទេស បើសិនជារកឃើញថា សំណង់នោះមានលក្ខណៈត្រឹមត្រូវ ទើបអាជ្ញាធរខេត្តចេញលិខិតអនុញ្ញាត ឱ្យដំណើការសាងសង់បន្ត។
ចាប់ពីឆ្នាំ២០២០នេះទៅ គឺត្រូវអនុវត្តវិធានការម៉ឺងម៉ាត់បំផុត សំណង់ណាដែលសាងសង់មុនមានច្បាប់អនុញ្ញាតិ និងត្រូវរុះរើចោលទាំងអស់ បើទោះជាសំណង់នោះសាងសង់បាន ៣០% ឬ ៥០% ក៏ដោយ។ មូលហេតុដែលអាជ្ញាធរធ្វើបែបនេះ គឺដើម្បីពង្រឹងការអនុវត្តច្បាប់សាងសង់ និងពង្រឹងគុណភាពសំណង់ ធានាសុវត្ថិភាពជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ៕